ជាតិ
សង្គមជាតិ
តើ​ជា​ទង្វើ​ខុសឆ្គង ដែល​យក​មឈូស​ធ្វើជា​ទាន​?
05, Jan 2018 , 10:09 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកឈ្មោះ សារព័ត៌មាន ស្លាបប៉ាកាអព្យាក្រឹត
រូបភាពពីទំព័រហ្វេសប៊ុកឈ្មោះ សារព័ត៌មាន ស្លាបប៉ាកាអព្យាក្រឹត
​សារ​ដែល​បង្ហាញ​ពី​ការខ្វែងគំនិត​គ្នា កំពុងតែ​អណ្តែត​យ៉ាង​ព្រោងព្រាត លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​ក្រុមហ៊ុន​មួយ រៀបចំ​កម្មវិធី​សប្បុរសធម៌ ដោយ​យក​មឈូស​ធ្វើជា​ទាន ទៅជូន​ដល់​ចាស់ៗ​។ សកម្មភាព​សប្បុរសធម៌​នេះ បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ទប់ចិត្ត​មិនបាន ហើយក៏​ចែករំលែក​រូបភាព​ទាំងនោះ​តៗ​គ្នា ដោយ​អម​ជាមួយនឹង​ការសរសេរ​សារ ដែល​កើតចេញពី​ការយល់ឃើញ​រៀងៗ​ខ្លួន​។


 
​អ្នកខ្លះ បាន​សម្តែង​ការហួសចិត្ត​ជា​ពន់ពេក ដោយ​ចាត់ទុក ការយក​មឈូស ដែល​តំណាង​ឲ្យ​សេចក្តីស្លាប់ ទៅ​ចែក​ឲ្យ​មនុស្ស​កំពុង​មានជីវិត ថា​ជាការ​ប្រមាថ​អាយុជីវិត​អ្នកដទៃ​។ សម្រាប់​អ្នក​ដែល​ទាស់ភ្នែក​ទាំងនោះ ការធ្វើ​ទាន​របៀបនេះ គឺជា​រឿង​មិន​គប្បី​។

​ប៉ុន្តែ​ក៏មាន​អ្នកខ្លះ គាំទ្រ​ដែរ ដោយមាន​សុទិដ្ឋិនិយម​ថា ជា​អំពើ​ល្អ ដែល​កើតចេញពី​ចិត្ត និង​សទ្ធា​ជ្រះថ្លា​។ អ្នក​ទាំងនោះ ដែល​អះអាងថា​បានដឹង​ព័ត៌មាន​ពិតប្រាកដ​អំពី​រឿងនេះ បាន​លើកឡើងថា ដើមឡើយ ចាស់ៗខាងលើ ដែលមាន​ជីវភាព​ក្រខ្សត់​ ជា​អ្នកស្នើសុំ​ជាមុន ហើយ​បន្ទាប់មក​ទើប​ក្រុមហ៊ុន ធ្វើតាម​សំណើ​របស់​ពួគគាត់​។ ពួកគេ បាន​បន្ទោស​អ្នក​រិះគន់ថា ចេះតែ​រិះគន់ ដោយ​ពុំបាន​ពិចារណា និង​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។

​ចំពោះ​អ្នក តើ​ការធ្វើ​ទាន​ក្នុង​រូបភាព​បែបនេះ ជាការ​ខុសឆ្គង​ឬ​ត្រឹមត្រូវ​?

​បច្ចុប្បន្ន សង្គម​កម្ពុជា នៅមាន​ទម្លាប់​មួយ គឺ​ការកសាង​ចេតិយ​ទុក​ជូន​ឪពុកម្តាយ ឬ​ជីដូន​ជីតា ជាមុន ខណៈ​ឪពុកម្តាយ ឬ​ជីដូន​ជីតា នៅមាន​ជីវិត​នៅឡើយ​។ ហើយ​ពេលខ្លះ បើ​មាន​ប្រាក់ ពួកគាត់ ក៏​កសាង​ចេតិយ​ទុក​ដោយ​ខ្លួនឯង​តែម្តង ដោយ​មិន​ពឹងពាក់​កូនចៅ​នោះទេ​។ លើសពីនេះ មាន​អ្នកខ្លះ កសាង​ចេតិយ​ប្រគេន​ព្រះសង្ឃ ខណៈ​ព្រះសង្ឃ​អង្គ​នោះ មិនទាន់​ទទួល​អនិច្ចធម្ម​ផង​។

​សួរថា ការកសាង​ចេតិយ​ដែល​តំណាង​ឲ្យ​សេចក្តីស្លាប់​ដូច​មឈូស​ដែរនោះ ដើម្បី​ទុក​ជូន​ឪពុកម្តាយ ឬ​ជីដូន​ជីតា ឬ​ទុក​ប្រគេន​ព្រះសង្ឃ ជាការ​ខុសឆ្គង​ដែរឬទេ​? អ្នក ទំនងជា​កំពុងតែ​សម្រេចចិត្ត​ដោយ​ខ្លួន​ថា មិនមែនជា​ការខុស​នោះទេ​។ ហេតុអ្វី​បានជា​អ្នក​គិតថា​មិន​ខុស​? ពីព្រោះថា​នេះ​ជាការ​ពេញចិត្ត​និង​ការចង់បាន​របស់​ពួកគាត់ ហើយ​ទំនងជា​ពួកគាត់ យល់ថា ជីវិត​គង់តែ​បែកធ្លាយ គង់តែ​ស្លាប់​ដដែល ដូច្នេះ គួរតែរៀបចំ​អ្វីៗ​ទុក​ឲ្យ​ហើយ ទើប​ជាការ​ប្រសើរ​។

​បើ​យល់ថា ការកសាង​ចេតិយ ទុក​ប្រគេន​ឬ​ជូន​ពួកគាត់ មិនមែនជា​ទង្វើ​ខុសឆ្គង អ៊ីចឹង​ការយក​មឈូស ធ្វើជា​ទាន ក៏​អាច​ចាត់ទុកថា មិនមែនជា​ទង្វើ​ខុសឆ្គង​ដែរ​។ គ្រាន់តែ​ថា ការកសាង​ចេតិយ​ទុកជាមុន មើលទៅ​ហាក់​សមរម្យ ឯ​ការធ្វើ​មឈូស​ទុក​វិញ មើលទៅ​ដូចជា អាក្រក់​មើល​ពេក ដែលជា​ហេតុ​ធ្វើ​ឲ្យ​សាធារណជន​មួយចំនួន ក្នក់ចិត្ត ហើយ​មាន​អារម្មណ៍​ថា មិន​ទំនង​ទាល់តែសោះ​។ ប៉ុន្តែ វា មិនមែនជា​អំពើ​ខុសឆ្គង​ឡើយ ប្រសិនបើ​ចាស់ៗ​ខាងលើ ពិតជា​ស្នើសុំ​ជាមុន​មែន ហើយ​អ្នក​ដែល​ធ្វើ ពិត​ជាមាន​សទ្ធា​ជ្រះថ្លា​ដែរនោះ​។

​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកមាន​សទ្ធា និង​មាន​សេចក្តី​អាណិត ចំពោះ​ពួកគាត់​ពិតមែន អ្នក​គួរតែ​រក​វិធី​ផ្សេង​ក្នុងការ​ធ្វើ​ទាន ដូចជា​ជូន​ប្រាក់ ម្ហូបអាហារ សម្លៀកបំពាក់ និង​ថ្នាំ​ព្យាបាល​រោគ ជាដើម ជាជាង​ការជ្រើសរើស​យក​វិធី​ខាងលើ ដែល​បណ្តាល​ឲ្យ​សាធារណជន​មើលទៅ ហាក់​មិនសូវ​គាប់​ភ្នែក​។ ទោះជា​ពួកគាត់ ជា​អ្នកស្នើសុំ​ក៏ដោយចុះ ក៏​ពុំគួរ​ធ្វើតាម​សំណើរ​នេះដែរ ព្រោះថា នៅពេលដែល​យក​មឈូស​ជាច្រើន ទៅ​ចែកជា​សាធារណៈ​បែបនេះ ពិតជា​ធ្វើ​ឲ្យ​សាធារណជន​ទើសចិត្ត​ទាស់ភ្នែក ដោយ​ជៀស​មិន​ផុត​។ ម្យ៉ាងទៀត វា ជា​រឿង​គួរ​ភ្ញាក់ផ្អើល​និង​ចម្លែក​បំផុត ដែល​យើង​ធ្វើ​ទាន​ក្នុង​រូបភាព​បែបនេះ​។​

​ខ្ញុំ​សុំ​លើកយក​ទ្រឹស្តី​និង​និយមន័យ​ខ្លះៗ​អំពី «​ទាន​» ក្នុង​ព្រះពុទ្ធសាសនា មក​អត្ថាធិប្បាយ​បន្តិច​ទៅ​ចុះ ដើម្បី​ជា​ជំនួយ​ក្នុង​ពិចារណា ថា​ការយក​មឈូស ធ្វើជា​ទាន ពិតជា​ខុស​ឬ​ត្រូវ​។

​ទាន មានន័យថា ការ​ឲ្យ​នូវវត្ថុដែរគួរ ដល់បុគ្គលដែលគួរឲ្យ​។ ចុះ​ដូចម្តេច​ដែល​ហៅថា វត្ថុ​ដែល​គួរ​ឲ្យ​? ហើយ​ដូចម្តេច​ដែល​ហៅថា បុគ្គល​ដែល​គួរ​ឲ្យ​? វត្ថុ​ដែល​គួរ​ឲ្យ សំដៅ​ដល់ វត្ថុ​ទាំងឡាយ​ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​កើតមាន​ដល់​បុគ្គល​អ្នកទទួល ដូចជា អាហារ​បរិភោគ គ្រឿង​ឧ​បរិភោគ (​របស់​ប្រើប្រាស់​) ទីស្នាក់អាស្រ័យ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ជាដើម ។ បុគ្គល​ដែល​គួរ​ឲ្យ សំដៅ​ដល់ បុគ្គល​ដែល​សក្តិសម​នឹង​ទទួលបាន​នូវ​វត្ថុ​ដែល​ផ្តល់​ឲ្យ ដូចជា មាតាបិតា អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់ អ្នកបួស អ្នកមាន​សីល ចាស់ព្រឹទ្ធាចារ្យ ឬក៏​អ្នកក្រខ្សត់ ជន​ទុគ៌ត​ជាដើម​។

​ដូច្នេះ ដើម្បី​ធ្វើ​ទាន​ឲ្យ​ពេញលក្ខណៈ អ្នក​ត្រូវ​ពិចារណា ថា​តើ​បុគ្គល​ណា​ដែល​អ្នក​គួរផ្តល់​ឲ្យ ហើយ​ផ្តល់​ឲ្យ​នូវ​វត្ថុ​អ្វីដែល​អាច​ញ៉ាំង​ប្រយោជន៍​ដល់​បុគ្គល​នោះ​។ ការធ្វើ​ទាន​ត្រូវ​ប្រកបដោយ​បញ្ញា ទើបបាន​ផល​ទាំង​អ្នកទទួល​ទាំង​អ្នកផ្តល់​ឲ្យ ។ ប្រសិនបើ​អ្នកធ្វើ​ទាន​ដោយ​ខ្វះ​បញ្ញា មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ដល់​អ្នកទទួល​នោះទេ វា​ថែមទាំង​អាច​ផ្តល់​ទោស​ដល់​អ្នកផ្តល់​ឲ្យ​ទៀតផង ។

​ប្រសិនបើ​អ្នក​ផ្តល់នូវ​វត្ថុ​ដែល​គួរ​ឲ្យ ដល់​បុគ្គល​មិនគួរ​ឲ្យ ក៏​មិនមាន​ឈ្មោះថា​ពេញលក្ខណៈ​ជា​ទាន​ដែរ ហើយ​ប្រសិនបើ​អ្នកផ្តល់​នូវ​របស់​មិនគួរ​ឲ្យ ដល់​បុគ្គល​ដែល​គួរ​ឲ្យ ក៏​មិនមាន​ឈ្នោះ​ថា​ពេញលក្ខណៈ​ជា​ទាន​ដូចគ្នា​។

​ឧបមា​ថា អ្នកយក​ម្ហូបអាហារ​ទៅ​ប្រគេន​ព្រះសង្ឃ ហើយ​ម្ហូប​នោះ​អ្នក​ស្ល​ពីសា​ច់​សុនខ​។ ការពិត​ព្រះសង្ឃ​ជា​អ្នកមាន​សីល ជា​ស្រែបុណ្យ​របស់​យើង ដែល​យើង​គួរ​ធ្វើ​ទាន​ជាមួយ តែ​តាម​ព្រះ​វិន័យ​ដែល​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​ហាម​មិន​ឲ្យ​ព្រះសង្ឃ​ឆាន់​សាច់​សុនក​ទេ​។ ដូច្នេះ​ត្រង់នេះ​គឺ​អ្នកយក​របស់​មិនគួរ​ឲ្យ (​សម្ល​សាច់​សុនខ​) ទៅ​ឲ្យ​បុគ្គល​ដែល​គួរ​ឲ្យ (​ព្រះសង្ឃ​) អ៊ីចឹង​ទាន​ដែល​អ្នកធ្វើ​ក៏​មិន​ពេញលក្ខណៈ​ជា​ទាន​ដែរ ។​

​ផ្ទុយ​មកវិញ​ប្រសិនបើ​អ្នកយក​មាសប្រាក់ ឬ​ម្ហូបអាហារ​ទៅ​ផ្គត់ផ្គង់​ដល់​ជនពាល ចូលចិត្ត​ដើរ​ស៊ីផឹក លេងល្បែង សេព​គ្រឿងញៀន ពេលនោះ​វា​មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ដល់​អ្នក​នោះទេ វា​ថែមទាំង​អាច​ផ្តល់នូវ​ទោស​ដល់​អ្នក​វិញទៀត ។ ការពិត របស់​ទាំងអស់នេះ​គឺជា​វត្ថុ​ដែល​គួរ​ឲ្យ (​មាសប្រាក់ ឬ​ម្ហូបអាហារ​) គួរ​យកទៅ​ធ្វើ​ទាន តែ​ដោយសារតែ​បុគ្គល​នោះ​ជា​ជនពាល (​បុគ្គល​មិនគួរ​ឲ្យ​) គ្មាន​គុណធម៌ ប្រព្រឹត្ត​តែ​អបាយមុខ នាំទុក្ខ​ទោស​ដល់ គ្រួសារ និង​សង្គម ។ បុគ្គល​ប្រភេទ​នេះ​មិន​សក្តិសម​នឹងមាន​ឈ្នោះ​ថា បុគ្គល​ដែល​គួរ​ឲ្យ គួរ​ធ្វើ​ទាន​ជាមួយ​នោះទេ​។ ដូច្នេះ​ទាន​ដែល​អ្នកធ្វើ​ក៏​មិនមាន​ឈ្នោះ​ថា​ជា​ទាន​ពេញលក្ខណៈ​ដូចគ្នា​។

​បើ​បាន​យល់​ហើយ​នោះ អ្នក​អាច​នឹង​យក​ទ្រឹស្តី​អំពី​ការធ្វើ​ទាន មក​ថ្លឹងថ្លែង​ជាមួយ​ទិដ្ឋិ​ភាព​ខាងលើ ដែល​កំពុងតែ​កើតឡើង​ជាក់ស្តែង ហើយ​ធ្វើការ​វិនិច្ឆ័យ​ដោយ​ខ្លួន​ចុះ ថា​ខុស​ឬ​ត្រូវ សមគួរ ឬ​មិន​សមគួរ​៕ 
 



Tag:
 ​ទាន​
  មឈូស​
  ធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com