ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
សារ​ដឹងគុណ​ថ្ងៃ ៧​មករា ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រាត​នៅថ្ងៃនេះ
07, Jan 2018 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ថ្ងៃ​៧​មករា គឺជា​ថ្ងៃ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួម​នឹង​កងទ័ព​វៀតណាម​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ឲ្យ​ចេញពី​របប​អាវខ្មៅ​ប្រល័យពូជសាសន៍​ប៉ុលពត​។ អ្នកមាន​សណ្តាន​ចិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​ថ្ងៃ​៧​មក​រាជា​ថ្ងៃកំណើត​ទី​២​។ តែ​អ្នក​មានគំនិត​ជំទាស់​វិញ ពួកគេ​ចាត់ទុក​ថ្ងៃ ៧​មករា គឺជា​ថ្ងៃ​ដែល​វៀតណាម​ដាក់​អាណានិគម​មកលើ​ប្រទេស​កម្ពុជា​។

 
​នៅ​ថ្ងៃ​៧​មករា​នេះ​តែម្តង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកខ្លះ ចាត់ទុក​ថ្ងៃនេះ​ជា​ទិវា​រស់​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។ «​សច្ច​ភាពជា​ប្រវត្តិសាស្ត្រ​!» នេះ គឺជា​សរសេរ​បស់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ក្នុងចំណោម​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដទៃទៀត​។ សម្រាប់​អ្នក​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​រំដោះជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ពល​ពត​, ថ្ងៃ ៧​មករា គឺជា​ជីវិត​ទី​២ របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។ មាន​ថ្ងៃ ៧​មករា ទើប​មាន​អ្វីៗ​ទាំងអស់​នៅថ្ងៃនេះ​។ មាន​ថ្ងៃ ៧​មករា ទើប​មាន​ថ្ងៃ ២៣​តុលា ឆ្នាំ​១៩៩១​។ បើ​គ្មាន​ថ្ងៃ​៧ មករា ទេ ប្រជាជន​កម្ពុជា​មួយ​ចំ​នួ​ច​ក៏​មិនអាច​រស់រានមានជីវិត​ទៅ​រស់នៅ​បរទេស​ដែរ​។ បើ​គ្មាន​ថ្ងៃ ៧​មករា ទេ អ្នកនយោបាយ​ដែល​រស់នៅ​បរទេស ក៏​មិនអាច​ចូលមក​ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បានដែរ​...​។ ដូច្នេះ អ្នក​ប្រមាថ​ថ្ងៃ ៧​មករា គឺជា​អ្នក​ប្រមាថ​ជីវិត​ខ្លួនឯង និង​ជា​ជន​អក​ត្ត​ញ្ញូ ព្រោះ​ថ្ងៃ ៧​មករា មិនមែនជា​សត្រូវ​រប​ស់​អ្នកណាម្នាក់​នោះឡើយ​។​
 
​អ្នកខ្លះ​ទៀត​បាន​បន្ថែម​ទៀតថា ពួកគេ​មិន​ត្រឹមតែ​ចងចាំ​ថ្ងៃ​៧​មករា​ប៉ុណ្ណោះ​ទេ​។ តែ​ពួកគេ​ថែមទាំង​រៀបរាប់​ព្រឹត្តិការណ៍​ខ្មៅ​ងងឹត​នៃ​របប​ប៉ុលពត​ប្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀតផង​។ ពួកគេ​និយាយថា​៖ «​មាន​ថ្ងៃនេះ​ទើប​គ្រួសារ​ខ្ញុំ​អាច​រួច​ផុតពី​សេចក្តីស្លាប់​។ ខ្ញុំ​តែងតែ​ដំណាល​រឿង​ទុក្ខវេទនា​កាលពី​សម័យ​ស​ង្គ្រា​ម និង​របប​ខ្មែរក្រហម​ប្រាប់​កូនៗ ក្រុមគ្រួសារ យុវជន និង​មិត្តភក្តិ​បរទេស​ទាំងឡាយ​ដែល​ចាប់​អារ​ម្ម​ណ៏​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជានិច្ច​។ អ្នកណា​ភ្លេច​ក៏​ភ្លេច​ទៅ​ចុះ​ព្រោះ​ជា​រឿង​របស់គេ​ទេ​។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នៅតែ​ចងចាំ​ជានិច្ច​ការឈឺចាប់​ព្រាត់ប្រាស់​បងប្អូន​សាច់ញាតិ​គ្រួសារ ការធ្វើ​ទារុណកម្ម​លើ​រាងកាយ ការអត់ឃ្លាន​ទាំងឡាយ​ដែល​ធ្លាប់​ឆ្លងកាត់​ក្នុង​យុគសម័យ​ឆ្នាំ​៧០​នេះ​។ ខ្ញុំ​មិន​ចង់ឃើញ​ជាថ្មី​នូវ​កា​វិលត្រឡប់​នៃ​របប​ព្រៃផ្សៃ​នេះ​ម្តង​ទៀតឡើយ​»​។ 
 
​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​, តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​, លោក សម រង្ស៊ី បាន​ចំអក​ឲ្យ​ភាគី​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច ដែល​តែង​លើកឡើងថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា​ពីរ​បប​ខ្មែរក្រហម​។ លោក សម រង្ស៊ី ក៏​ឆ្លើយតប​នឹង​ការលើកឡើង​បែបនេះ​ទៅវិញ​ថា បើ​គ្មាន​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ដែលជា​ថ្ងៃ​កើតឡើង​នូវ​របប​ខ្មែរក្រហម​ទេ ក៏​គ្មាន​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩ ដែរ​។ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន ដោយសារតែ​ការហ៊ុមព័ទ្ធ​ទៅដោយ​បណ្តឹង​នៅក្នុង​តុលាការ​កម្ពុជា​រូបនេះ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ឆាកល្ខោន​ដែល​វៀតណាម បានរៀបចំ​ទាំងអស់​។ [….] មួយផ្នែកធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ​កន្លងមកនេះ គឺមាន​ការរៀបចំ​យ៉ាងសកម្ម​ដោយ​វៀតណាម  ដើម្បី​លេបទឹក​ដី​យើង និង​បំភ័ន្ដ​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​»​។​
 
​សារ​របស់លោក សម រង្ស៊ី រួមទាំង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ផ្ទុយស្រឡះ​នឹង​សារ​របស់​អ្នកគាំទ្រ និង​មន្ត្រី​គណបក្សកាន់អំណាច​។ ហើយ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​កាន់អំណាច ដែល​ចេញមុខ​ចេញ​មាត់​ជាងគេ ក្នុងការ​សរសើរ​ថ្ងៃ​៧​មករា គឺ​លោក សុខ ឥសាន​។ 
 
​លោក សុខ ឥសាន ដែលមាន​តួនាទី​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​បង្ហោះ​សារ​ចូលទៅក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) ស្ទើរតែ​រាល់ថ្ងៃ ដើម្បី​រៀបរាប់​ពី​គុណ​តម្លៃ​នៃ​ថ្ងៃ​៧​មករា​។ លោក បាន​លើ​កក​ម្កើ​ង​សម្តេច ហ៊ុន សែន ជា​ឥស្សរជន ដែលមាន​គុណ​ស​ម្ប​តិ្ត​ច្រើនជាងគេ ក្នុងការ​ពុះពារ​ផ្តួលរំលំ​របប​ខ្មែរក្រហម ក្នុង​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ 
 
​លោក សុខ ឥសាន រម្លឹក​គុណ​របស់​កងទ័ព​វៀតណាម​ថា  កងទ័ព​វៀតណាម បាន​ចូល​មកជួយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត តាម​សំណូមពរ​របស់​ប្រជាជន​កម្ពុជា រួមទាំង​អ្នកស្នេហាជាតិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក បន្តថា បើ​គ្មាន​ការជួយ​ជាបន្ទាន់​នោះទេ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ប្រាកដជា​ត្រូវ​វិនាស​សាបសូន្យ​ជាក់​ជាមិនខាន​។​
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ថ្លែង​ការពារ​ថា ថ្ងៃ​៧​មករា មិនមែនជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ចូលមក​ឈ្លានពាន​កម្ពុជា​នោះទេ​។ លោក និយាយ​បញ្ច្រាស់​មកវិញ​ថា ប្រសិនបើ​វៀតណាម ចង់​លេប​ទឹកដី​ខ្មែរ ដូច​ការលើកឡើង​ខាងលើ​មែន​នោះ ប្រហែលជា​គ្មាន​ប្រជាពលរដ្ឋ​កម្ពុជា​នៅថ្ងៃនេះ ឬ​ទៅ​ថ្ងៃ​អនាគត​ឡើយ​៕ 
        
 

Tag:
 ៧​មករា
© រក្សាសិទ្ធិដោយ thmeythmey.com