បទវិភាគ
ការគ្រប់គ្រង​ចំណូល​រដ្ឋ​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ អាចជា​គំរូ​ល្អ​ដល់​ស្ថាប័នរដ្ឋ​ផ្សេងទៀត​
07, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​សៀមរាប​៖ ក្នុង​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ ឬ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង​ជិត ១០៨​លាន​ដុល្លារ​អាមេរិក​។ ទំហំ​នៃ​ប្រាក់ចំណូល​នេះ​កើនឡើង​ទ្វេ​រដង ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ តើ​មូល​ហេតុអ្វី​បានជា​ចំណូល​រដ្ឋ ដែល​បានមកពី​ការលក់​សំបុត្រ ឬ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​កើនឡើង​ខ្ពស់ ក្រោយពី​រដ្ឋាភិបាល​សម្រេច​យក​ពី​ក្រុមហ៊ុន​ឯកជន មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ​នេះ​?

 
​បើ​យើង​ក្រឡេកមើល​សាវតា​នៃ​រមណីយដ្ឋាន​អង្គរ​នេះ ឃើញថា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមហ៊ុន​ឯកជន​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ពោលគឺ​ក្រុមហ៊ុន សុខា អូ​តែ​ល បានទទួល​សិទ្ធិ​កាន់កាប់ ចាប់តាំងពី​កណ្ដាល​ឆ្នាំ​១៩៩៩​មក​។ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ចំណូល​ចូល​រដ្ឋ ដែល​បានមកពី​ការលក់​សំបុត្រ ឬ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន សុខា អូ​តែ​ល​នេះ អាច​ហក់​ខ្ពស់​បាន​ត្រឹម​៦០​លាន​ដុល្លារ​អាមេរិក ក្នុង​រង្វង់​ភ្ញៀវទេសចរ​២​លាន​នាក់​ប៉ុណ្ណោះ​។​
 
​ដោយ​គិត​ត្រឹម​ចំណូល​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ នោះ ឃើញថា ចំណូល​ពី​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ ក្នុង​ង​ឆ្នាំ​២០១៥ មាន​ភ្ញៀវទេសចរ​ចំនួន ២,០០០,០១៨​នាក់ គិត​ជា​សាច់ប្រាក់​ស្មើ​៦០,០៥៣,៧០០​ដុល្លារ​។ ឯ​ឆ្នាំ​២០១៤ មាន​ចំនួន ២,០៥៩,៧០២​នាក់ និង​ស្មើ ៥៩,៣៤២,០០០​ដុល្លារ ។ ចំណែក​ឆ្នាំ​២០១៣ តួលេខ​ដូចគ្នានេះ​មាន​ចំនួន​ជាង ៥៧​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​តែ​យ៉ាងណា​ចំណូល​ដែល​ក្រុមហ៊ុន សុខា អូ​តែ​ល ប្រឹងប្រែង​លក់​សំបុត្រ​ចូល​រមណីយ​អង្គរ ហើយ​ខំ​ប្រមូល​ថវិកា​ចូល​រដ្ឋ ក្នុង​ទំហំ​ទឹកប្រាក់​៦០​លាន​ដុល្លារ​នេះ បាន​ត្រឹម​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ពី​ភាពមិនប្រក្រតី នៃ​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​នេះ​។ អ្វីដែល​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ ដាក់​ការសន្និដ្ឋាន និង​វាយតម្លៃ​ក្រៅផ្លូវការ​នោះ គឺ​ភាពពុករលួយ ការ​កិបកេង​បន្លំ​ចំណូល​រដ្ឋ ដាក់ចូល​ក្នុង​ហោប៉ៅ​ខ្លួន ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន​ជាតិ​ធ្ងន់ធ្ងរ​។ 
 
​ប៉ុន្តែ​អ្វីដែល​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​កិត្តិយស​រដ្ឋាភិបាល​តែម្ដង​។ គ្រាន់តែ​រឿង​លក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាញ​ប្រជាប្រិយភាព រដ្ឋាភិបាល​ស្ទើ​តែ​ធ្លាក់ចុះ​ដល់​បាត​។​តាម​ការសន្និដ្ឋាន​រប​ស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ ដែល​តែងតែ​ចេញមុខ​រិះគន់​លើ​បញ្ហា​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ​១៦០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ក្នុង​រង្វង់​ភ្ញៀវទេសចរ​៤​លាន​នាក់ ។ តែ​រដ្ឋាភិបាល​មិនដែល​ទទួលយក​ការលើកឡើង​របស់​បក្ស​ប្រឆាំង​ឡើយ ដោយ​រដ្ឋាភិបាល​ចាត់ទុក សម្ដី​គណបក្សប្រឆាំង​ជា​រឿងប្រឌិត មិនមាន​ឯកសារ​ត្រឹមត្រូវ ដែលមាន​បំណង​ភូតកុហក​ប្រជាពលរដ្ឋ​។​
 
​ដោយសារតែ​ចង់បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​តាម​សម្តី​ញុះញង់​របស់​ក្រុមប្រឆាំង រដ្ឋាភិបាល​ក៏​សម្រេចយក​រមណីយដ្ឋាន​អង្គរ​ពី​ក្រុមហ៊ុន សុខា អូ​តែ​ល មក​គ្រប់គ្រង​វិញ​។​រាជរដ្ឋាភិបាល​បាន​បង្កើត​គ្រឹះស្ថាន​អង្គរ សម្រាប់​គ្រប់គ្រង​លើ​ការងារ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ឆ្នាំ​២០១៦ ។ តាមរយៈ​សកម្មភាព​គ្រប់គ្រង​ដោយ​ខ្លួនឯង ក្នុង​ឆ្នាំ​ដំបូង​នេះ រដ្ឋាភិបាល​អាច​ប្រមូល​ចំណូល​ជាង​៦២​លាន​ដុល្លារ ដែលមាន​ភ្ញៀវទេសចរ​ចំនួន ២,១៩៧,២៥៤​នាក់​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​តួលេខ​នេះ​កើនឡើង​ខ្ពស់ ១០៧,៩៧៦,៤៣៩​ដុល្លារ ហើយ​កើន​ជាង ៧១%​ឯណោះ ក្នុង​រង្វង់​ភ្ញៀវទេសចរ​មាន​ចំនួន ២,៤៥៧,០២៣ នាក់ ។​
 
​អ្វីដែល​គេ​មើលឃើញ​ពី​ភាពជោគជ័យ​របស់​រដ្ឋា​ភិ​បាល​លើ​ការប្រមូល​ចំណូល​ចូល​រដ្ឋ​កើនឡើង​នេះ គឺ​ដោយសារតែ​គោលនយោបាយ​ទាញយក​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ពី​វិស័យ​ទេសចរ តាមរយៈ​ការដំឡើងថ្លៃ​សំបុត្រ​។ ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​នេះ រដ្ឋាភិបាល​សម្រេច​ដំឡើង​តម្លៃ​សំបុត្រ​ទស្សនា​សម្រាប់​មួយថ្ងៃ ឡើង​ពី​២០​ទៅ​៣៧​ដុល្លារ ។​សំបុត្រ​ដែលមាន​សុពលភាព​៣​ថ្ងៃ ឡើង​ពី​៤០​ទៅ​៦២​ដុល្លារ និង​សុពលភាព​មួយ​សប្តាហ៍ ឡើង​ពី​៦០ ទៅ​៧២​ដុល្លារ តែ​តម្លៃ​នេះ​នឹង​ដក​ចំនួន ២​ដុល្លារ សម្រាប់​ចូល​មូល​និ​ធី​មន្ទីរពេទ្យ​គន្ធបុប្ផា​។ 
 
​ប៉ុន្តែ​សួរថា តើ​ការបង្កើន​ចំណូល​តាមរយៈ​ការដំឡើងថ្លៃ​សំបុត្រ​នេះ អាចមាន​ប្រសិទ្ធិភាព​ដែរ​ទេ បើសិនជា​ការគ្រប់គ្រង​ចំណូល​មិន​ត្រឹមត្រូវ​?
​ពិតណាស់​វា​ជា​រឿង​មួយ ដែល​មិនអាច​ប្រកែក​បានទេ បើសិនជា​ស្ថាប័ន​មួយ មានការ​គ្រប់គ្រង​ចំណូល​បែប​ទុច្ចរិត កិបកេង​បន្លំ​ចូល​ហោប៉ៅ​ខ្លួន ដើម្បី​ផលប្រយោជន៍​មួយផ្នែក​របស់ខ្លួន និង​មនុស្ស​មួយក្រុម ដូច​ពាក្យ​គេ​និយាយ​លេង​ថា «​ចែក​លុយ​គ្នា​ចាយ​»​នោះ ច្បាស់​ណាស់​ថា ស្ថាប័ន​មួយ​នោះ​ប្រាកដជា​ខាតបង់​ផលប្រយោជន៍​ធំ ដោយសារ​មនុស្ស​មួយក្រុម​នេះ ដែល​វា​នឹង​ទាញ​ឲ្យ​ស្ថាប័ន​នោះ​ធ្លាក់ចុះ​ដល់​បាត​នៅពេល​ណាមួយ​ជាក់​ជាមិនខាន​។ ត្រង់​ន័យ​នេះ​គេ​អាច​វាយតម្លៃ​បែប​វិជ្ជមាន​បាន​ថា ការកើនឡើង​ចំណូល​ចូល​រដ្ឋ​ជាង​១០០​លាន​ដុល្លារ​នេះ អាចមកពី​ការគ្រប់គ្រង​ចំណូល​រដ្ឋ​មាន​ភាពត្រឹមត្រូវ គ្មាន​អំពើពុករលួយ និង​ការបន្លំ​ចំណូល​រដ្ឋ​។ ទាំងនេះ​ស​ឲ្យ​ឃើញថា វា​គឺជា​ចំណុច​ល្អ​មួយ ដែល​អាច​បង្ហាញ​ពី​គំរូ​ភាព​ដល់​ស្ថាប័នរដ្ឋ​ផ្សេងទៀត អនុវត្ត​ការគ្រប់គ្រង​ចំណូល​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ទស្សនៈវិស័យ​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ មុននឹង​គិត​ប្រយោជន៍​ខ្លួនឯង សម្រាប់​ទិសដៅ​អភិវឌ្ឍ​ប្រទេសជាតិ​។ 
 
​សរុប​មកវិញ​ក្នុង​រយៈពេល​ពី​ឆ្នាំ ដែល​រដ្ឋាភិបាល​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​នេះ​អាច​រកចំណូលបាន​១៧០​លាន​ដុល្លារ ដែល​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​ច្រើន​ក្នុងការ​ប្រមូល​ចំណូល​ជាតិ​។ ហើយ​ចំណូល​នេះ​នឹង​កាន់តែ​កើនឡើង​ថែមទៀត តាមរយៈ​គោលនយោបាយ​កៀងគរ​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​។​
 
​បើ​និយាយ​ដោយឡែក ក្រៅពី​ការប្រមូល​ចំណូល​ពីរ​មណី​ដ្ឋា​ន​អង្គរ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក្រសួងពាណិជ្ជកម្ម ,​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ ,​ក្រសួង​សាធារណៈ​និង​ដឹកជញ្ជូន ,​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាដើម សុទ្ធ​តែមាន​ភារកិច្ច​ប្រមូល​ចូលជាតិ ឲ្យ​ស្របតាម​គោលការណ៍​រដ្ឋាភិបាល ដែល​បានកំណត់​ទិសដៅ​ដែរ​។​
 
​បើ​ផ្អែកលើ សៀវភៅ​ណែនាំ​អំពី​ថវិកាជាតិ ដែល​ផលិត​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ក្នុង​ឆ្នាំ​២០០៧ ចំណូល​ចរន្ត គឺ​សំដៅលើ​ចំណូល​ពន្ធ និង​ចំណូល​មិនមែន​ពន្ធ​។ ចំណូល​ពន្ធ​នានា ដែល​ទទួលបាន​ពី​ការយកពន្ធ​លើ​ទំនិញ សេវាកម្ម និង​ពាណិជ្ជកម្ម មានដូចជា​ពន្ធ​លើ​ប្រាប់​ចំណូល​ផ្ទាល់ខ្លួន ពន្ធលើប្រាក់ចំណេញ ពន្ធអាករ​លើ​កាស៊ីណូ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធគយ​ជាដើម​។ ចំណូល​មិនមែន​ពន្ធ មានដូចជា ចំណូល​ពី​ការជួល និង​ការលក់​អចលនទ្រព្យ​សាធារណៈ សហគ្រាស​សាធារណៈ សម្បទាន​រ៉ែ ថ្លៃ​លិខិតឆ្លងដែន ថ្លៃ​ទិដ្ឋាការ និង​សេវា​រដ្ឋបាល​ជាដើម​។ ចំពោះ​ចំណូល​មូលធន រួមមាន ចំណូល​មូលធន​ក្នុងប្រទេស ដែល​ភាគច្រើន​បានមកពី វិនិយោគ​ហិរញ្ញវត្ថុ និង​ចំណូល​មូលធន​ក្រៅប្រទេស ដែល​រួមមាន​មូលនិធិ​ទ្រទ្រង់​ថវិកា ប្រាក់កម្ចី និង​ជំនួយឥតសំណង​។ 
 
​និយាយ​ដល់​ចំណុច​នេះ រដ្ឋាភិបាល ធ្លាប់​ដាក់​ទិសដៅ​ប្រមូល​ថវិកាជាតិ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥ ពាន់​លាន​ដុ​លា្ល​រ នៅក្នុង​ឆ្នាំ​២០១៧ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ឲ្យ​មាន​ភាព​សមតុល្យ​គ្នា​ជាមួយ​ការចំណាយ​នោះ​ផងដែរ​។ បើទោះជា​គ្មាន​តួលេខ​ច្បាស់​ពី​រដ្ឋាភិបាល ជុំវិញ​ការប្រមូល​ថវិកាជាតិ​នេះ​។ តែ​វា​ពិតជា​អាចទៅរួច​មែន បើ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧​ភាគរយ និង​ទំហំ​ផលិតផល​ជាតិ​សរុប​។ ប៉ុន្តែ​ដើម្បី​ឲ្យ​សម្រេច​តាម​គោលការណ៍ គឺ​រដ្ឋាភិបាល​ត្រូវអនុវត្ត​គោលនយោបាយ​លុបបំបាត់​អំពើពុករលួយ ,​បំបាត់​ការ​កិបកេង​បន្លំ​ថវិការដ្ឋ , ការធ្វើ​សវនកម្ម​ទៅលើ​ស្ថាប័ន​ដែលមាន​ភារកិច្ច​ប្រមូល​ថវិកា​ចូលជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​, ពង្រឹង​ការផលិត​ក្នុងស្រុក និង​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​ជាដើម​។ និយាយ​ត្រង់ចំណុច​នេះ អ្នកវិភាគ មើលឃើញថា រដ្ឋាភិបាល​នឹង​អាច​ប្រមូល​ចំណូល​ជាតិ មិន​ក្រោម​ជាង​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឡើយ ហើយ​វា​ក៏​អាចជួយ​ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ​ការខ្ចី​ថវិកា​ពី​ប្រទេស​ផងដែរ​៕
 

Tag:
 ចំណូល​អង្គរ​
  រមណីយដ្ឋាន​អង្គ
© រក្សាសិទ្ធិដោយ thmeythmey.com