ជាតិ
រថយន្ត
សេដ្ឋកិច្ច
​របរ​បិទ​ស្ទីក​ឃឺ និង​អ៊ុត​ម៉ូតូ​-​ឡាន រកចំណូលបាន​គួរសម ឯ​ការប្រកួតប្រជែង​ក៏​ខ្លាំង​
08, Jan 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នក​ប្រក​បរបរ​អ៊ុត​ស្កុ​ត ម៉ូតូ​ឡាន បិទ​ស្ទីក​ឃឺ និង​តែម​លើ​យានយន្ត​គ្រប់​ប្រភេទ មាន​ច្រើនណាស់ នៅ​រាជធានី​ភ្នំពេញ​។ ការបិទ​ស្កុ​ត ម៉ូតូ​ឡាន បិទ​ស្ទីក​ឃឺ និង​តែម​លើ​យានយន្ត គឺ​ដើម្បី​ថែរក្សា​កុំ​ឲ្យ​យានយន្ត​កុំ​ឲ្យ​ខូច ឬ​របក​ថ្នាំ នៅពេល​រង​នូវ​ការប៉ះទង្គិច​ស្រាល ការពារ​កំដៅថ្ងៃ និង​បង្កើន​សោភ័ណភាព​មួយកម្រិត​ដែរ​។ ដោយសារ​របរ​នេះ ងាយស្រួល​រកប្រាក់​ចំណូល ធ្វើ​ឲ្យ​អ្នក​ដែល​ធ្វើការ​ងារ​នេះ​ក៏​ច្រើន និង​ការប្រកួតប្រជែង​ក៏​ខ្លាំង ដែល​ទាមទារ​ឲ្យ​អ្នក​ប្រកប​របរ​នេះ បង្កើន​កម្រិត​គុណភាព និង​ស្នាដៃ​របស់ខ្លួន ដើម្បី​រក្សា​អតិថិជន​។​



​លោក មាស ឧ​ត្ត​ម ជា​ម្ចាស់​នៃ​អាជីវកម្ម​គ្រួសារ អ៊ុត បិទ​ស្កុ​ត ស្ទីក​ឃឺ តែម ម៉ូតូ​ឡាន នៅ​ម្តុំ​ផ្សារ​ទូល​ទំពូង រាជធានី​ភ្នំពេញ​។ តាម​បុរស​វ័យ​៣២​ឆ្នាំ រូបនេះ ការបិទ​ស្កុ​ត​នេះ ជួយ​ការពារ​ម៉ូតូ ឬ​រថយន្ត​មិន​ឲ្យ​ឆ្កូត​ពេល​ប៉ះទង្គិច​ស្រាល​នឹង​វត្ថុ​រឹង មិន​ធ្វើ​ឲ្យ​ថ្នាំ​ម៉ូតូ ឬ​ឡាន​របក មិន​ងាយ​ចាស់ និង​អាច​ការពារ​កំដៅថ្ងៃ​បាន​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ធ្វើ​ឲ្យ​ម៉ូតូ ឬ​រថយន្ត​នោះ​កាន់​តែមាន​សោភ័ណភាព និង​ទាក់ទាញ​ដែរ​។ ប៉ុន្តែ​ស្កុ​ត​នេះ ត្រូវ​បក​ចេញ​ក្នុងអំឡុង​រយៈពេល​ពី​១ ឬ​២​ឆ្នាំ សម្រាប់​ម៉ូតូ ដើម្បី​កុំ​ឲ្យ​របក​ថ្នាំ ខណៈ​រថយន្ត​អាច​បិទ​ទុក​លើស​រយៈ​ពេលនេះ​។ លោក មាស ឧ​ត្ត​ម ពន្យល់​ដូច្នេះ​ថា​៖« កាលណា​ទុក​យូរ បណ្ដាល​ឲ្យ​ស្អិត​ជាប់ ហើយ​ពិបាក​នឹង​បក​ចេញ អាច​នឹង​ដោយ​ថ្នាំ​ខូច​។ បើ​ឡាន អាច​បិទ​រយៈពេល​យូរ​បាន​មិនមាន​ប៉ះពាល់​ដូច​ទៅនឹង​ម៉ូតូ​ឡើយ​»​។​



​ចំពោះ​តម្លៃបិទ​ស្កុ​ត ឬ​តែម គឺ​អាស្រ័យ​ទៅតាម​ប្រភេទ និង​ទំហំ​របស់​យានយន្ត​។ ចំពោះ​ម៉ូតូ​ប្រភេទ​តូចៗ តម្លៃ​ប្រមាណ​១០ ដុល្លារ ម៉ូតូ​ធំ ចាប់ពី​១៨ ទៅ​២០​ដុល្លារ ចំណែក​ឡាន​វិញ​តម្លៃ​ពី ៩០ ទៅ​១០០​ដុល្លារ​។ បើតាម​បុរស​វ័យ​៣២​ឆ្នាំ​រូបនេះ ក្នុង​១​ថ្ងៃ កន្លែង​លោក អាចមាន​អតិថិជន​ចូល​មកពី​៤ ឬ​៦​នាក់មក​បិទ​ស្តុ​ត ឬ​តែម​។ ដ្បិត​រកចំណូលបាន​គួរសម និង​អាច​ផ្គត់ផ្គង់​ប្អូន​រៀន​នៅ​មហាវិទ្យាល័យ​មែន ប៉ុន្តែ​ក៏មាន​ការប្រកួតប្រជែង​ច្រើន​ដែរ ពីព្រោះ​អ្នក​ប្រកប​របរ​នេះ​មាន​ច្រើន ដូច្នេះ  លោក មាស ឧ​ត្ត​ម ត្រូវតែ​ពង្រឹង​ស្នាដៃ​របស់ខ្លួន​ឲ្យ​ល្អ ដើម្បី​រក្សា​អតិថិជន​ដែល​តែង​ចង់បាន​ម៉ូដ​ស្អាតៗ​សម្រាប់​យានយន្ត​របស់​ពួកគេ​នោះ​៕




Tag:
 អ៊ុត​ម៉ូតូ​ឡាន​
 ​ មាស ឧ​ត្ត​ម
© រក្សាសិទ្ធិដោយ thmeythmey.com