អន្តរជាតិ
អាមេរិក​នឹង​បញ្ចប់​ការការពារ​បណ្តោះអាសន្ន​ដល់​ជនជាតិ El Salvador ពី​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​
09, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋាភិបាល​អាមេរិក​នឹង​ផ្អាក​ការការពារ​ដល់​ជនជាតិ El Salvador ប្រមាណ​២៦២.៥០០​នាក់ ដែល​បានរស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកហើយ​។ នេះ​បើ​យោងតាម​ក្រុម​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ដែល​បានប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។



​ស្ថានភាព​ការពារ​បណ្តោះអាសន្ន ឬ TPS ដែល​បាន​ការពារ​ពលរដ្ឋ​នៃ​ប្រទេស​នៅ​អាមេរិក​កណ្តាល​មួយ​នេះ​ចំនួន​រាប់សែន​នាក់​ពី​ការបញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០០១ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​នៅថ្ងៃនោះ អ្នក​ដែល​បានរស់នៅ​និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត​២​ទសវត្សរ៍​មកហើយ នឹងត្រូវ​ត្រឡប់​ទៅជា​ស្ថានភាព​អន្តោប្រវេសន៍​ដូច​មុន​ពេលដែល​ពួកគេ​ទទួលបាន TPS ប្រសិនបើ​នៅមាន​សុពលភាព​។ ពួកគេ​មាន​ជម្រើស​ដាក់​ពាក្យសុំ​ទាញយក​អត្ថប្រយោជន៍​នៃ​ស្ថានភាព​អន្តោប្រវេសន៍​ដូចជា ទិដ្ឋាការ​ដោយ​ផ្អែកលើ​ការងារ​ជាដើម​។​

​ការសម្រេច​នេះ​នឹងធ្វើ​ឲ្យ​ជនជាតិ El Salvador ជាច្រើន​នាក់​ស្ថិតក្នុង​ស្ថាន​ភាពជា​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ ហើយ​ប្រឈម​នឹង​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​ជាបន្ទាន់​។​

​នៅក្នុង​ការវាយតម្លៃ​ទៅលើ​ស្ថានភាព​នៃ​ប្រទេស El Salvador ជា​ទៀងទាត់ រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​កំណត់ថា ប្រទេស​នេះ​បាន​ស្រោចស្រង់​ពី​គ្រោះធម្មជាតិ​ទាំងនោះ​ល្មម​គ្រប់គ្រាន់​សម្រាប់​ពល​រដ្ឋ​ខ្លួន​ដែល​រស់នៅក្នុង​សហរដ្ឋអាមេរិក​ហើយ ដូច្នេះ​ពួកគេ​អាច​ត្រឡប់​ទៅវិញ​បាន​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​ការហៅ​ទូរស័ព្ទ​ជា​ក្រុម​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com