ជាតិ
វីដេអូ
កូនដំរីព្រៃមួយក្បាលស្លាប់ដោយសារជាប់ផុងក្នុងរណ្តៅនៅមណ្ឌលគិរី
× កូនដំរីព្រៃឈ្មោលមួយក្បាលបានស្លាប់ ដោយសារតែជាប់ផុងពាក់កណ្ដាលខ្លួនទៅក្នុងរណ្ដៅតូចមួយ ដែលស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នាថ្ងៃទី៩ ខែមករា។
សពកូនដំរីព្រៃដែលមានអាយុ១ឆ្នាំ ត្រូវបានស្រង់ចេញពីរណ្តៅតូចមួយក្នុងដែនជម្រកសត្វព្រៃកែវសីមា។ បើតាមការសន្និដ្ឋានរបស់ លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេស WCS កូនដំរីព្រៃមួយក្បាលនេះប្រហែលជាប់ផុងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយប្រហែលជាស្លាប់នៅថ្ងៃទី៧ ខែមករា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ WCS ក្រុមអ្នកអភិរក្សចាត់ទុកការស្លាប់កូនដំរីនេះ ថាជាសោកនាដកម្មមួយដែលទាមទារឲ្យមានសកម្មភាពអភិរក្សបន្ថែមទៀត ដើម្បីការពារប្រភេទសត្វដ៏កម្រមួយនេះ កុំឲ្យផុតពូជនាពេលអនាគត។
ជាមួយនឹងការសោកស្តាយដែលមិនអាចសង្គ្រោះជីវិតកូនដំរីបានទាន់ពេលវេលា លោក តាន់ សេដ្ឋា បានគូសបញ្ជាក់ថាសត្វដំរីព្រៃ កំពុងតែប្រឈមនឹងហានិភ័យខ្ពស់ដោយសារការបាត់បង់ទីជម្រក និងការដាក់អន្ទាក់ជាដើម ដែលចាំបាច់ត្រូវថែរក្សាជម្រកធម្មជាតិរបស់ពួកវា។
អ្នកអភិរក្សសត្វព្រៃរូបនេះ បានណែនាំថា៖ «យើងចាំបាច់រក្សាជម្រកធម្មជាតិរបស់វា និងទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ដើម្បីផ្ដល់ព័ត៌មានមកស្ថាប័នពាក់ព័ន្ធ ពេលប្រទះឃើញសត្វដំរីព្រៃស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយ »។
សត្វដំរីព្រៃ គឺជាប្រភេទសត្វ ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ UCN ដែលជាប្រភេទថនិកសត្វមានមាឌធំជាងគេបង្អស់នៅលើផែនដី និងជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ តាមការប៉ាន់ស្មាន សត្វដំរីព្រៃ មានប្រហែល ២៥០ ទៅ ៥០០ក្បាល ក្នុងប្រទេសកម្ពុជា ក្នុងនោះដំរីព្រៃមានចំនួនតិចជាង១១៥ក្បាល កំពុងមានវត្តមានរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
សូមបញ្ជាក់ថា រណ្ដៅដែលកូនដំរីព្រៃអាយុមួយឆ្នាំនេះបានផុងស្លាប់ មានទីតាំងស្ថិតនៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃនាខេត្តមណ្ឌលគិរី៕
Tag:
ដំរីព្រៃ
ជម្រកសត្វព្រៃកែវសីមា
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com