អន្តរជាតិ
កូរ៉េខាងជើង​យល់ព្រម​ចូលរួម​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​
09, Jan 2018 , 9:19 pm        
រូបភាព
តំណាងប្រតិភូចរចារបស់កូរ៉េទាំងពីរ (រូបភាព៖ Xinhua)
តំណាងប្រតិភូចរចារបស់កូរ៉េទាំងពីរ (រូបភាព៖ Xinhua)
​ក្រោយ​ការចរចា​ជាច្រើន​ម៉ោង​រួចមក កូរ៉េខាងជើង​សម្រេចចិត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង​ក្នុង​ខែកុម្ភៈ​ខាងមុខ​។ ក្រុង​ព្យុងយ៉ាង នឹង​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុម និង​ក្រុម​សម្ដែង​សិល្បៈ​មួយក្រុម​ទៀត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​នេះ ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ព្យុង​ឆាង​។ ឯ​កូរ៉េខាងត្បូង​វិញ​បានស្នើ​ឲ្យ​អត្ត​ព​លិ​ក​កូរ៉េ​ទាំងពីរ​ប្រើប្រាស់​ទង់​រួមគ្នា​តែមួយ​ក្នុង​ពិធី​បើក និង​បិទ​កម្មវិធី​។​



​ជំនួប​ចរចា​លើកទីមួយ​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានធ្វើ​ឡើង​ដោយ​រលូន និង​សម្រេចបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​។ ប្រតិភូ​កូរ៉េខាងត្បូង​ដឹកនាំ​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ Cho Myoung-gyon និង​តំណាង​កូរ៉េខាងជើង​ដឹកនាំ​លោក Ri Son Gwon បាន​ផ្លាស់ប្ដូរ​សំណើ​គ្នា​ទៅវិញទៅមក​ក្នុងការ​ចរចា​ដ៏​ក្រម ដែល​ធ្វើឡើង​នៅ​អាគារ​សន្តិភាព​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅឯ​តំបន់​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។

​អនុរដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ លោក Chun Hae-sung បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា កូរ៉េខាងត្បូង​ស្នើ​ឲ្យ​អត្ត​ព​លិ​ក​របស់​កូរ៉េ​ទាំងពីរ​ដើរ​ក្នុង​ក្បួន​តែមួយ​អំឡុងពេល​កម្មវិធី​បើក និង​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ។ កូរ៉េខាងត្បូង​ក៏​ស្នើ​ឲ្យ​មានការ​ចរចា​រវាង​កាកបាទក្រហម​ដើម្បី​ពិភាក្សា​ពី​ការជួបជុំ​ក្រុមគ្រួសារ​ដែល​បែកបាក់​ដោយសារ​សង្គ្រាម​ផងដែរ និង​ចង់​រៀបចំ​ការជួបជុំ​នេះ​ក្នុង​ខែក្រោយ​តែម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​ដោយឡែក​កូរ៉េខាងជើង​ឯណោះ ក៏បាន​ឆ្លើយតប​វិញ​ដែរ​ដោយ​ប្រកាស​បញ្ជូន​មន្ត្រីជាន់ខ្ពស់ អត្ត​ព​លិ​ក អ្នកសារព័ត៌មាន និង​ក្រុម​សិល្បៈ​មួយក្រុម​ឲ្យ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ចំពោះ​សំណើ​ផ្សេងទៀត គេ​មិនទាន់​ឃើញ​មាន​ចម្លើយ​ពី​កូរ៉េខាងជើង​ដែរ ឯ​មន្ត្រី​កូរ៉េខាងត្បូង​ខាងលើ​ក៏​មិនទាន់បាន​បញ្ជាក់ថា កូរ៉េខាងជើង​ទទួលយក ឬក៏​ទាត់ចោល​សំណើ​ចរចា​កាកបាទក្រហម​អ្វី​ដែរ​។​

​វត្តមាន​អត្ត​ព​លិ​ក និង​ប្រតិភូ​របស់​កូរ៉េខាងជើង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​២០១៨ គឺជា​អ្វីដែល​រដ្ឋបាល​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ចង់បាន​បំផុត ដើម្បី​ធានា​ពី​សុវត្ថិភាព​សម្រាប់​ដំណើការ​កម្មវិធី​ពិភពលោក​នេះ​។ លទ្ធផល​វិជ្ជមាន​ក្នុង​ការចរចា​ពេលនេះ អាចជា​សញ្ញា​ល្អ​សម្រាប់​ការចរចា​លើក​ក្រោយ ដែល​នឹង​ផ្ដោតលើ​ប្រធានបទ​ទូលាយ​ជាង​នេះ និង​សំខាន់​ជាង​នេះ​ដូចជា​ទំនាក់ទំនង​អន្តរ​កូរ៉េ​ជាដើម​។​

​ក្នុងជំនួប​ដដែល​នេះ តំណាង​កូរ៉េខាងជើង​ក៏បាន​ស្នើ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការជជែក និង​ការចរចា​ដើម្បី​សន្តិភាព និង​ការរួបរួម​។ ការបន្ទន់​ជំហរ​រប​សើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ជា​ជំហាន​ទៅមុខ​ល្អ​មួយ​សម្រាប់​ការកាត់បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ឈានដល់​ការចរចា​រឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​រាប់សិប​ឆ្នាំ​មកនេះ និង​ការប្រឈមមុខ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ផង​៕
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com