English-Français
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក Raoul Jennar៖«​អាមេរិក​ចង់បាន​មេដឹកនាំ​កម្ពុជា ដែល​ស្តាប់បង្គាប់​ខ្លួន​»
10, Jan 2018 , 1:55 pm        
រូបភាព
​ហេតុអ្វី​បានជា​ព្រះ​បរម​រតន​កោដ្ឋ សម្តេចឪ​នរោត្តម សីហនុ តែងមាន​ព្រះរាជបន្ទូល​រិះគន់​សហរដ្ឋអាមេរិក​? ហេតុអ្វី​នៅក្នុង​សម័យកាល​នៃ​ព្រះរាជាណាចក្រ​ទី​២​នេះ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា តែង​ធ្លាក់​ទៅលើ​ផ្លូវ​រលាក់​ញឹកញាប់​? លោក Raoul Jennar ដែលជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ជាពិសេស​ស្តីពី​កម្ពុជា បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែលជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​ល្អូកល្អិន​នេះ​។ ​លោក Raoul Jennar អះអាងថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក តែ​ថា​អាមេរិក​ត្រូវគោរព​កម្ពុជា​។​



​ដោយសារតែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក រួមទាំង​សហភាព​អឺរ៉ុប បាន​ដំឡើង​សរសៃ​ក​ដាក់គ្នា​ជុំវិញ​ការវិវត្ត​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា សារព័ត៌មាន​ថ្មីៗ​បានស្នើ​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក Raoul Jennar ដែលជា​អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិ​សង្គម​នយោបាយ​របស់​ក​ម្ពុ​ជា​ដ៏​ល្បី​មួយរូប​។

ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម ដែលជា​អ្នកកាសែត​ជាន់ខ្ពស់​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក Raoul Jennar ៖



​លោក គី សុខ​លីម​៖ ក្នុង​រយៈពេល​ចុងក្រោយ​នេះ សាធារណៈមតិ​សង្កេតឃើញថា រដ្ឋាភិបាល​កម្ពុជា​បាន​បែរខ្នង​ដាក់​សហរដ្ឋអាមេរិក និង​ដាក់​សហភាព​អឺរ៉ុប ប៉ុន្តែ​បែរមុខ​ទៅរក​មហាអំណាច​ចិន​។ ហេតុអ្វី​បានជា​រដ្ឋាភិបាល​ភ្នំពេញ​សម្រេចចិត្ត​យ៉ាង​ដូច្នេះ​?
​លោក Raoul Jennar៖ ជាបឋម​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​នឹង​ឆ្លើយ​រាល់​សំណួរ​របស់លោក​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់​តែប៉ុណ្ណោះ គឺ​មិនមែនជា​ទីប្រឹក្សា​រដ្ឋាភិបាល​នោះឡើយ​។ ខ្ញុំ​មិន​យល់ស្រប​ជាមួយ​អ្វីដែល​លោក​បានលើកឡើង​នោះទេ​។ មិនមែន​កម្ពុជា​ទេ ដែល​បែរខ្នង​ដាក់​សហភាព​អឺរ៉ុប និង​ដាក់​សហរដ្ឋអាមេរិក​។ គឺ​អាមេរិក និង​សហភាព​អឺរ៉ុប​ទេ ដែល​បែរខ្នង​ដាក់​កម្ពុជា​។ ខ្ញុំ​ចង់​ពន្យល់​ដោយ​បែងចែក​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ ពីព្រោះ សម្រាប់​ខ្ញុំ បើទោះជា​សហភាព​អឺរ៉ុប តែងតែ​ដើរ​តាម​សហរដ្ឋអាមេរិក​ក៏ដោយ តែ​យន្តការ​របស់​សហភាព​អឺរ៉ុប មិន​ដូច​អាមេរិក​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល នៅពេល​ខ្ញុំ​អាន​ឡើងវិញ​នូវ​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក តាំងពី​ឆ្នាំ​កម្ពុជា​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៥៣ ហើយ​ខ្ញុំ​ឃើញថា​សហរដ្ឋអាមេរិក​តែងតែ​ប្រឆាំងនឹង​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​។

​លោក គី សុខ​លីម​៖ ហេតុអ្វី​?
លោក Raoul Jennar៖ ពីព្រោះ​កម្ពុ​ជាមាន​ឆន្ទៈ​មួយ គឺ​ស្ថិតនៅ​ជា​អព្យាក្រឹត​។​

​លោក គី សុខ​លីម​៖ បានន័យថា សហរដ្ឋអាមេរិក​មិន​ចង់ឃើញ​កម្ពុជា ស្ថិតនៅ​ជា​អព្យាក្រឹត​នោះទេ​?
​លោក Raoul Jennar៖ ច្បាស់​ណាស់​។ លោក John Foster Dulles ដែលជា​រដ្ឋមន្ត្រីការបរទេស​របស់​ប្រធានាធិបតី​អាមេរិក Eisenhower បាន​ថ្លែង​ថ្កោលទោស​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា ដោយ​ប្រើប្រាស់​ពាក្យពេចន៍​ហិង្សា​ទៀតផង នៅពេលដែល​ព្រះអង្គម្ចាស់ សីហនុ ជា​ព្រះប្រមុខរដ្ឋ បាន​បដិសេធ​មិន​ចូលរួម​ជាមួយ​អង្គការ​យោធា​របស់​អាមេរិក​ដែលមាន​ឈ្មោះថា អង្គការ​សន្ធិសញ្ញា​អាស៊ីអាគ្នេយ៍​( l’Organisation du Traité de l’Asie du Sud-Est  - ភាសា​អង់គ្លេស SEATO) ដែលមាន​ន័យ​ស្មើ​អង្គការ OTAN​។ គឺ​ចាប់ពីពេលនោះ​ហើយ ដែល​កម្ពុជា​ក្លាយជា​ក្រុម​សត្រូវ​របស់​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​មាន​ចំនុច​អវិជ្ជា​មាន​មួយ​ដែល​គិតថា ឲ្យ​តែ​យើង​មិន​នៅ​ជាមួយ​ពួកគាត់ គឺ​បានន័យថា យើង​ប្រឆាំង​ពួកគាត់​។ វា​មិនមាន​យន្តការ​កណ្តាល​ណាមួយ​ឡើយ​សម្រាប់​គាត់​។ ឬមួយ​យើង​ដើរ​តាម​ពួកគាត់ ឬមួយ​យើង​ជាស​ត្រូវ​របស់​ពួកគាត់​។ សព្វថ្ងៃនេះ យើង​ឃើញ​ឯកសារ​ស្តីពី​ប្រធានាធិបតី Eisenhower ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​ដែល​បង្ហាញថា នៅ​ឆ្នាំ​១៩៥៤ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក ពួកគេ​បានសម្រេច​ចិត្ត​បំពាក់អាវុធ និង​គាំទ្រ​ក្រុម​ឧទ្ទាម​ខ្មែរ​សេរី ដែល​ប្រឆាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ ការគាំទ្រ​នោះ​មិនត្រូវ​បានបញ្ចប់​ឡើយ រហូតដល់​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​។ បន្ទាប់មក គឺ​នៅមាន​ការគាំទ្រ​ដល់​ក្រុម​ដែល​អាមេរិក​បាន​បន្តុប​ឲ្យ​កាន់អំណាច ដូចជា លន់ នល់ សិរី​មតៈ រហូតដល់​ថ្ងៃ​ដួលរលំ​ដ៏​សោកសៅ​ក្នុង​ឆ្នាំ​១៩៧៥​។ ហើយ​ជាថ្មី​ម្តងទៀត ចាប់ពី​ឆ្នាំ​១៩៧៩ អ្នក​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា គឺជា​សត្រូវ​អាមេរិក​ទៀត រហូតដល់​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។ សម្រាប់​សហរដ្ឋអាមេរិក ពួកគេ​ដឹង​ច្បាស់​ណាស់​ថា ចាប់ពី​ឆ្នាំ​១៩៩១ លោក ហ៊ុន សែន គឺជា​គូប្រកួត​នយោបាយ​ដែល​ពួកគេ​មិន​ចង់ឃើញ​ដឹកនាំ​ប្រទេស​។ ដូច្នេះ មិនមែន​កម្ពុជា​ទេ ដែល​បែរខ្នង​ដាក់​សហរដ្ឋអាមេរិក​។ គឺ​អាមេរិក​ទេ ដែល​មិន​ចូលចិត្ត​ថា អ្នកណា​ជា​អ្នកដឹកនាំ​កម្ពុជា ហើយ​ថា​ពួកគេ​ចង់​ផ្លាស់ប្តូរ​នោះ​។​

​លោក​ដឹង​ទេ ជាច្រើនលើក​ច្រើនសារ  ចាប់តាំងពី​អណ​ត្តិ​ប្រធានាធិបតី Reagan គឺមាន​ទ្រឹស្តី​នយោបាយ​មួយ​ដែល​នៅ​ជាធរ​មាននៅ​សហរដ្ឋអាមេរិក គឺ ការផ្លាស់ប្តូរ​របប​។​

​លោក គី សុខ​លីម​៖ តើ​បានន័យថា រដ្ឋាភិបាល​មេ​រិ​ក​ចង់​បានតែ​មេដឹកនាំ​ណា​ដែល​ពួកគេ​ចង់បាន​?
​លោក Raoul Jennar៖ ពិត​ហើយ​។ ហើយ​មិនមែន​តែ​នៅ​កម្ពុជា​ទេ​។ តើ​ប៉ុន្មាន​ដង​ហើយ​ដែល​សហរដ្ឋអាមេរិក​បាន​បង្ក​ឲ្យ​មានការ​ផ្តួលរំលំ​ទម្លាក់​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​? ទោះ​នៅក្រោម​អណ​ត្តិ​លោក អូ​បា​ម៉ា ដែល​ពិភពលោក​បាន​កោតសរសើ​រ​ក៏ដោយ​។ គេ​បានផ្តល់​ពានរង្វាន់​សន្តិភាព​ដល់​លោក អូ​បា​ម៉ា បន្ទាប់មក​គាត់​បាន​ជំរុញ​ឲ្យ​មាន​រដ្ឋប្រហារ​មួយ​នៅ​ប្រទេស ហុង​ឌុយ​រ៉ា​ស ដោយបាន​ទម្លាក់​ប្រធានាធិបតី​ដែល​បាន​ជាប់ឆ្នោត​។ នៅពេលណា​ដែលមាន​មេដឹកនាំ​ដែល​អាមេរិក​មិន​ពេញចិត្ត អាមេរិក​នឹង​ប្រឆាំង​។ ហើយ​បើ​អាចទៅរួច គឺ​អាមេរិក​ផ្តួលរំលំ​តែម្តង​។ យើង​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​នេះ​។​

លោក គី សុខ​លីម​៖ តើ​សហរដ្ឋអាមេរិក​មិន​ចូលចិត្ត​សម្តេចឪ នរោត្តម សីហនុ​?
​លោក Raoul Jennar៖ សហរដ្ឋអាមេរិក​មិន​ចូលចិត្ត​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​បាន​ការពារ​នយោបាយ​អ​ព្យា​ក្រឹ​ត​ភាព​។ ខ្ញុំ​ត្រូវ​បន្ថែម​មួយ​ចំនុច​ទៀត ដោយសារតែ​គេ​ឆាប់​បំភ្លេច​ណាស់ គឺ​ព្រះអង្គ​បានការ​ពារ​បូរ​ណា​ភាព​ទឹកដី​កម្ពុជា នៅពេលដែល​ប្រទេស​ថៃ និង​វៀតណាម​ខាងត្បូង​មានបំណង​ទាមទារ ទឹកដី​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មិនបាន​ទទួលស្គាល់​បន្ទាត់​ព្រំដែន​កម្ពុជា ក្រោយ​ថ្ងៃ​ឯករាជ្យ​ឆ្នាំ​១៩៥៣​នោះទេ​។ ដូច្នេះ​នៅពេលនោះ វា​មានការ​គំរាមកំហែង​ចំនួន​ពីរ​ពី​សហរដ្ឋអាមេរិក មកលើ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម សីហនុ គឺ​ការមិនទទួលស្គាល់​នយោបាយ​អព្យាក្រឹត​ផង និង​ការគាំទ្រ​ប្រទេសជិតខាង​ទាំងពីរ​របស់​កម្ពុជា​ដែលមាន​បំណង​ចង់​ទាមទារ​បូរណភាព​ដែនដី​កម្ពុជា​ផង​។ ហើយ​នេះ​គឺជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែលមាន​រយៈពេល​១៥​ឆ្នាំ​។ ខ្ញុំ​ចង់​និយាយ​ពី​សម័យ​សង្គមរាស្ត្រនិយម ចាប់ពី​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧០​។​

​លោក គី សុខ​លីម​៖ ដូច្នេះ​មិនមែនជា​បញ្ហា​គំនុំ​ផ្ទាល់ខ្លួន​រវាង​សម្តេចឪ និង​សហរដ្ឋអាមេរិក​នោះទេ​?
​លោក Raoul Jennar៖ មិនមែន​ទេ​។ វា​មាន​ទំនាក់ទំនង​ល្អ​ខ្លះ​ដែរ​។ ព្រះអង្គម្ចាស់​នរោត្តម សីហនុ បាន​ជួប និង​ផ្តល់​កាដូ​ទៅវិញទៅមក​ជាមួយ​ប្រធានាធិបតី Eisenhower ប៉ុន្តែ​នៅ​ពីក្រោយ​រឿងនេះ​? មិនមែន​ប្រធានាធិបតី​តែម្នាក់ឯង​ទេ ដែលជា​អ្នកសម្រេច​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​។ មាន​ក្រសួងការបរទេស​ដែលមាន​តួនាទី​សំខាន់​យ៉ាងខ្លាំង ហើយ​នៅមាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ទៀត​ដែលមាន​អំណាច​ដែរ​។ ប៉ូល​ទាំងពីរ​នេះហើយ​ដែលមាន​ឥទ្ធិពល​ទៅលើ​នយោបាយ​ការបរទេស​របស់​អាមេរិក​។ ហើយពី​ទីនេះ​ហើយ​ដែលមាន​ការកំណត់​នយោបាយ​អរិភាព​ប្រឆាំង​ព្រះអង្គម្ចាស់​នរោត្តម សីហនុ និង​រដ្ឋាភិបាល​របស់​ព្រះអង្គ តាំងពី​ឆ្នាំ​១៩៥៤ តាំងពី​មាន​កិច្ចព្រមព្រៀង​ហ្សឺ​ណែវ ដែល​អាមេរិក​បាន​បដិសេធ​ចុះហត្ថលេខា​ទទួលស្គាល់​អ​ព្យា​ក្រឹ​ត​ភាព​របស់​កម្ពុ​ជា​។ ហើយ​ការ​នេះហើយ​ដែល​ជំរុញ​ឲ្យ​ព្រះអង្គម្ចាស់ សីហនុ ប្រញាប់​រក​សម្ព័ន្ធមិត្ត​នានា​ទៀត​។ ខ្ញុំ​សូម​រំ​ឮ​កថា ព្រះអង្គម្ចាស់ សីហនុ ធ្លាប់​មានបន្ទូលថា «​យើង​ចង់​មាន​មិត្ត​១០០០​នាក់​។ យើង​មិន​ចង់​មាន​សត្រូវ​សូម្បី​តែមួយ​នាក់​»​។ ប៉ុន្តែ​ដោយសារតែ អាមេរិក​មិនមាន​ឥរិយាបថ​គោរព​កម្ពុជា បន្តិច​ម្តងៗ​ព្រះអង្គម្ចាស់​សីហនុ​ត្រូវ​បែរ​រក​អ្នកណា​ដែល​គាំទ្រ​ព្រះអង្គ ជួយ​ព្រះអង្គ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ មិនមែន​មានតែ​ប្រទេស​ចិន​ទេ គឺមាន​ប្រទេស​ផ្សេងទៀត​កាន់តែ​ច្រើនឡើងៗ​។ បើ​ប្រៀបធៀប​មក​បច្ចុប្បន្ន វា​ដូចគ្នា​។  ពីព្រោះ យើង​សង្កេតឃើញថា ចាប់តាំងពី​មាន​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ (UNTAC)​មក វា​បាន​កើតមាន​ភាពជា​សត្រូវ​ពី​សំណាក់​អាមេរិក មកលើ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​។​



​លោក គី សុខ​លីម​៖ ចុះ​ហេតុអ្វី អាមេរិក​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា​?
​លោក Raoul Jennar៖ ពីព្រោះ ពួកគេ​ចង់បាន​មនុស្ស​ដែលមាន​កិត្តិនាម​ដែល​គាំទ្រ​លោកខាងលិច ហើយ​ដែលមាន​អារម្មណ៍​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក​។ នៅពេលនោះ (​ក្នុង​ឆ្នាំ​១៩៩៣) វា​មាន​មនុស្ស​ដែលមាន​លក្ខណៈ​បែបនេះ​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ វា​ដូចគ្នា​អ៊ីចឹង​ដែរ ដែលមាន​មនុស្ស​បែបនេះ​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ពី​ឆ្នាំ ១៩៥៥ ដល់​ឆ្នាំ​១៩៧០​។ យើង​ដឹង​ច្បាស់​ហើយ​ថា​មាន​មនុស្ស​ដូច​លោក​សេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់ សិរិមតៈ ដែល​សិ្ន​ទ្ធ​នឹង​សហរដ្ឋអាមេរិក​នាពេល​នោះ ហើយ​ចង់បាន​គោលនយោបាយ​គាំទ្រ​អាមេរិក​។ ហើយ​នៅក្នុង​គណបក្ស​ហ្វុនស៊ិនប៉ិច គឺមាន​មនុស្ស​បែបនេះ ដែល​ស្តាប់​អាមេរិក​។​

​ជាងនេះទៅទៀត វា​មានការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​មួយទៀត​។ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​មួយ​ដែល​បាន​បង្កើតឡើង​ក្រោយ​ឆ្នាំ​១៩៧៩ ដោយមាន​ការគាំទ្រ​ពី​ប្រទេស​វៀតណាម​ក្នុង​បរិបទ​នៃ​សង្គ្រាមត្រជាក់​នាពេលនោះ​។ គឺជា​គណបក្ស​កំ​ម្មុយ​នី​ស្ត ហើយ​ដែល​ក្រោយមក​បាន​វិ​វត្ត​ខ្លួន ហើយ​បាន​បង្កើត​សេដ្ឋកិច្ច​ទីផ្សារ​តាំងពី​ឆ្នាំ​១៩៨៩ និង​បន្ទាប់មក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​បង្កើត​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ក្រុម​អ្នកនយោបាយ​ដែល​មិនមាន​សម្មានចិត្ត​ពី​ធម្មជាតិ​ចំពោះ​អាមេរិក​តាំងពីដើម​មក​។ មេដឹកនាំ​ខ្លះ​ដែលជា​អ្នក​បាន​បង្កើត​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​នៅ​បន្ត​ដល់​បច្ចុប្បន្ននេះ សុទ្ធតែជា​អ្នក​ដែល​ធ្លាប់​ប្រយុទ្ធប្រឆាំង​របប​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៥​។ ទាំងអស់នេះ សុទ្ធតែជា​មូលហេតុ​…

​នៅពេលដែល​យើង​និយាយ​ពី​វិទ្យាសាស្ត្រ​នយោបាយ យើង​ត្រូវ​ព្យាយាម​យល់​ពី​ចិត្តសាស្ត្រ​នៃ​តួអង្គ​ទាំងអស់​។ ចិត្តសាស្ត្រ គឺជា​គោលការណ៍​សន្មត​មួយ​ដ៏​សំខាន់​។ នៅក្នុង​ចិត្តសាស្ត្រ​របស់​តួអង្គ​អាមេរិក ឥស្សរជន​ដូច​លោក ហ៊ុន សែន ពុំមែន​ជា​មិត្តភក្តិ​របស់​អា​មេ​រិ​កឡើ​យ​។  ចូរ​ក្រឡេកមើល​ឡើងវិញ​! នៅក្នុង​ប្រតិបត្តិការ​របស់​អ៊ុនតាក់ យើង​សង្កេតឃើញ ការសង​សឹក និង​ភាពជា​សត្រូវ​ដែល​កើតមាន​ទៅលើ​CPP និង​ទៅលើ​លោក ហ៊ុន សែន​។ ខ្ញុំ​នៅចាំ​ច្បាស់​ណាស់ ខ្ញុំ​ធ្វើការ​នៅទីនេះ​។ វិទ្យុ​អ៊ុនតាក់​ផ្សាយ​តែ​ព័ត៌មាន​ដែល​លម្អៀង និង​ប្រកាន់​បក្សពួក​។ ពេល​យើង​ស្តាប់​ព័ត៌មាន យើង​មាន​អារម្មណ៍​ថា លោក Timothy Carney ដែល​ដឹកនាំ​វិទ្យុ​អ៊ុនតាក់ មានគំនិត​លម្អៀង មានគំនិត​ស្អប់ និង​មិន​អព្យាក្រឹត​នោះទេ​។ យើង​ក៏បាន​ឃើញ International Republican Institute គាំទ្រ​ឥស្សរជន​គណបក្សប្រឆាំង​ដែលមាន​ជំហរ​នយោបាយ​ដាច់ខាត ដូច​លោក កឹម សុខា និង​លោក សម រង្ស៊ី​ដែរ​។ ពេលនោះ IRI ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា លោក Jonh McCain ដែល​បច្ចុប្បន្ន​គឺជា​អ្នកគាំទ្រ​ការប្រឆាំង​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ វា​មានគំនិត​ជាស​ត្រូវ​មិន​ឈប់ឈរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​វត្តមាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​ស្នូល​របស់​គណបក្ស​នេះ គឺ​សម្តេច ហ៊ុន សែន​។ នេះ​ជាការ​ពិត​មួយ​ដែល​យើង​អាច​មើលឃើញ​។​

​ផ្ទុយទៅវិញ ខ្ញុំ​អាច​បញ្ជាប់​ប្រាប់​លោក​ថា សម្តេច ហ៊ុន សែន ចង់​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​។ មើលចុះ​! គាត់​បាន​បញ្ជូន​កូនប្រុស​ម្នាក់​របស់គាត់​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បណ្ឌិតសភាយោធា​ដ៏​ល្បី​អាមេរិក​។ ខ្ញុំ​អាច​ធ្វើជា​សាក្សី​បាន​ថា ពុំមាន​«​គោលការណ៍​នៃ​ភាពជា​សត្រូវ​»​ពី​ជម្រៅ​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នោះឡើយ​។ តែ​យើង​ចង់បាន​ឲ្យ​អាមេរិក​ទុក​សិទ្ធិសេរីភាព​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ខ្លួនឯង​។​

​ខ្ញុំ​សូម​រំ​ឮ​ករឿង​មួយ​ដែល​ខ្ញុំ​គិតថា វា​មាន​សំខាន់​មែនទែន​។ នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ពេលនោះ​សម្តេច ហ៊ុន សែន ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ សហរដ្ឋអាមេរិក​គឺជា​សត្រូវ​នៃ​របប​នេះ​។ ទោះ​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅតែ​ទទួល​ស្វាគមន៍​ប្រតិភូ​នៃ​អតីតយុទ្ធជន​នៃ​សង្គ្រាម​វៀតណាម​ដើម្បី​ស្វែងរក​អដ្ឋ​ធាតុ​យោធា​អាមេរិក​ដែល​បាន​បាត់​ខ្លួន​លើទឹក​ដី​កម្ពុជា​។ កម្ពុជា​បានធ្វើ​យ៉ាង​ដូច្នេះ​។ លោក ហ៊ុន សែន បានធ្វើ​យ៉ាង​ដូច្នេះ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា វា​មិនមាន​គោលការណ៍​នៃ​ភាពជា​សត្រូវ​ពី​កម្ពុជា​នោះទេ គឺ​វា​មានតែ​ភាពជា​សត្រូវ​ក្នុង​វិស័យ​នយោបាយ ហើយ​នោះ​ក៏​ដោយសារតែ​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​កម្ពុជា​។ សម្រាប់​កម្ពុជា យើង​មិន​ដែលមាន​ជម្រើស​តែមួយ​ដែល​និយាយថា សហរដ្ឋអាមេរិក គឺ​អាក្រក់ ហើយ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​សុទ្ធតែ​ល្អ​នោះទេ​។ មិន​អ៊ីចឹង​ទេ​។ ខ្ញុំ​ចង់​និយាយថា សម្រាប់​លោក ហ៊ុន សែន ក៏ដូចជា​សម្រាប់​ព្រះអង្គម្ចាស់ សីហនុ យើង​ចង់​បានតែ​មិត្តភក្តិ​។ យើង​ជាម​នុស្ស​ងាយ​យល់​ទេ យើង​អាច​បត់បែន​បាន​។ កម្ពុជា​ជា​ប្រទេស​តូច​មួយ​ហ្នឹង​។ បើ​ឲ្យ​ខ្ញុំ​និយាយ​បង្ហាញ​ពី​ជម្រៅ​ចិត្ត​របស់​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នោះ​គឺថា ជា​ប្រជាជន​ដែលមាន​មោទកភាព​នឹង​ខ្លួនឯង ហើយ​ដែលមាន​វត្ថុបំណង​តែមួយ​ទេ គឺ​ចង់​ឲ្យ​គេ​ទុក​ឲ្យ​រស់​នៅតាម​ការជ្រើសរើស​របស់​ខ្លួនឯង តាម​ប្រពៃណី​ខ្លួនឯង ទម្លាប់​ខ្លួនឯង ដោយ​មិនមាន​ការជ្រៀតជ្រែក និង​សម្រេចចិត្ត​ជំនួស​ថា តើ​អ្វីដែល​ខ្លួន​ត្រូវធ្វើ ហើយ​អ្វីដែល​ខ្លួន​មិនត្រូវ​ធ្វើ​នោះ​។​

​លោក គី សុខ​លីម​៖ តើ​គេ​ត្រូវធ្វើ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក និង​គណបក្ស​ប្រជាជន​កម្ពុជា​យល់​គ្នា ឬ​កសាង​ទំនុកចិត្ត​រវាង​គ្នា​នឹង​គ្នា​បាន​?
​លោក Raoul Jennar៖ បើ​យើង​តាមដាន​មើល​អ្វីដែល​ជាការ​ចង់បានរ​បស់​រដ្ឋាភិបាល​វ៉ាស៊ីនតោន សម្តេច ហ៊ុន សែន ត្រូវតែ​បណ្តោយ​ខ្លួន និង​និយាយថា​ប្រាប់​អាមេរិក​ថា «​ខ្ញុំ​ត្រៀមខ្លួន​ធ្វើតាម​ការចង់បាន​រប​ស់​អ្នក​»​។ វា​មិនអាច​ទៅរួច​ទេ​។ វា​មិន​អាចធ្វើ​អ៊ីចឹង​ទេ​។ គឺ​សហរដ្ឋអាមេរិក​ទេ ដែល​ត្រូវ​ដូរ​ឥរិយាបថ​។ គឺ​សហរដ្ឋអាមេរិក​ដែល​ត្រូវ​និយាយថា ចាប់ពីពេលនេះ​ទៅ យើង​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ហើយ​យើង​ជួយ​កម្ពុជា​ទៅតាម​លទ្ធភាព​ដែល​យើង​អាចជួយ​បាន​។ ត្រង់​ថា សហរដ្ឋអាមេរិក ចង់​ជួយ ឬ​មិន​ចង់​ជួយ​កម្ពុជា នោះ​គឺជា​សិទ្ធិ​របស់​ពួកគេ​។ ប៉ុន្តែ​ត្រូវគោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ហើយ​កុំ​ព្យាយាម​ផ្លាស់ប្តូរ​មេដឹកនាំ ដើម្បី​ខ្លួន​ចង់បាន​អ្នកដឹកនាំ​ណា​ដែល​ស្តាប់​តាម​បញ្ជា​ខ្លួន​នោះ​។



​លោក គី សុខ​លីម​៖ ដូច្នេះ​តាម​យោបល់​លោក គឺ​អាមេរិក​ត្រូវ​ដូរ​ឥរិយាបថ ត្រូវ​ដូរ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​?
​លោក Raoul Jennar៖ សហរដ្ឋអាមេរិក​ត្រូវ​ប្រើ​ឥរិយាបថ​ចំពោះ​កម្ពុជា ដូចដែល​ខ្លួន​បានធ្វើ​ចំពោះ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត ឬ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។ សហរដ្ឋអាមេរិក​បាន​គាំទ្រ​ពេញទំហឹង នូវ​នយោបាយ​មួយ​ដែល​ប្រឆាំងនឹង​ច្បាប់​អន្តរជាតិ​ស្តី​ការដាក់​អាណានិគម​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​។ សហរដ្ឋអាមេរិក​មិនដែល​និយាយប្រាប់​អ៊ីស្រាអែល​ឲ្យ​ឈប់​ដាក់​អាណានិគម​នេះ​ទេ​។ សហរដ្ឋអាមេរិក​បាន​ប្រើ​សិទ្ធិ វេតូ ប្រឆាំងនឹង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​សម្រេច​ថា ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែ​ល​គឺ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​។ បើសិនជា​សហរដ្ឋអាមេរិក​ធ្វើ​អ​កប្ប​កិរិយា​ចំពោះ​កម្ពុជា ដូច​សហរដ្ឋអាមេរិក​ធ្វើ​ចំពោះ​អ៊ីស្រាអែល​ដែរនោះ ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​នឹង​ល្អ​លើសគេ​ក្នុង​លោក​នេះ​។ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា ពុំមាន​គោលការណ៍​ធ្វើជា​សត្រូវ​ជាមួយ​សហរ​ដ្ឋ​អាមេរិក​នោះទេ​។ បើសិនជា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឬ​រដ្ឋបាល​របស់គាត់​អនុម័ត​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កម្ពុជា ដូចដែល​ពួកគេ​បានធ្វើ​ចំពោះ​អ៊ី​ស្រា​អ៊ែ​ល ឬ​ចំពោះ​អា​រ៉ា​ប៊ី សា​អូឌីត រដ្ឋាភិបាល​កម្ពុជា​ពិតជា​សប្បាយចិត្ត​មែនទែន​ហើយ​៕



Tag:
 Raoul Jennar
  ហ៊ុន សែន​
  នរោត្តម សីហនុ​
  អរិភាព​
  កម្ពុជា​-​អាមេរិក​
  hostility
© រក្សាសិទ្ធិដោយ thmeythmey.com