ជាតិ
ទោះ​ដឹ​ង​មិន​ឈ្នះ​កៅអី​ព្រឹទ្ធសភា តែ​លោក ពេជ្រ ស្រស់ ចង់​បំពេញ​ឆន្ទៈ​អង្គ​បោះឆ្នោត​
11, Jan 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​យុវជន​កម្ពុជា បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ជាមួយ​គណបក្ស​៣​ផ្សេងទៀត នៅ​ខែ​កម្ភៈ ខាងមុខនេះ​។ គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខភាព​ប្រកួតប្រជែង​តែ ៣​ភូមិភាគ​ប៉ុណ្ណោះ​។ ទោះជា​ដាក់​បេក្ខភាព​ប្រកួតប្រជែង​ហើយ​ក្តី ប៉ុន្តែ​គណបក្ស​យុវជន​កម្ពុជា មិន​រំពឹង​ទទួលបាន​កៅអី​ព្រឹទ្ធសភា​ឡើយ​។



​ភូមិភាគ​ចំនួន​៣ ដែល​គណបក្ស​យុវជន​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ​នោះ រួមមាន ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ , ទី​២ កំពង់ចាម និង​ត្បូងឃ្មុំ និង​ទី​៣ កណ្ដាល ។ គណបក្ស​យុវជន​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ ៣៨​នាក់ ក្នុង​ភូមិភាគ​ទាំង​៣​នេះ ខណៈ​មាន​អង្គ​បោះឆ្នោត​ពី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ តែ​៣​ប៉​ណ្ណោះ ដែល​ទទួលបាន​ពី​ការបែងចែក​អាសនៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លទ្ធភាព​ទទួលបាន​អាសនៈ​ព្រឹទ្ធសភា​របស់​គណបក្ស​យុវជន​នេះ ទំនង​គ្មាន​ឡើយ​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ទទួលស្គាល់ថា គណបក្ស​លោក​នឹងមិន​ទទួលបាន​កៅអី​ព្រឹទ្ធសភា​នោះទេ ព្រោះតែ​អង្គ​បោះឆ្នោត​គ្មាន​សំឡេង​គ្រប់គ្រាន់​។ ប៉ុន្តែ​មូលហេតុ​ដែល​លោក សម្រេច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នេះ ដើម្បី​បំពេញ​សិទ្ធិ​អង្គ​បោះឆ្នោត​ខ្លួន ពោលគឺ​មិន​ចង់​បោះបង់​ការចូលរួម ដូច​គណបក្ស​ដទៃ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណបក្ស​យុវជន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មិន​យក​គំរូ​តាម​គណបក្ស​ដទៃ ដែល​ដឹងខ្លួន​ថា​មិន​ឈ្នះ ហើយ​សុខចិត្ត​ឲ្យ​អង្គ​បោះឆ្នោត​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​នោះ គឺ​យើង​មិន​ធ្វើតាម​ទេ យើង​មិនអាច​លក់​សិទ្ធិ​អង្គ​បោះឆ្នោត​យើង​ទេ …​។ ដូច្នេះ​យើង​ដាក់ពាក្យ​ប្រកួតប្រជែង​នេះ យើង​មិនមែន​សង្ឃឹមថា ទាល់តែ​បាន​កៅអី​ទើប​ដាក់​ទេ គឺ​អត់​ទេ គឺ​យើង​ត្រូវបំពេញ​សិទ្ធិ​អង្គ​បោះឆ្នោត​តែម្ដង ទោះ​អង្គ​បោះឆ្នោត​យើង​មិន​ទទួលបាន​សំឡេង​គ្រប់​កូរ៉ុម​ក្នុង​ព្រឹទ្ធសភា​»​។​

​បើទោះជា​ដឹងថា ខ្លួន​គ្មាន​លទ្ធភាព​ទទួលបាន​កៅអី​ក្តី ប៉ុន្តែ​លោក ពេជ្រ ស្រស់ នៅតែ​លួច​សង្ឃឹមលើ អង្គ​បោះឆ្នោត​គណបក្ស​ដទៃទៀត ក្នុងការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​ច្បាស់លាស់​មួយ ដោយ​ងាក​មក​បោះឆ្នោត​គាំទ្រ​គណបក្ស​ខ្លួន ឲ្យ​ទទួលបាន​អាសនៈ​ក្នុង​ព្រឹទ្ធសភា ដើម្បី​អាចមាន​លទ្ធភាព​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​។​«​ទី​១ យើង​សង្ឃឹម​អង្គ​បោះឆ្នោត​៣​សំឡេង​នេះ​។​ទី​២ យើង​សង្ឃឹម​ដល់​អង្គ​បោះឆ្នោត​ដទៃ បើ​គេ​គិតថា ចង់​ឲ្យ​គណបក្ស​យុវជន​កម្ពុជា ចូលរួម​អភិវឌ្ឍន៍​ជាតិ កសាង​ជាតិ ដូច្នេះ​វា​ពួកគេ​ទុកចិត្ត​យើង បោះឆ្នោត​ឲ្យ​បក្ស​យើង​ក៏​ថា​បានដែរ​»​។ នេះ​ជា​ក្តី​រំពឹង​បន្តិចបន្តួច​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។​

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កម្ភៈ ដោយមាន​គណបក្ស​ចំនួន​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង​ក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ​។ អង្គ​បោះឆ្នោត​ទាំង​២៥​រាជធានី​-​ខេត្ត សរុប​ចំនួន ១១,៦៩៥​នាក់​។

​អាសនៈ​ព្រឹទ្ធសភា​មាន​៨​ភូមិភាគ ក្នុងនោះ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ មាន​៦​អាសនៈ​, ភូមិភាគ​ទី​២ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​, ភូមិភាគ​ទី​៣ ខេត្តកណ្តាល មាន​៥​អាសនៈ​, ភូមិភាគ​ទី​៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១0​អាសនៈ​, ភូមិភាគ​ទី​៥ ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប មាន​៧​អាសនៈ​, ភូមិភាគ​ទី​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ​, ភូមិភាគ​ទី​៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ មាន​៩​អាសនៈ​, ភូមិភាគ​ទី​៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​មណ្ឌលគិរី មាន​៦​អាសនៈ​៕

អត្ថបទទាក់ទង



Tag:
 ពេជ្រ ស្រស់​
 ​ បោះឆ្នោត​
 ​ ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com