ជាតិ
គម្រោង​ផ្លូវជាតិ​លេខ​៥ ត្រូវ​ចំណាយ​ជាង ២៤៦​លាន​ដុល្លារ និង​ប្រើពេល​៤​ឆ្នាំ
11, Jan 2018 , 9:41 am        
រូបភាព
រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ផ្លូវជាតិ​លេខ​៥ ដែលមាន​ប្រវែង ១៣៥.២៥​គីឡូម៉ែត្រ គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ២៤៦,៣៥​លាន ដុល្លារ​។ គម្រោង​ផ្លូវ​នេះ ជា​ប្រភេទ​ផ្លូវ DBST ដែល​ត្រូវការ​ពេ​លវេលា​៤​ឆ្នាំ ដើម្បី​សាងសង់​ឲ្យ​រួចរាល់​។ ការសាងសង់​ផ្លូវ​នេះ គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ពី​ក្រុមហ៊ុន Katahira & Engineers International (KEI) និង​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​(JICA)​។​



​គម្រោង​ផ្លូវជាតិ​លេខ​៥ ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​លេខ​១ ដែល​ត​ភ្ជាប់​ពី​មី​យ៉ាន់​ម៉ា ថៃ កម្ពុជា និង​វៀតណាម ដែលជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់​សម្រាប់​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម ពិសេស​វា​ជា​សរសៃឈាម​ដ៏​ធំ​មួយ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​ថែមទៀត​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​(AKP) បាន​ស្រង់​សម្តី​របស់លោក វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ទៅ​ចុះផ្សាយ​ថា ការសាងសង់​ផ្លូវជាតិ​លេខ​៥ នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២១​។ ទីភ្នាក់ងារសារព័ត៌មាន​ជាតិ បាន​ចុះផ្សាយ​សម្តី​របស់លោក វ៉ា ស៊ឹម​សូរិយា ទៀតថា ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​ដែល​ស្ថិតនៅក្នុង​ផ្លូវ​អាស៊ាន និង​ជា​ផ្លូវ​គោល​ស្ថិតនៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ដែល​ផ្ដល់នូវ​សារសំខាន់ ដោយ​ផ្ដោតទៅលើ​សកម្មភាព​ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​ផលិតផល កសិផល​ផ្សេងៗ ដើម្បី​ត​ភ្ជាប់​ទៅកាន់​ប្រទេស ក្នុង​តំបន់ និង​ពិភពលោក​។​

​នៅ​ព្រឹក​ថ្ងៃទី ១០ ខែមករា នេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាងសង់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​)​។ ក្រោយ​បញ្ចប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បាន​ប្រាប់​ក្រុមអ្នកកាសែត​ពី​គម្រោង​សាងសង់​សំខាន់ៗ​មួយចំនួនទៀត ដូចជា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ ពី​អ្នក​លឿង​ដល់​ផ្លូវជាតិ​លេខ​៧ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៣ ពី​២​គន្លង​ទៅ​៤​គន្លង មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ និង​គម្រោង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៣ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ហើយ​និង​គម្រោង​សាងសង់​ស្ពាន​នៅ​ស្ទឹងត្រង់​ឆ្លងទន្លេ​មេគង្គ​។

​រដ្ឋមន្ដ្រីក្រសួង​សាធារណការ​រូបនេះ បន្តថា ដើម្បី​ធានាបាន​នូវ​ការប្រើប្រាស់​យូរអង្វែង អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​ជាតិ គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​មិនត្រូវ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ធ្វើ​ឲ្យ​ខូច​ផ្លូវ ហើយ​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ឡើយ​៕


Tag:
 ស៊ុន ចាន់ថុល​
  ​ផ្លូវជាតិ​លេខ​៥
© រក្សាសិទ្ធិដោយ thmeythmey.com