កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ត្រៀម​ប្រជែង​ជាមួយ Arsenal និង Man City យក Evans ទៅ Old Trafford វិញ​
11, Jan 2018 , 7:19 pm        
រូបភាព
Jonny Evans កាលនៅជាសមាជិករបស់ Manchester United
Jonny Evans កាលនៅជាសមាជិករបស់ Manchester United
​ក្រុម​បិសាច​ក្រហម Manchester United ត្រៀម​រួចជាស្រេច​ដើម្បី​ដណ្តើមយក​ខ្សែការពារ របស់​ក្រុម West Bromwich Albion កីឡាករ Jonny Evans ត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ ស្រព​ពេលដែល​រូបគេ​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់ Arsenal និង Manchester City ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Metro​។



​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​មេឃ​ខៀវ Manchester City ធ្លាប់បាន​ទាក់ទង​ជាមួយ West Brom ដើម្បី​នាំយក​អតីត​ខ្សែការពារ Manchester United ទៅ​រួម​ក្រុម​នៅ​ខែមករា​នេះ ខណៈ​រូបគេ​បាន​បដិសេធ​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​។​

​ខ្សែការពារ​អន្តរជាតិ​អៀរ​ឡង់​ខាងជើង វ័យ​៣០​ឆ្នាំ ដែល​ផ្ទេរ​ពី​ក្រុម​រហស្សនាម​បិសាច​ក្រហម​ក្នុងតម្លៃ​ត្រឹមតែ ៦​លាន​ផោន ប្រមាណ ៨​លា​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៥ នៅសល់​កិច្ចសន្យា​រយៈពេល ១​ឆ្នាំកន្លះ​ទៀត​ជាមួយ West Brom​។

​លោក Arsene Wenger បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន​រូបគេ​ទៅ Emirate Stadium តែ West Brom ត្រូវការ​តម្លៃ​ផ្ទេរ ២៥​លាន​ផោន ប្រហែល​ជាង​៣៣​លាន​ដុល្លារ ស្របពេល​ដែល​លោក Pep Guardiola ក៏​កំពុង​ស្វែងរក​ខ្សែការពារ​កណ្ដាល​ផងដែរ ត្បិត Otamendi និង Vincent Kompany កំពុង​ញាំញី​ដោយសារ​របួស​។​

​ចំណែក​លោក Jose Mourinho ក៏​ដាក់​គោលដៅ​ចង់បាន Evans ត្រឡប់មក Manchester United វិញ​ដែរ ដោយ​មិន​ចង់​ឲ្យ​រូបគេ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ដែលជា​គូប្រជែង​ឡើយ​។ អតីត​អ្នកចាត់ការ Real Madrid និង Chelsea រូបនេះ​បាន​ប្រាប់​ខាង West Brom ថា​ពួកគេ​ចង់​ក្លាយជា​ក្រុម​ដំបូង​ដែល​ដឹង​ពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ខ្សែការពារ​រូបនេះ​ចាកចេញ​បាន​។​

Mourinho ធ្លាប់បាន​លើកឡើង​ដែរ​ថា ប្រសិនបើ​លោក​ជា​អ្នកដឹកនាំ Manchester United អំឡុង​លោក Louis van Gaal នៅ​កាន់កាប់​នោះ លោក​នឹងមិន​អនុញ្ញាត​ឲ្យ​កីឡាករ​មួយចំនួន​ដូចជា Angel Di Maria, Danny Welbeck ឬ Javier Hernandez រួមទាំង Jonny Evans ចាក​ចេញពី​ក្លិប​ឡើយ​៕


Tag:
 បាល់ទាត់​
  Manchester United
  Jonny Evans
© រក្សាសិទ្ធិដោយ thmeythmey.com