កីឡាជាតិ
ជាតិ
ភ្នំពេញក្រោននាំចូលខ្សែការពារអាមេរិក Jonny Campbell ខ្សែការពារសញ្ជាតិអាមេរិក Jonny Champbell កាន់ស្លាកឈ្មោះក្លិបភ្នំពេញក្រោនក្រោយចុះកិច្ចសន្យា, រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
× ក្រោយធ្វើតេស្តសមត្ថភាពអស់រយៈពេលពីរសប្តាហ៍ភ្នំពេញក្រោនបានសម្រេចចុះកុងត្រានាំចូលខ្សែការពារ Jonny Campbell សញ្ជាតិអាមេរិកសម្រាប់ត្រៀមក្របលីគកំពូលកម្ពុជារដូវកាលក្រោយ។ ការឈានដល់កិច្ចព្រមព្រៀងនេះបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅលើទីលាន និងសម្រេចបាន១គ្រាប់ក្នុងជំនួបមិត្តភាពជាមួយក្រុម Terengganu FC ដែលជាទ្រនំថ្មីរបស់ខ្សែបម្រើ ធារី ចន្ថាប៊ីន។
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចុះកុងត្រា១រដូវកាលជាមួយខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អនាការប្រកួតតេស្តសមត្ថភាពកាលពីកន្លងទៅ។ ការចុះកិច្ចសន្យានេះធ្វើឡើងក្រោយ១ថ្ងៃបន្ទាប់ពីរូបគេរកបាន១គ្រាប់ក្នុងជ័យជម្នះ ២-១ របស់ភ្នំពេញក្រោនលើក្រុមថ្មីរបស់ខ្សែបម្រើ ធារី ចន្ថាប៊ីន Terengganu FC នាការប្រកួតមិត្តភាពកម្តៅសាច់ដុំត្រៀមមុនបើករដូវកាលថ្មីកាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅកីឡដ្ឋាន RSN។
បើយោងតាមទំព័រហ្វេសប៊ុកក្លិបភ្នំពេញក្រោន មុនចុះកិច្ចសន្យាជាមួយភ្នំពេញក្រោនកាលពីឆ្នាំ២០១៧ ខ្សែការពាររូបនេះជាសមាជិករបស់ក្លិបក្របខណ្ឌទី៣ថៃ Chachoengsao FC។ មុនមកប្រកបអាជីពនៅថៃខ្សែការពារសញ្ជាតិអាមេរិករូបនេះធ្លាប់លេងឲ្យក្លិប Miami City របស់អាមេរិកនៅឆ្នាំ២០១៦, ក្លិប Charlotte Independence ឆ្នាំ២០១៥ និងក្លិប Philadelphia Fury កាលពីឆ្នាំ២០១៤។
ក្រោយចុះកិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិអាមេរិករូបនេះថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោនបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖«យើងទាំងអស់គ្នាមានក្តីរំពឹងថា វត្តមានរបស់កីឡាកររូបនេះនឹងអាចរួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លិបឲ្យទទួលជោគជ័យនារដូវកាលថ្មីខាងមុខ»៕
Tag:
បាល់ទាត់
ធារី ចន្ថាប៊ីន
ភ្នំពេញក្រោន
Jonny Campbell
© រក្សាសិទ្ធិដោយ thmeythmey.com