ជាតិ
លោក លី ខឹ​ឈាំ​ង​៖ ចិន​នឹង​ផ្តល់ជំនួយ​ចាំបាច់​ដល់​កម្ពុជា ដើម្បី​រក្សា​ស្ថិរភាព​
12, Jan 2018 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ ចិន សន្យា​ផ្ដល់ជំនួយ​ចាំបាច់​គ្រប់យ៉ាង​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅ​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុងប្រទេស​។ ការសន្យា​របស់​ចិន​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ មករា​។​



​នាយករដ្ឋមន្ត្រី​ចិន បានបង្ហាញ​ជំហ​ជាថ្មី​ថា ចិន​គោរព​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​។ ហើយ​ចិន​គាំទ្រ​ចំពោះ​ប្រជាជន​កម្ពុជា ក្នុងការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍ​ស្របទៅនឹង​លក្ខខណ្ឌ​របស់ខ្លួន​។ និយាយ​ត្រង់នេះ​លោក លី ខឹ​ឈាំ​ង បានបង្ហាញ​ឆន្ទៈ​ថា ចិន​នឹង​ផ្ដល់ជំនួយ​ចាំបាច់​ដល់​កម្ពុជា ដើម្បី​រក្សា​ស្ថិរភាព សន្តិភាព និង​សម្រេច​ការអភិវឌ្ឍ​ប្រ​ទស ក្នុងទិសដៅ​កែលម្អ​ជីវភាព​ប្រជាជន​កម្ពុជា​។

​សេចក្តីប្រកាស​រួម ក្នុងជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ចិន បានលើកឡើង​ដូច្នេះ​ថា​៖«​ចិន​អបអរសាទរ​យ៉ាង​កក់​ក្ដៅ ចំពោះ​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ភាគី​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ជាតិ និង​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​។​

​ភាគី​ចិន នឹង​បន្ត​ជួយ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​នានា ដូចជា​ការដឹកជញ្ជូន ការ​សន្សំ​ទឹក ការ​បោសសម្អាត​មីន សេវា​អប់រំ និង​វេជ្ជសាស្ត្រ​។ ជាពិសេស​ការជំរុញ​លើ​ការ​សាស​សង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ និង​អគារ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន នៅ​ភ្នំពេញ និង​មន្ទី​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​រួម​។​

​បន្ថែម​ពីនេះ​ចិន​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ ១៨០០​លាន​យ័ន្ត ដែលមាន​ទឹក​ប្រមាណ ២៧៦​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​តូច​-​ធំ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។​

​ឆ្លើយតប​រដ្ឋាភិបាល​ចិន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ប្រកាស​ជាថ្មី អំពី​ជំហ​ប្រកាន់​យ៉ាង​ម៉ឹងម៉ាត់​នូវ​គោលនយោបាយ​ចិន​តែមួយ ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ចិន ក្នុង​កិច្ចការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​៕



Tag:
 លី ខឹ​ឈាំ​ង​
 ​ ចិន​
 ​ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com