អន្តរជាតិ
ពូទីន ផ្ដាំអាមេរិក៖ បើលូកលាន់ផ្ទៃក្នុងប្រទេសផ្សេង គេមិននៅស្ងៀមឡើយ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបជាមួយសារព័ត៌មាន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១១ ខែមករា បានចោទអាមេរិកថា កកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសផ្សេងគ្រប់កន្លែង និងប្រាប់ឲ្យអាមេរិកត្រៀមខ្លួនទទួលផលវិញ ព្រោះប្រទេសដទៃនឹងមិននៅស្ងៀមឲ្យអាមេរិកធ្វើអ្វីតាមចិត្តឡើយ។ លោក ពូទីន ក៏ប្រកាសជំហររបស់រុស្ស៊ី ដោយមិនជ្រៀតជ្រែកកិច្ចការប្រទេសផ្សេងដូចអាមេរិកឡើយ។
សំណុំរឿងអាមេរិកចោទប្រកាន់រុស្ស៊ីថា លូកលាន់កិច្ចការបោះឆ្នោតនៅមិនទាន់បញ្ចប់ទេ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានហៅការដាក់ទណ្ឌកម្មពីសំណាក់អាមេរិកលើរុស្ស៊ី គឺជាការឆ្លើយតបដ៏ហួសហេតុ និងពឹងផ្អែកទាំងស្រុងលើព័ត៌មានដែលមិនច្បាស់លាស់។ លោកប្រធានាធិបតីរុស្ស៊ីចាត់ទុកទណ្ឌកម្មអាមេរិក ជាទង្វើមុតស្រួច និងជាការឈ្លានពានទៅទៀត។
ចំពោះមុខសារព័ត៌មានធំៗរបស់រុស្ស៊ី លោក ពូទីន និយាយថា គ្មានប្រទេសពេញចិត្តនឹងការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួនពីខាងក្រៅឡើយ ហើយលោកគិតថា អាមេរិកផ្ទាល់ក៏មិនចូលចិត្តសកម្មភាពនេះដែរ។ ប៉ុន្តែលោក ពូទីន អះអាងថា អាមេរិកបានធ្វើទង្វើបែបនេះរហូតមក តាមរយៈការប៉ុនប៉ងលូកលាន់ការងារប្រទេសផ្សេង ដោយចាត់ទុកសកម្មភាពរបស់ខ្លួនជារឿងធម្មតាទៅវិញ តែជារឿងខុសឆ្គងសុទ្ធសាធ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។
ជាមួយនឹងទង្វើរបស់អាមេរិកបែបនេះ លោកប្រធានាធិបតី ពូទីន ក៏បានផ្ដាំដែរថា អាមេរិកគួរត្រៀមខ្លួនឲ្យហើយ ដ្បិតប្រទេសដែលអាមេរិកលូកលាន់នោះ នឹងធ្វើសកម្មភាពតបតវិញមិនខាន។ យ៉ាងណាមិញ រុស្ស៊ីមិនដែលបានលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាមេរិក ហើយក៏គ្មានផែនការធ្វើដូច្នោះដែរ ទោះជារុស្ស៊ីត្រូវវាយបកអាមេរិក ដែលដាក់ទណ្ឌកម្មលើខ្លួនដោយប្រើហេតុផលមិនមានភស្តុតាងជាក់ស្ដែងក្ដី។
ដោយសារតែសំណុំរឿងលូកលាន់ការបោះឆ្នោតនេះហើយ ទើបធ្វើឲ្យទំនាក់ទំនងរុស្ស៊ី និងអាមេរិក ល្អក់កករមកដល់បច្ចុប្បន្ន ទោះជាលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកទៅហើយក្ដី។ អាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ហើយការស៊ើបអង្កេតករណីនេះកំពុងធ្វើឡើងនៅឯទីក្រុងវ៉ាស៊ីនតោន ដោយជាប់ពាក់ព័ន្ធមនុស្សជាច្រើន រាប់ទាំងកូនប្រសារលោក ត្រាំ ផង។ ទំនាក់ទំនងនេះអាចប្រសើរឡើងវិញ ឬអត់ គឺអាស្រ័យលើអាមេរិក។ នេះជាការបញ្ជាក់របស់លោក ពូទីន ។
ប្រធានាធិបតីរុស្ស៊ីបានប្រាប់ឲ្យអាមេរិកស្វែងរកឆន្ទៈ ទឹកចិត្ត ដើម្បីកសាងមិត្តភាពជាមួយរុស្ស៊ីឡើងវិញ ព្រោះការពង្រឹងទំនាក់ទំនងទ្វេភាគីនឹងផ្ដល់ប្រយោជន៍ឲ្យប្រទេសទាំងសងខាង។ មកទល់ពេលនេះ ទណ្ឌកម្មអាមេរិកលើប្រជាជន ក្រុមហ៊ុនពាណិជ្ជកម្ម រហូតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី នៅតែមានជាធរមាន ឯទ្រព្យសម្បត្តិរុស្ស៊ីជាច្រើននៅអាមេរិកក៏ត្រូវដកហូតដែរ។ ស្ស៊ីវិញក៏បានឆ្លើយតបវិញបានដោយបានរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការអាមេរិកដូចគ្នាដែរ៕
Tag:
រុស្ស៊ី
អាមេរិក
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com