ជាតិ
ប៉ូលិស​កម្ពុជា​គ្រោង​បណ្តេញ​បុរស​អាមេរិកាំង​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការយាយី​ផ្លូវភេទ​កុមារ​
12, Jan 2018 , 7:59 pm        
រូបភាព
ដោយ:
៖ ក្រុម​អាជ្ញាធរ​ខ្មែរ​គ្រោង​នឹង​បណ្តេញ​ជនជាតិ​អា​មេ​កាំ​ង​ម្នាក់​ចេញពី​កម្ពុជា​នៅ ថ្ងៃទី​១៩ ខែមករា​ខាងមុខ ក្រោយពី​បាន​ចាប់ខ្លួន​បុរស​នោះ ក្រោម​បទ​ចោទ ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​យាយី​ផ្លូវភេទ​លើ​កុមារ​កាលពី​២​ឆ្នាំមុន​។ នេះ​បើ តាម​ការអះអាង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​។​



«​ចូលមក​កម្ពុជា​យូរហើយ ហើយ​លិខិតឆ្លងដែន​ជនសង្ស័យ​នេះ​ត្រូវ​ក្រសួងការបរទេស​អាមេរិក​លុបចោល ហើយ​ស្នើ​មក​អគ្គស្នងការ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​យើង ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មន្ត្រី​យើងខ្ញុំ​បាន​រកឃើញថា បុរស​នេះ​ស្នាក់នៅ​សៀមរាប ហើយ​យើង​ក៏មាន​ដាន​ថា មាន​បងប្រុស​បុរស​នេះ​មក យើង​ក៏​ដាក់​កម្លាំង​តាម​ទៅដល់ តាម​ទៅ​ក៏បាន​ឃើញ បុរស​នេះ​នៅ​កំពត​។ អញ្ចឹង​យើង​ឃាត់ខ្លួន​នៅ​កំពត​ទ‍ៅ​»​។​



​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ក្រុង Loudoun County រដ្ឋ​វី​ជី​នៀ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សាំ​ញូ​អែល ឌី ឡូ​វច​យ ( Samnuel D. LovJoy) អាយុ ៣១​ឆ្នាំ រស់នៅក្នុង​សង្កាត់ Ashburn រដ្ឋ​វី​ជី​នៀ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ ក្រោយ​ពេលដែល​មានការ​ស៊ើបអង្កេត​ថា បុរស​នេះ​មានការ ពាក់ព័ន្ធ​នឹង​ការយាយី​ផ្លូវភេទ​លើ​កុមារ​។ តែ​បុរស​នេះ​បាន​បង់ប្រាក់​ធានា​ចំនួន​២៥.០០០ ដុល្លារ​ឲ្យ​បាន​នៅក្រៅ​ឃុំឃាំង​។ បុរស​នេះ​ក្រោយមក​ត្រូវគេ​រាយការណ៍​មក​ថា គេចខ្លួន​ទៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែ មករា​កន្លងទៅ​។​

​លោក អ៊ុក ហៃ​សីឡា បាន​បន្តថា អាជ្ញាធរ​កំពុង​សហកា​រ​ជាមួយ​មន្ត្រី​សហរដ្ឋ​អា មេ​រិ​ក​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ក្នុង​តំបន់​ដើម្បី​បញ្ជូន​ខ្លួន​បុរស​អាមេរិកាំង​នេះ​ទៅ​បន្ត​នីតិវិធី​ច្បាប់​នៅ​ប្រទេស​អាមេរិក ទៅតាម​ច្បាប់​អន្តោប្រវេសន៍​។​

«​ដោយសារ​ជនបរទេស​ដែល​ស្នាក់នៅ​ប្រទេស​កម្ពុជា​មិនមាន​លិខិតឆ្លងដែន អញ្ចឹង​យើង​ត្រូវ​ចាប់ខ្លួន​បណ្តេញ​ចេ​ញ‍​»​។​

​តាមច្បាប់​រដ្ឋ​វី​ជី​នៀ​ជនសង្ស័យ​អាច​ជាប់គុក​ចាប់ពី ២ ទៅ​១0​ឆ្នាំ​និង​ពិន័យ​ជា ប្រាក់​រហូតដល់ ១០០.០០០​ដុល្លារ បើ​រកឃើញថា មានទោស​ធ្ងន់ធ្ងរ​ជា​អតិបរមា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com