កីឡាជាតិ
ជាតិ
ក្រុមជើងឯក Never Care និងក្រុម Infinity ចេញទៅប្រជែងជើងឯក MATIC នៅថៃ ក្រុម Never Care ទទួលពានរង្វាន់ជើងឯក MATIC ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងទៅ
× ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា(E-sport)ចំនួនពីររួមមានម្ចាស់ជើងឯក MATIC ឆ្នាំ២០១៧ Never Care និង Infinity ចេញទៅប្រជែងដណ្តើមជើងឯក MATIC (Mission Against Terror International Championship) អន្តរជាតិឆ្នាំ២០១៨ នៅប្រទេសថៃ។ ការប្រកួតប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានក្រុមចំនួន១២មកពី៦ប្រទេសចូលរួម។
ម្ចាស់ជើងឯក MATIC អន្តរជាតិឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី Never Care បានដឹកដៃក្រុមចំណូលថ្មី Infinity ទៅប្រជែងដណ្តើមជើងឯកព្រឹត្តិការណ៍ MATIC អន្តរជាតិប្រចាំឆ្នាំ២០១៨ នៅប្រទេសថៃកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាលោក លន់ សាមឌី រំពឹងថា ក្រុមកម្ពុជានឹងទទួលបានលទ្ធផលល្អ ពិសេសក្រុម Never Care នឹងអាចការពារតំណែងជើងឯករបស់ខ្លួននៅឆ្នាំនេះ។
កត្តាដែលធ្វើឲ្យអគ្គលេខាធិការសហព័ន្ធរូបនេះមានទំនុកចិត្តបែបនេះ ដោយសារក្រុម Never Care ជាក្រុមខ្លាំងដែលពោពេញដោយបទពិសោធក្នុងការប្រកួតអន្តរជាតិ។ នេះជាលើកទី៣ហើយសម្រាប់ Never Care ក៏ដូចជាសហព័ន្ធដែលចូលរួមកម្មវិធីនេះ ខណៈកាលពីឆ្នាំ២០១៧ ក្រុម Never Care គ្រងតំណែងជើងឯក និងឆ្នាំ២០១៦ គ្រងជើងឯករង។
ការយល់ចិត្តរបស់សមាជិកក្នុងក្រុមបានជំរុញឲ្យប្រធានក្រុម Never Care លោក សេនតូ ដាក់ក្តីរំពឹង៧០ភាគរយក្នុងការការពារតំណែងជើងឯករបស់ខ្លួននៅឆ្នាំនេះ។ ទន្ទឹមនឹងក្តីរំពឹង ភាពខ្លាំងរបស់គូប្រជែងបានក្លាយជាក្តីកង្វល់សម្រាប់ក្រុមការពារតំណែងជើងឯកមួយនេះ ដោយពួកគេបានចាត់ទុកថៃ និងម៉ាឡេស៊ីជាឧបសគ្គធំសម្រាប់ខ្លួន។
ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអន្តរជាតិ MATIC ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីក្រុម Never Care បានផ្តួលម្ចាស់ជើងឯកពីរជំនាន់របស់ថៃ Superior នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯកប្រចាំព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2017។ ជ័យជម្នះនេះក្រុមកម្ពុជាទទួលបានពាន១និងប្រាក់រង្វាន់លើកទឹកចិត្ត១៥,០០០ដុល្លារ។
ការទទួលបានកៅអីចេញទៅប្រជែងជើងឯកនៅឆ្នាំនេះ បន្ទាប់ក្រុម Never Care និងក្រុម Infinity គ្រងជើងឯក និងជើងឯករងជាបន្តបន្ទាប់នៃការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧។ ការប្រកួតជើងឯក MATIC ដែលថៃធ្វើជាម្ចាស់ផ្ទះមានក្រុមចំនួន១២ចូលរួម។ ក្នុងនោះម្ចាស់ផ្ទៃ៣ក្រុម, កម្ពុជា២ក្រុម, ចិន២ក្រុម, សិង្ហបុរី២ក្រុម, ម៉ាឡេស៊ី២ក្រុម និងឥណ្ឌូណេស៊ី១ក្រុម។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តឆ្នាំនេះក្រុមជើងឯកទទួលបាន១៥,០០០ដុល្លារ, លេខ២បាន៧ពាន់ដុល្លារ, លេខ៣បាន៤ពាន់ដុល្លារ និងលេខ៤បាន២,៥០០ដុល្លារ៕
Tag:
E-sport
MATIC
លន់ សាមឌី
© រក្សាសិទ្ធិដោយ thmeythmey.com