ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឆ្កែអាចស្រង់ក្លិនរកជំងឺមហារីកក្រពេញប្រូស្តាតបាន
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា ឆ្កែដែលបានបង្វឹកឲ្យចេញរកជំងឺមហារីកក្រពេញប្រូស្តាតអាចមានភាពសុក្រិតច្រើនជាង ៩០ភាគរយឯណោះ។ ឆ្កែដែលរៀនចេះស្រង់ក្លិនគ្រាប់បែកពីរក្បាលក៏ត្រូវបានគេអះអាងថាអាចសម្គាល់ដឹងគ្រាប់បែកយ៉ាងជោគជ័យផងដែរជាមួយនឹងការស្រង់ក្លិនទឹកនោមបានពីបុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត។
សេចក្តីរាយការណ៍ខាងលើបានមកពីការស្រាវជ្រាវមួយដែលពិនិត្យលើឆ្កែជំនាញស្រង់ក្លិនគ្រាប់បែកចំនួនពីរក្បាល ដើម្បីឲ្យពួកវាសម្គាល់លើទឹកនោមរបស់បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត។ បន្ទាប់មកពួកគេបានធ្វើតេស្តទៅលើឆ្កែនេះដោយឲ្យវាស្រង់ក្លិនទឹកនោមបានមកពីបុរសចំនួន ៣៣២នាក់ដែលមានជំងឺនេះ និង ៥៤០នាក់ទៀតដែលគ្មានជំងឺ។
ឆ្កែមួយក្បាលអាចសម្គាល់ដឹងទឹកនោមរបស់បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតបានយ៉ាងត្រឹមត្រូវ ហើយឆ្កែផ្សេងទៀតអាចសម្គាល់ដឹងត្រឹមត្រូវរហូតដល់ ៩៨.៦ភាគរយឯណោះ។ យ៉ាងណាមិញ ឆ្កែមិនអាចសម្គាល់ដឹងត្រឹមត្រូវពី មួយទៅ៤ភាគរយប៉ុណ្ណោះទៅលើទឹកនោមបានពីបុរសដែលលេបថ្នាំគ្រប់គ្រងជំងឺមហារីកក្រពេញប្រូស្តាត។
ការសិក្សានេះបានណែនាំថា ឆ្កែអាចបង្វឹកឲ្យសម្គាល់ពីភាពខុសគ្នារវាងទឹកនោមបានមកពីបុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត និងបុរសដែលគ្មាន។ ប៉ុន្តែការធ្វើតេស្តបន្ថែមទៀតគួរតែធ្វើដើម្បីចង់ដឹងថា តើឆ្កែពិតជាអាចរកឃើញបុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតយ៉ាងសុក្រិតឬអត់ ជាពិសេសអ្នកដែលមិនទាន់ដឹងថាខ្លួនឯងមានជំងឺនេះ។
វាហាក់បីជាមិនទំនងសោះដែលឆ្កែអាចប្រើប្រាស់ជាវិធីមូលដ្ឋានក្នុងការរកជំងឺមហារីកក្រពេញប្រូស្តាត។ បើសិនជាអ្នកស្រាវជ្រាវអាចសម្គាល់ដឹងអំពីសារធាតុគីមីពិតប្រាកដដែលឆ្កែអាចរកឃើញក្នុងទឹកនោម ដូច្នេះពួកគេក៏អាចសាក់ល្បងបង្កើតវិធីសាស្ត្ររកតាមឆ្កែដែរហើយ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com