ជាតិ
WCS៖​ដែនជម្រកសត្វព្រៃ​កែវ​សីមា សម្បូរ​តំបន់​អេកូ​ទេសចរណ៍ តែ​ទាមទារ​ការអភិវឌ្ឍ
12, Jan 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS Cambodia) បាន​នាំ​ក្រុមអ្នកកាសែត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចំនួន​៦ ទៅកាន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ស្វែងយល់ និង​ជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍ធម្មជាតិ ក្នុង​តំបន់​មួយ​នេះ​។​



​ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្របដ​ណ្ដា​ប់​លើ​ផ្ទៃដី​ជាង ២៩​ម៉ឺន​ហិកតា ដែល​ផ្ទៃដី​មួយ​ភាគ​ធំ​ស្ថិត​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ដែន​ជម្រក​នេះ ត្រូវបាន​រដ្ឋាភិបាល ដាក់​មក​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន តាំងពី​ឆ្នាំ​២០១៦ ។​



​ព្រៃភ្នំ សត្វព្រៃ និង​ទឹកធ្លាក់ បានធ្វើ​ឲ្យ​តំបន់​នេះ​មាន​សក្ដានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ពិសេស​ភាព​ទាក់ទាញ​នៃ​ពពួកសត្វ​កម្រ និង​សត្វ​ជិត​ផុត​ពូជ​មួយចំនួន​។ សត្វ​កម្រ ដូចជា ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប៉ាក់​ខ្ទៀ​វ​ពោះ​បង្កង់ និង​មាន់ទោ​ពណ៌​ប្រាក់​ជាដើម បាន​ទាក់ទាញ​ភ្ញៀវ​បរទេស​មក​តំបន់​នេះ​។​

​លោក តាន់ សេដ្ឋា ទីប្រឹក្សា​អង្គការ WCS Cambodia  បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បើតាម​ក​ការស្រាវជ្រាវ​របស់ WCS ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ រហូតដល់ ១៤​កន្លែង ខណៈ​បច្ចុប្បន្ន​អង្គការ​បាន​ជួយ​សហគមន៍​រៀបចំ​អភិវឌ្ឍន៍​បាន​មួយកន្លែង​ឈ្មោះ​អេកូ​ទេសចរណ៍ធម្មជាតិ​អណ្ដូង​ក្រឡឹង​។ លោក​បាន​បន្ថែមថា ដែនជម្រកសត្វព្រៃ​នេះ មាន​សក្ដានុពល​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍ តែ​ទាមទារ​ឲ្យ​ស្ថាប័នរដ្ឋ រៀបចំ និង​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​ទាំង​ជាង ១០​កន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលមក​តំបន់​ទាំងនេះ​។



​ប៉ុន្តែ​តំបន់​នេះ​នៅតែ​ប្រឈម​ការកាប់​ឈើ​ខុសច្បាប់ និង​ការ​បរបាញ់​សត្វព្រៃ ដែល​លោក តាន់ សេដ្ឋា លើកឡើងថា​ចាំបាច់​ទាមទារ​ការយកចិត្តទុកដាក់​ខ្លាំង​ពី​ស្ថាប័នរដ្ឋ និង​ការចូលរួម​របស់​ពល​រដ្ឋ​សហគមន៍ ចំពោះ​ការទប់ស្កាត់​អំពើ​ល្មើសច្បាប់​ទាំងនោះ​។ លោក សេដ្ឋា អះអាងថា ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ កាន់តែច្រើន នោះ​នឹងធ្វើ​ឲ្យ​ការអភិរក្ស​សត្វព្រៃ និង​ព្រៃឈើ កាន់តែ​ប្រសើ​៕




Tag:
 WCS
  ដែនជម្រកសត្វព្រៃ​កែវ​សីមា​
© រក្សាសិទ្ធិដោយ thmeythmey.com