ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឪពុកម្តាយ​មិនអាច​សម្គាល់​ដឹងថា​កូន​របស់ខ្លួន​នឹង​ទៅជា​ធាត់​ជ្រុល​ឡើយ​
13, Jan 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​មានការ​ពិបាក​ក្នុងការ​សម្គាល់​ភាពធាត់​ជ្រុល​របស់​កូន​ខ្លួនឯង​ណាស់ ដូច្នេះហើយ​វា​អាច​នឹងធ្វើ​ឲ្យ​មាន​ផលវិបាក​ចំពោះ​សុខភាព​ពួកគេ​បាន​។ រឿងនេះ​បានមកពី​ការសិក្សា​ថ្មី​មួយ​ដែល​រកឃើញថា មួយ​ភាគបី​នៃ​ឪពុកម្តាយ​ជនជាតិ​អង់គ្លេស​មិនអាច​ប៉ាន់​ស្មានដឹង​ទៅលើ​ទម្ងន់​របស់​កូន​ខ្លួនឯងបាន​។



​ការសិក្សា​នេះ​បាន​សួរ​ទៅលើ​ឪពុកម្តាយ​ជាច្រើន​ចំពោះ​ទស្សនៈ​របស់​ពួកគេ​ថា​តើ​កូន​របស់ខ្លួន​កំពុងតែ​ស្គម មាន​ទម្ងន់​ធម្មតា ធាត់​ឬ​ធាត់​ជ្រុល​ឬ​អត់ នៅពេល​ប្រៀបធៀប​ជាមួយនឹង​ការ​ថ្លឹង​ទម្ងន់ និង​ការ​វាស់កម្ពស់​នៅ​ថ្ងៃ​តែមួយ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ឪពុកម្តាយ​ភាគច្រើន​គ្រាន់តែ​អាច​គិតថា កូន​របស់ខ្លួន​ស្គម​នៅពេល​ពួកគេ​ស្ថិតក្នុង​ក្រុម​ទម្ងន់​ដែល​ស្គម​បំផុត​ប៉ុណ្ណោះ​។

​ការសិក្សា​នេះ​មាន​ទ្រង់ទ្រាយ​ធំ ជាមួយនឹង​ការចូលរួម​ពី​មនុស្ស​ប្រមាណ​ច្រើនជាង ៣០០០​នាក់ ប៉ុន្តែ​មិនបាន​ដំណាង​ឲ្យ​ឪពុកម្តាយ​ទាំងអស់​ក្នុងប្រទេស​អង់គ្លេស​ទេ​។ ការសិក្សា​នេះ​ក៏​មិនអាច​ប្រាប់​យើង​ឲ្យ​ដឹងថា ហេតុអ្វី​បានជា​ឪពុកម្តាយ​មិនអាច​សម្គាល់​ដឹងថា​កូន​ខ្លួន​កំពុងតែ​ធាត់​នោះទេ ហើយក៏​មិនដឹងថា​មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​អ្វីមួយ​សម្រាប់​ជួយ​ពួកគេ​ឲ្យ​ស្រក​ទម្ងន់​វិញ​ដែរ​។ ប៉ុន្តែ​រឿងនេះ​បាន​បញ្ជាក់ថា វិធីសាស្ត្រ​ជួយ​ខ្លះ​ទំនងជា​ត្រូវការ​ដែរ​ដើម្បី​ប្រាកដថា ឪពុកម្តាយ​ដឹងថា​ពេលណា​ដែល​ឃើញថា​កូន​ខ្លួនឯង​ធាត់​។

​បើសិនជា​អ្នក​បារម្ភ​ក្រែង​ថា​កូន​របស់ខ្លួន​ធាត់ យក​ល្អ​គួរតែ​ធ្វើ​អ្វីមួយ​ឲ្យ​បាន​លឿន​ទៅ​។ ការស្រាវជ្រាវ​បាន​ណែនាំ​ថា យុវវ័យ​ដែល​ធាត់​ជ្រុល​ច្រើនតែ​បន្ត​ធាត់​ទៀត​ដល់ពេល​ពួកគេ​ពេញវ័យ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com