អន្តរជាតិ
តារា Youtube ម្នាក់ លែងបានសិទ្ធិពិសេសពី Youtube ក្រោយបង្ហោះឃ្លីបជាប់មនុស្សធ្វើអត្តឃាត
× ការបង្ហោះវីដេអូទាក់ទងនឹងអត្តឃាតក្នុងព្រៃរបស់បុរសម្នាក់នៅប្រទេសជប៉ុននាដើមឆ្នាំ២០១៨នេះ បាននាំឲ្យតារា Youtube អាមេរិក ដ៏ល្បីល្បាញម្នាក់ រងការព្រមាន និងត្រូវបានដកសិទ្ធិពិសេសក្នុងការរកចំណូល។ នេះបើតាមការផ្សាយរបស់ Daily Star។
លោក Logan Paul អាយុ២២ឆ្នាំ គឺជាតារា Youtube ដ៏ល្បីល្បាញម្នាក់នៅសហរដ្ឋអាមេរិក។ គណនីរបស់លោកឈ្មោះ «Logan Paul Vlogs» មាន Subscribers រហូតដល់ទៅជាង១៥លាន ហើយនាំឲ្យលោករកចំណូលបានជាង១០លានដុល្លារអាមេរិក បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក។
ក្នុងឃ្លីបវីដេអូមួយ លោក Paul បានរូបខ្លួនឯងដើរក្នុងព្រៃក្នុងប្រទេសជប៉ុន ហើយបានថតជាប់រូបមនុស្សធ្វើអត្តឃាត។ នៅមុនដែលលោក Paul លុបចេញ វីដេអូនេះ មានមនុស្សទស្សនាជាង៦លាននាក់ និង Views ជាង៤០លានដង ដែលក្នុងនោះ ទស្សនាជាង៥សែននាក់ ទាមទារឲ្យ Youtube ដកគណនីលោក Paul ចេញ។
លោក Paul បានថតឃ្លីបមួយផ្សេងទៀតដើម្បីសុំការអភ័យទោសចំពោះទង្វើរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Youtube បានសម្រេចផ្អាកសេវាកម្មរកលុយពិសេស Youtube Red ពីលោក Paul ព្រមទាំងដកការផ្សាយពាណិជ្ជកម្មពិសេសនៅលើ Google Preferred ផងដែរ។
ការសម្រេចនេះ ពីព្រោះ Youtube យល់ថា លោក Paul បានរំលោភលើលក្ខន្តិកៈ ដូច្នេះលោកនឹងមិនអាចរកបានចំណូលមហាសាលពីវីដេអូ Youtube របស់ខ្លួនទៀតនោះឡើយ។ «Logan Paul Vlogs» នៅរក្សាទទួលចំណូលដូចគណនីទូទៅ ប៉ុន្តែមិនមានសិទ្ធិពិសេសទៀតនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាម Daily Star ឃ្លីបវីដេអូដ៏ចម្រូងចម្រាសនេះ នៅតែអាចជួយឲ្យលោករកចំណូលបានជាង៩៦ម៉ឺនដុល្លារអាមេរិក៕
Tag:
បណ្តាញសង្គម
Youtube
© រក្សាសិទ្ធិដោយ thmeythmey.com