ជាតិ
គម្រោងអាកាសយានដ្ឋាននៅភូមិសាស្ត្រតាខ្មៅ-កណ្តាលស្ទឹង ប្រើទុនវិនិយោគ១៥០០លានដុល្លារ
× ភ្នំពេញ៖ គម្រោងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងសាងសង់ឡើងនៅលើផ្ទៃដីទំហំ២៦០០ហិកតា ក្រោមទុនវិនិយោគ១៥០០លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែមករា រវាងលោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងលោកហ៊ូ ហ៊ួយប៉ាង ប្រធានធនាគារអភិវឌ្ឍន៍ចិន (CDB)។
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន (Cambodia Airport Investment Co ., Ltd) គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺក្នុងគោលបំណងអភិវឌ្ឍន៏សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ ៤F ដែលស្ថិតនៅភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង។
អាកាសយានដ្ឋានថ្មីនេះ ត្រូវចំណាយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក ដោយក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ កម្ចីពីធនាគារបរទេស ,កម្ចីពីភាគទុនក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ខៀវសែ ក្នុងទឹកប្រាក់២៨០លានដុល្លារ និងទឹកប្រាក់១២០លានដុល្លារអាមេរិក បានមកពីដើមទុនចុះបញ្ជី (ក្នុងនោះក្រុមហ៊ុន OCIC មាន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរដ្ឋាភិបាលកម្ពុជា មាន១០ភាគរយ)។ នេះបើតាមលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ៅ ហាវណ្ណាល រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រោយជំនួបនេះ មេដឹកនាំទាំងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១៩ ដែលក្នុងនោះក៏មានកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី។ នេះជាគម្រោងព្រលានយន្តហោះថ្មីមួយទៀត បន្ថែមពីលើគម្រោងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដែលចិនក៏ធ្លាប់ប្ដេជ្ញាចិត្តវិនិយោគផងដែរ ដើម្បីចំនួនភ្ញៀវទេសចរដែលរំពឹងកើនឡើងខ្លាំង។
ក្រៅពីគម្រោងព្រលានយន្តហោះភ្នំពេញ កម្ពុជា និងចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកា១ពាន់លានដុល្លារអាមេរិក រួមទាំងកិច្ចព្រមព្រៀងជំនួយអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងទិញស្រូវពីកម្ពុជាផងដែរ៕
Tag:
ចិន
កម្ពុជា
ព្រលានយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com