ជាតិ
កម្ពុជា និង​ចិន​ស្នើ​ឲ្យ​ភាគី​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​បាន​ឆាប់​
12, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ចិន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការបង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ធានា​សន្តិភាព ស្ថិរភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​ផងដែរ​។



​ក្នុងជំនួប​ទ្វេភាគី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ ខែមករា នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​មាន​ប្រសិទ្ធភាព និង​ព​ន្លឿ​ន​ការអនុម័ត​ក្រម​ប្រតិបត្តិ (COC) ឲ្យ​បាន​ឆាប់​ផងដែរ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ ភាគី​ទាំងពីរ​កម្ពុជា​ចិន​បានបញ្ជាក់​ដូច្នេះ​៖«​ភាគី​ទាំងពីរ​សូម​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​លើកកម្ពស់​ការពិគ្រោះ​យោបល់​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​សម្រេច​ឲ្យ​បាន​ឆាប់​ដោយ​ឈរលើ​មូលដ្ឋាន​កុងសង់ស៊ីស​»​។​

​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​កត់សម្គាល់​នូវ​ការវិវត្ត​ដ៏​ប្រសើរ ក៏ដូចជា​ស្ថិរភាព​នៅក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កន្លងមក  ហើយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​យល់ឃើញថា ការសម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​បាន​ឆាប់ៗ​នឹងចូលរួម​ចំណែក​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង​ទៅជា​សមុទ្រ​នៃ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ផងដែរ​។​

​សូមបញ្ជាក់ថា ជម្លោះ​ដែនទឹក​ដ៏​ចម្រូងចម្រាស​និង​ស្រួចស្រាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ភាគី​ពាក់ព័ន្ធ​ដូចជា ចិន វៀតណាម ព្រុយ​ណេ ហ្វីលីពីន ម៉ាឡេស៊ី និង​តៃវ៉ាន់​ផងដែរ​។ ក្រោយ​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០១៧ បញ្ហា​ជម្លោះ​នេះ​ហាក់បី​ថមថយ​កម្តៅ និង​មិនមាន​ការប្រឈមមុខ​ដា​ក់​គ្នា​ខ្លាំង​ឡើយ ប៉ុន្តែ​គេ​រង់​ចាំមើល​ស្ថានភាព​ជម្លោះ​នេះ​នៅពេលដែល​សិង្ហ​បុរី​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​៕


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  លី ខឹ​ឈាំ​ង​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com