ជាតិ
កម្ពុជា និងចិនស្នើឲ្យភាគីបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឲ្យបានឆាប់
× នាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឲ្យភាគីពាក់ព័ន្ធពន្លឿនការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដើម្បីធានាសន្តិភាព ស្ថិរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។
ក្នុងជំនួបទ្វេភាគីនៅថ្ងៃព្រហស្បតិ៍ទី ១១ ខែមករា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានអំពាវនាវឲ្យបណ្តាប្រទេសពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូងបន្តអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីសមុទ្រចិនខាងត្បូង (DOC) ឲ្យមានប្រសិទ្ធភាព និងពន្លឿនការអនុម័តក្រមប្រតិបត្តិ (COC) ឲ្យបានឆាប់ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍រួមក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ ភាគីទាំងពីរកម្ពុជាចិនបានបញ្ជាក់ដូច្នេះ៖«ភាគីទាំងពីរសូមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង និងលើកកម្ពស់ការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងសម្រេចឲ្យបានឆាប់ដោយឈរលើមូលដ្ឋានកុងសង់ស៊ីស»។
សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានកត់សម្គាល់នូវការវិវត្តដ៏ប្រសើរ ក៏ដូចជាស្ថិរភាពនៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងកន្លងមក ហើយមេដឹកនាំប្រទេសទាំងពីរយល់ឃើញថា ការសម្រេចបាននូវក្រមប្រតិបត្តិបានឆាប់ៗនឹងចូលរួមចំណែកប្រែក្លាយសមុទ្រចិនខាងត្បូងទៅជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ។
សូមបញ្ជាក់ថា ជម្លោះដែនទឹកដ៏ចម្រូងចម្រាសនិងស្រួចស្រាល់នៅសមុទ្រចិនខាងត្បូងមានភាគីពាក់ព័ន្ធដូចជា ចិន វៀតណាម ព្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី និងតៃវ៉ាន់ផងដែរ។ ក្រោយហ្វីលីពីនធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១៧ បញ្ហាជម្លោះនេះហាក់បីថមថយកម្តៅ និងមិនមានការប្រឈមមុខដាក់គ្នាខ្លាំងឡើយ ប៉ុន្តែគេរង់ចាំមើលស្ថានភាពជម្លោះនេះនៅពេលដែលសិង្ហបុរីធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ៕
Tag:
ចិន
សមុទ្រចិនខាងត្បូង
លី ខឹឈាំង
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com