អន្តរជាតិ
ត្រាំ លុបចោលទស្សនកិច្ចទៅអង់គ្លេស ព្រោះដឹងខ្លួនថាគេមិនស្វាគមន៍? រូបភាព៖ AP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមករា បានសម្រេចចិត្តលុបចោលទស្សនកិច្ចទៅកាន់អង់គ្លេស ជាសម្ព័ន្ធមិត្តមានទំនាក់ទំនងពិសេស។ លោក ត្រាំ បានសរសេរលើ Twitter ថាមូលហេតុដែលលោកមិនទៅអង់គ្លេស ព្រោះមិនពេញចិត្តការប្ដូរទីតាំងស្ថានទូតអាមេរិកក្នុងទីក្រុងឡុងដ៏ដោយរដ្ឋបាលអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ តើលោក ត្រាំ ពិតជាមិនទៅអង់គ្លេសដោយសារមូលហេតុនេះ? ឬក៏លោកដឹងថាមិនត្រូវបានស្វាគមន៍។
ផែនការទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅអង់គ្លេសក្នុងខែកុម្ភៈ ត្រូវបានលុបចោលហើយ ដោយលោក ត្រាំ ប្រកាសដោយខ្លួនឯងនៅលើបណ្ដាញសង្គម Twitter របស់លោកផ្ទាល់។ ឯមូលហេតុវិញ គឺលោកមិនគាំទ្រអាគារស្ថានទូតអាមេរិកថ្មីក្នុងទីក្រុងឡុងដ៏តម្លៃជាងមួយពាន់លានដុល្លារ ដែលលោកត្រូវចូលរួមសម្ពោធផង។ លោក ត្រាំ ចាត់ទុកការដោះដូរស្ថានទូតថ្មី ជាកិច្ចព្រមព្រៀងដ៏អាក្រក់។
«មូលហេតុដែលខ្ញុំលុបចោលទស្សនកិច្ចនៅទីក្រុងឡុងដ៏ ដោយសារខ្ញុំមិនគាំទ្ររដ្ឋបាលលោក អូបាម៉ា ដែលលក់ទីតាំងស្ថានទូតល្អបំផុតដើម្បីដូរយកសណ្ដែកដី គឺការកសាងអាគារថ្មីនៅទីតាំងមិនល្អក្នុងតម្លៃ១,២ពាន់លានដុល្លារ»។ នេះជាអត្ថន័យក្នុងសំណេរលើបណ្ដាញសង្គម Twitter របស់លោក ត្រាំ នៅព្រឹកព្រហាម ថ្ងៃទី១២ ខែមករា ដោយបន្ថែមថា លោកនឹងមិនទៅកាត់ខ្សែបូរសម្ពោធអាគារស្ថានទូតថ្មីឡើយ។
យ៉ាងណាមិញ ស្ថានទូតអាមេរិកប្រចាំអង់គ្លេសបានសរសេរលើគេហទំព័ររបស់ខ្លួនថា ការប្ដូរទីតាំងស្ថានទូតនេះត្រូវបានសម្រេចចិត្តតាំងពីមុនលោក អូបាម៉ា ឡើងកាន់តំណែងក្នុងឆ្នាំ២០០៩ មេ្ល៉ះ ក្រោមហេតុផលសន្តិសុខ។ សំណង់អាគារថ្មីនេះ ត្រូវបានសាងសង់យ៉ាងស្កឹមស្កៃ ខ្ពស់ផុតពីអាគារលំនៅដ្ឋានក្បែរខាង នៅជិតទន្លេ Thames ភាគខាងត្បូងទីក្រុងឡុងដ័ ដោយប្រើប្រាស់លុយពីការលក់អាគារចាស់។
អាមេរិក និងអង់គ្លេសមានជំហរខុសគ្នាច្រើន
នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ ជាអ្នកអញ្ជើញលោក ត្រាំ ដោយផ្ទាល់កាលពីជំនួបនៅសេតវិមានកាលពីឆ្នាំមុន។ លោកស្រីជាមេដឹកនាំបរទេសទីមួយដែលជួបលោក ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិក។ ភាគីទាំងសងខាងបានយល់ព្រមរៀបចំទស្សនកិច្ចផ្លូវរដ្ឋសម្រាប់លោក ត្រាំ ឯរបៀបវារៈក៏ត្រូវបានពិភាក្សារួចស្រេច ហើយម្ចាស់ក្សត្រីយ៍ Elizabeth ក៏ត្រៀមទទួលលោក ត្រាំ ក្នុងព្រះនាមជាម្ចាស់ផ្ទះផងដែរ។
ប៉ុន្តែអាមេរិក និងអង់គ្លេសបានចាប់ផ្ដើមមានគំនិតខុសគ្នាច្រើនឡើងនៅពេលក្រោយៗមក។ អង់គ្លេសមិនពេញចិត្តការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ លើប្រជាជនប្រទេសមួយចំនួន និងការដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ។ លើសំណុំរឿងមជ្ឈិមបូព៌ាវិញ អង់គ្លេសរិះគន់អាមេរិកដែលទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល និងចាត់ទុកការសម្រេចចិត្តរបស់លោក ត្រាំ ថា ប៉ះពាល់សន្តិភាពតំបន់ទៀតផង។
ចំណែកឯរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ អង់គ្លេសក៏បានទទូចឲ្យអាមេរិកពិចារណាម្ដងទៀត។ អង់គ្លេស បារាំង អឺរ៉ុប អាល្លឺម៉ង់ រុស្ស៊ី ចិន សុទ្ធតែបង្ហាញការខកចិត្តចំពោះលោក ត្រាំ ដែលចង់ដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានផ្អាកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ វាជាកិច្ចព្រមព្រៀងសម័យលោក អូបាម៉ា តែត្រូវបានលោក ត្រាំ ចាត់ទុកជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុតរបស់អាមេរិក ដែលត្រូវតែហែកចោល។
មិនទៅ ព្រោះខ្លួនដឹងថាមិនទទួលបានការស្វាគមន៍?
ការមិនយល់ស្របគ្នាលើបញ្ហាជាច្រើន ធ្វើឲ្យអង់គ្លេស និងអាមេរិក ដែលជាសម្ព័ន្ធមិត្តល្អូកល្អឺន ចាក់ទឹកមិនលិច ក្លាយជាទំនាក់ទំនងលែងពិសេសដូចមុន។ អ្នកនយោបាយអង់គ្លេសជាច្រើន រួមទាំងសមាជិកសភាបក្សកាន់អំណាចរបស់លោកស្រី ម៉េយ៍ ផងនោះ បានប្រកាសច្បាស់ថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មិនត្រូវបានស្វាគមន៍ឡើយ។ បាតុកម្មនឹងកើតឡើង បើសិនជាលោក ត្រាំ ពិតជាធ្វើដំណើរទៅកាន់ក្រុងឡុងដ៏មែន។
ប្រធានសភាអង់គ្លេសលោក John Bercow ធ្លាប់អះអាងរួចហើយថា លោកមិនស្វាគមន៍លោក ត្រាំ ចូលថ្លែងសុន្ទរកថាចំពោះមុខសភាឡើយ ព្រោះលោកប្រកាន់នយោបាយរើសអើងពូជសាសន៍។ ចំណែកឯមេដឹកនាំប្រឆាំង Jeremy Corbyn ដែលមិនសូវចូលចិត្តលោក ត្រាំ ស្រាប់ ក៏ស្វាគមន៍ការលុបចោលទស្សនកិច្ចនេះដែរ។ ចុងក្រោយលោក ត្រាំ និងលោកស្រី ម៉េយ៍ បានទាស់សម្ដីគ្នាបន្តិច ក្រោយលោក ត្រាំ ចែករំលែកវីដេអូរបស់ក្រុមស្ដាំនិយមជ្រុលនៅអង់គ្លេស។
ជារួម វត្តមានរបស់លោក ត្រាំ នៅអង់គ្លេសហាក់មិនមានការគាំទ្រសោះឡើយ ហើយលោក ត្រាំ ខ្លួនឯងក៏ទំនងជាដឹងពីរឿងនេះច្បាស់ដែរ។ ក្រៅពីរដ្ឋាភិបាល អ្នកនយោបាយធំៗនៅអង់គ្លេសប្រកាសជាចំហមិនស្វាគមន៍លោក ត្រាំ ឡើយ ទោះជាអង់គ្លេស និងអាមេរិកជាមិត្តភក្តិជិតស្និទ្ធ ប្រកៀកស្មាគ្នាក្នុងសង្គ្រាមតូចធំជាច្រើនក៏ដោយ៕
Tag:
អឺរ៉ុប
អាមេរិក
អង់គ្លេស
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com