អន្តរជាតិ
ត្រាំ លុបចោល​ទស្សនកិច្ច​ទៅ​អង់គ្លេស ព្រោះ​ដឹងខ្លួន​ថា​គេ​មិន​ស្វាគមន៍​?
12, Jan 2018 , 10:39 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមករា បានសម្រេច​ចិត្ត​លុបចោល​ទស្សនកិច្ច​ទៅកាន់​អង់គ្លេស ជា​សម្ព័ន្ធមិត្ត​មាន​ទំនាក់ទំនង​ពិសេស​។ លោក ត្រាំ បាន​សរសេរ​លើ Twitter ថា​មូល​ហេតុដែល​លោក​មិន​ទៅ​អង់គ្លេស ព្រោះ​មិន​ពេញចិត្ត​ការប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ឡុង​ដ៏​ដោយ​រដ្ឋបាល​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ តើ​លោក ត្រាំ ពិតជា​មិន​ទៅ​អង់គ្លេស​ដោយសារ​មូលហេតុ​នេះ​? ឬក៏​លោក​ដឹងថា​មិន​ត្រូវបាន​ស្វាគមន៍​។​



​ផែនការ​ទស្សនកិច្ចរ​បស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​អង់គ្លេស​ក្នុង​ខែកុម្ភៈ ត្រូវបាន​លុបចោល​ហើយ ដោយ​លោក ត្រាំ ប្រកាស​ដោយ​ខ្លួនឯង​នៅលើ​បណ្ដាញ​សង្គម Twitter របស់លោក​ផ្ទាល់​។ ឯ​មូលហេតុ​វិញ គឺ​លោក​មិន​គាំទ្រ​អាគារ​ស្ថានទូត​អាមេរិក​ថ្មី​ក្នុង​ទីក្រុង​ឡុង​ដ៏​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ ដែល​លោក​ត្រូវ​ចូលរួម​សម្ពោធ​ផង​។ លោក ត្រាំ ចាត់ទុក​ការដោះដូរ​ស្ថានទូត​ថ្មី ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​។​

«​មូលហេតុ​ដែល​ខ្ញុំ​លុបចោល​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុង​ដ៏ ដោយសារ​ខ្ញុំ​មិន​គាំទ្រ​រដ្ឋបាល​លោក អូ​បា​ម៉ា ដែល​លក់​ទីតាំង​ស្ថានទូត​ល្អ​បំផុត​ដើម្បី​ដូរ​យក​សណ្ដែកដី គឺ​ការកសាង​អាគារ​ថ្មី​នៅ​ទីតាំង​មិនល្អ​ក្នុងតម្លៃ​១,២​ពាន់​លាន​ដុល្លារ​»​។ នេះ​ជា​អត្ថន័យ​ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម Twitter របស់លោក ត្រាំ នៅ​ព្រឹក​ព្រហាម ថ្ងៃទី​១២ ខែមករា ដោយ​បន្ថែមថា លោក​នឹងមិន​ទៅ​កាត់​ខ្សែបូរ​សម្ពោធ​អាគារ​ស្ថានទូត​ថ្មី​ឡើយ​។​

​យ៉ាងណាមិញ ស្ថានទូត​អាមេរិក​ប្រចាំ​អង់គ្លេស​បាន​សរសេរ​លើ​គេហទំព័រ​របស់ខ្លួន​ថា ការប្ដូរ​ទីតាំង​ស្ថានទូត​នេះ​ត្រូវបាន​សម្រេចចិត្ត​តាំងពី​មុន​លោក អូ​បា​ម៉ា ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០០៩ មេ្ល៉ះ ក្រោម​ហេតុផល​សន្តិសុខ​។ សំណង់​អាគារ​ថ្មី​នេះ ត្រូវបាន​សាងសង់​យ៉ាង​ស្កឹមស្កៃ ខ្ពស់​ផុតពី​អាគារ​លំនៅដ្ឋាន​ក្បែរ​ខាង នៅ​ជិត​ទន្លេ Thames ភាគខាងត្បូង​ទីក្រុង​ឡុង​ដ័ ដោយ​ប្រើប្រាស់​លុយ​ពី​ការលក់​អាគារ​ចាស់​។​

​អាមេរិក និង​អង់គ្លេស​មាន​ជំហរ​ខុសគ្នា​ច្រើន​

​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ជា​អ្នក​អញ្ជើញលោក ត្រាំ ដោយផ្ទាល់​កាលពី​ជំនួប​នៅ​សេត​វិមាន​កាលពី​ឆ្នាំមុន​។ លោកស្រី​ជា​មេដឹកនាំ​បរទេស​ទីមួយ​ដែល​ជួប​លោក ត្រាំ ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​។ ភាគី​ទាំងសងខាង​បាន​យល់ព្រម​រៀបចំ​ទស្សនកិច្ច​ផ្លូវរដ្ឋ​សម្រាប់​លោក ត្រាំ ឯ​របៀបវារៈ​ក៏ត្រូវ​បាន​ពិភាក្សា​រួចស្រេច ហើយ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth ក៏​ត្រៀម​ទទួល​លោក ត្រាំ ក្នុង​ព្រះនាម​ជា​ម្ចាស់ផ្ទះ​ផងដែរ​។​

​ប៉ុន្តែ​អាមេរិក និង​អង់គ្លេស​បានចាប់ផ្ដើម​មា​ន​គំនិត​ខុសគ្នា​ច្រើនឡើង​នៅពេល​ក្រោយៗ​មក​។ អង់គ្លេស​មិន​ពេញចិត្ត​ការ​រឹតបន្តឹង​របស់​រដ្ឋបាល​លោក ត្រាំ លើ​ប្រជាជន​ប្រទេស​មួយចំនួន និង​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​។ លើ​សំណុំរឿង​មជ្ឈិមបូព៌ា​វិញ អង់គ្លេស​រិះគន់​អាមេរិក​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ចាត់ទុក​ការសម្រេចចិត្ត​របស់លោក ត្រាំ ថា ប៉ះពាល់​សន្តិភាព​តំបន់​ទៀតផង​។ 

​ចំណែកឯ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អង់គ្លេស​ក៏បាន​ទទូច​ឲ្យ​អាមេរិក​ពិចារណា​ម្ដងទៀត​។ អង់គ្លេស បារាំង អឺរ៉ុប អាល្លឺម៉ង់ រុស្ស៊ី ចិន សុទ្ធតែ​បង្ហាញ​ការខកចិត្ត​ចំពោះ​លោក ត្រាំ ដែល​ចង់​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​បាន​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ វា​ជា​កិច្ចព្រមព្រៀង​សម័យ​លោក អូ​បា​ម៉ា តែ​ត្រូវបាន​លោក ត្រាំ ចាត់ទុកជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​របស់​អាមេរិក ដែល​ត្រូវតែ​ហែក​ចោល​។ 

​មិន​ទៅ ព្រោះ​ខ្លួន​ដឹងថា​មិន​ទទួលបាន​ការស្វាគមន៍​?

​ការមិនយល់​ស្របគ្នា​លើ​បញ្ហា​ជាច្រើន ធ្វើ​ឲ្យ​អង់គ្លេស និង​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ល្អូក​ល្អឺ​ន ចាក់ទឹកមិនលិច ក្លាយជា​ទំនាក់ទំនង​លែង​ពិសេស​ដូច​មុន​។ អ្នកនយោបាយ​អង់គ្លេស​ជាច្រើន រួមទាំង​សមាជិកសភា​បក្ស​កាន់អំណាច​របស់លោក​ស្រី ម៉េ​យ៍ ផង​នោះ បានប្រកាស​ច្បាស់​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រាំ មិន​ត្រូវបាន​ស្វាគមន៍​ឡើយ​។ បាតុកម្ម​នឹង​កើតឡើង បើសិនជា​លោក ត្រាំ ពិតជា​ធ្វើដំណើរ​ទៅកាន់​ក្រុង​ឡុង​ដ៏​មែន​។​

​ប្រធានសភា​អង់គ្លេស​លោក John Bercow ធ្លាប់​អះអាង​រួចហើយ​ថា លោក​មិន​ស្វាគមន៍​លោក ត្រាំ ចូល​ថ្លែង​សុន្ទរកថា​ចំពោះមុខ​សភា​ឡើយ ព្រោះ​លោក​ប្រកាន់​នយោបាយ​រើសអើង​ពូជសាសន៍​។ ចំណែកឯ​មេដឹកនាំ​ប្រឆាំង Jeremy Corbyn ដែល​មិនសូវ​ចូលចិត្ត​លោក ត្រាំ ស្រាប់ ក៏​ស្វាគមន៍​ការលុបចោល​ទស្សនកិច្ច​នេះដែរ​។ ចុងក្រោយ​លោក ត្រាំ និង​លោកស្រី ម៉េ​យ៍ បាន​ទាស់សម្ដី​គ្នា​បន្តិច ក្រោយ​លោក ត្រាំ ចែករំលែក​វីដេអូ​រប​ស់​ក្រុម​ស្ដាំនិយម​ជ្រុល​នៅ​អង់គ្លេស​។​

​ជារួម វត្តមាន​របស់លោក ត្រាំ នៅ​អង់គ្លេស​ហាក់​មិនមាន​ការគាំទ្រ​សោះឡើយ ហើយ​លោក ត្រាំ ខ្លួនឯង​ក៏​ទំនងជា​ដឹង​ពី​រឿងនេះ​ច្បាស់​ដែរ​។ ក្រៅពី​រដ្ឋាភិបាល អ្នកនយោបាយ​ធំៗ​នៅ​អង់គ្លេស​ប្រកាស​ជា​ចំហ​មិន​ស្វាគមន៍​លោក ត្រាំ ឡើយ ទោះជា​អង់គ្លេស និង​អាមេរិក​ជា​មិត្តភក្តិ​ជិតស្និទ្ធ ប្រកៀក​ស្មា​គ្នា​ក្នុង​សង្គ្រាម​តូចធំ​ជាច្រើន​ក៏ដោយ​៕ 


Tag:
 ​អឺរ៉ុប​
  អាមេរិក​
  អង់គ្លេស​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com