ជាតិ
សង្គមជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ មន្ត្រីនគរបាល មិនត្រូវយកតួនាទី ទៅប្រព្រឹត្តបទល្មើសឡើយ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ (ខាងឆ្វេងដៃ) ចូលរួមធ្វើជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច បញ្ចូលក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិចំនួន ១០៥នាក់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨
× ភ្នំពេញ៖ មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវតម្កល់ប្រយោជន៍ជាតិ ឲ្យធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនត្រូវយកតួនាទី និងឋានន្តរស័ក្កិ ទៅបម្រើផលប្រយោជន៍ខ្លួន និងបក្ខពួក ឬប្រព្រឹត្តបទល្មើសផ្សេងៗដែលផ្ទុយទៅនឹងច្បាប់ នោះទេ។ នេះជាការលើកឡើងរបស់ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវបានចុះផ្សាយដោយគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ការលើកឡើងរបស់លោក ចាន់ អ៊ាន ធ្វើឡើងក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច បញ្ចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិចំនួន ១០៥នាក់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា ជាកងកម្លាំងនគរបាលជាតិ ត្រូវប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ នៃកម្ពុជា។
បើតាមគេហទំព័រដដែល លោក ចាន់ អ៊ាន បានលើកឡើងថា ការអនុវត្តឱ្យបានពេញលេញនូវការងារជាសេនាធិការ ដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ គឺអាចពង្រឹងប្រសិទ្ធភាព និងសុចរិតភាព នៃការគ្រប់គ្រងបញ្ជីបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ លោក បន្តថា ការពង្រឹងសមត្ថភាពដល់នគរបាលជាតិ ឱ្យទទួលបានចំណេះដឹងគ្រប់គ្រាន់ ក៏ជាចំណុចសំខាន់មួយដែរ ដើម្បីបំពេញការងារដល់អង្គភាព ទទួលបានប្រសិទ្ធភាព និងជោគជ័យ។
អគ្គស្នងការនគរបាលជាតិ បានស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ មកចុះផ្សាយយ៉ាងដូច្នេះថា៖«គ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំង ឱ្យបានល្អប្រកបដោយគុណធម៌ និងតម្លាភាព ដោយត្រូវពង្រឹងឱ្យបានច្បាស់លាស់នូវវត្តមានធ្វើការ របស់នគរបាលជាតិឱ្យបានត្រឹមត្រូវ តាមពេលម៉ោងរដ្ឋបាលបានកំណត់ ដើម្បីពង្រឹងទិន្នផលការងារ ក្នុងជួរកងកម្លាំងនគរបាល ឱ្យកាន់តែទទួលបានលទ្ធផលខ្ពស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ»៕
Tag:
នគរបាលជាតិ
ចាន់ អ៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com