កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអ៊ីនធឺណិតអាមេរិក ថានឹងមាន Hacker រុស្ស៊ី វាយប្រហារកីឡាអូឡាំពិកនៅកូរ៉េខាងត្បូង រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Reuters
× ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយ ដែលមានមូលដ្ឋាននៅរដ្ឋ Virginia សហរដ្ឋអាមេរិក បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែមករាថា ខ្លួនបានរកឃើញសញ្ញាដំបូងថាក្រុម Hacker ដែលស្ថិតក្នុងប្រទេស រុស្ស៊ី គ្រោងវាយប្រហារទៅលើទីភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ ដើម្បីសងសឹកចំពោះការដាក់ពិន័យអត្តលិករុស្ស៊ី មិនឲ្យចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង នាខែក្រោយនេះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនអ៊ីនធើណិត ThreatConnect Inc បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានមនុស្សដែលមិនស្គាល់អត្តសញ្ញាណ បានបង្កើត Domain Neam (ឈ្មោះវេបសាយ) ចំនួន៣ ដែលស្រដៀងទៅនឹងវេបសាយផ្លូវការ របស់ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ពិភពលោក ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់របស់អាមេរិក និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ការបង្កើតនេះ អាចដើម្បីវាយប្រហារទៅលើភ្នាក់ងារប្រឆាំងការ ប្រើប្រាសសារធាតុហាមឃាត់ (doping agencies) អំឡុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៨ខាងមុខនេះ។
ក្រុមហ៊ុនខាងលើបន្តថា ការបង្កើត Domain Neam នេះ ស្រដៀងគ្នា ទៅនឹងវិធីសាស្ត្រដែលក្រុម hacker របស់រុស្ស៊ីឈ្មោះ Fancy Bear ធ្លាប់ហេក កាលពីការប្រកួតអូឡាំពិកឆ្នាំ២០១៦ ដែរ។
សូមបញ្ជាក់ថា អត្តពលិករុស្ស៊ីមួយចំនួន ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រេចហាមឃាត់ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង ដោយសារតែរកឃើញថាបានប្រើសារធាតុហាមឃាត់។ មន្ត្រីកីឡាសំខាន់ៗរបស់រុស្ស៊ី ក៏ត្រូវបានដាក់ពិន័យ ចំពោះកំហុសនេះដែរ ប៉ុន្តែអត្តពលិករុស្ស៊ីដែលស្អាតស្អំ នៅតែមានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដដែល ក្រោមលក្ខខណ្ឌតឹងរ៉ឹងបំផុត គឺក្រោមទង់អព្យាក្រឹត្យ។ ករណីខាងលើ ក៏ត្រូវបានភាគីរុស្ស៊ី ដាក់បណ្តឹងទៅកាន់តុលាការមជ្ឈត្តកម្មកីឡា ដើម្បីតវ៉ាពីការដាក់ពិន័យដ៏ធ្ងន់ធ្ងរនេះផងដែរ៕
Tag:
កីឡាអូឡាំពិក
IOC
CAS
រុស្ស៊ី
Haker
© រក្សាសិទ្ធិដោយ thmeythmey.com