ជាតិ
យុវជនកម្ពុជា២៥រូប នឹងទៅចូលរួមក្នុងកម្មវិធីJenesys នៅជប៉ុន រូបភាពពីស្ថានទូតជប៉ុនប្រចាំកម្ពុជា
× ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ចូនយុវជនកម្ពុជាចំនួន២៥រូប ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមករានេះ ក្រោមកម្មវិធីបណ្ដាញផ្លាស់ប្ដូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសអាស៊ីខាងកើត ហៅកាត់ថា Jenesys ២០១៧។
យុវជនកម្ពុជាចំនួន ២៥រូប នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធី Jenesys ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែមករានេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយបានបន្តថា ក្នុងដំណើរទស្សនកិច្ច យុវជនកម្ពុជា នឹងបានផ្លាស់ប្ដូរចំណេះដឹងជាមួយនិស្សិតជប៉ុន ក្នុងខេត្តមីយ៉ាហ្គី ព្រមទាំងមានឱកាសទទួលបានបទពិសោធន៍នៃវប្បធម៌ជប៉ុន ក៏ដូចជាបច្ចេកវិទ្យាទំនើបចុងក្រោយ។ ពួកគេ ក៏នឹងត្រូវធ្វើបទបង្ហាញជាក្រុមពីប្រទេសកម្ពុជាផងដែរ។
កម្មវិធី JENESYS មានគោលបំណងបង្កើនការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោម ប្រជាជនជប៉ុន និងបណ្តាប្រទេសដែលចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និង ចំណងមិត្តភាពនាពេលអនាគត។ គិតចាប់តាំងពីឆ្នាំ២០០៧មក មានយុវជនកម្ពុជាជាង២ពាន់ហើយ ដែលត្រូវបានជ្រើសរើសដោយក្រសួងការបរទេសជប៉ុន ដើម្បីចូលរួមកម្មវិធីនេះ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជារំពឹងថា ក្រុមយុវជន នឹងអាចយល់ដឹងកាន់តែជ្រាលជ្រៅពីប្រទេសជប៉ុន ហើយពួកគេនឹងចែករំលែកបទពិសោធន៍របស់ខ្លួន ដល់ពលរដ្ឋកម្ពុជាដទៃទៀត បន្ទាប់ពីបញ្ចប់ទស្សនកិច្ច៕
Tag:
យុវជន
Jenesys
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com