ជាតិ
យុវជន​កម្ពុជា​២៥​រូប នឹង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​Jenesys នៅ​ជប៉ុន​
13, Jan 2018 , 10:25 am        
រូបភាព
រូបភាពពីស្ថានទូត​ជប៉ុនប្រចាំកម្ពុជា
រូបភាពពីស្ថានទូត​ជប៉ុនប្រចាំកម្ពុជា
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បា​នប​ញ្ចូ​ន​យុវជន​កម្ពុជា​ចំនួន​២៥​រូប ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន  ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ២៣ ខែមករា​នេះ ក្រោម​កម្មវិធី​បណ្ដាញ​ផ្លាស់ប្ដូរ​សិស្ស​និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​ខាងកើត ហៅ​កាត់​ថា Jenesys ២០១៧​។​



​យុវជន​កម្ពុជា​ចំនួន ២៥​រូប នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី Jenesys ពីថ្ងៃ​ទី​១៥  ដល់​ថ្ងៃទី​២៣ ខែមករា​នេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយបាន​បន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច យុវជន​កម្ពុជា នឹង​បាន​ផ្លាស់ប្ដូរ​ចំណេះដឹង​ជាមួយ​និស្សិត​ជប៉ុន ក្នុង​ខេត្ត​មី​យ៉ា​ហ្គី ព្រមទាំង​មានឱកាស​ទទួលបាន​ប​ទ​ពិសោធន៍​នៃ​វប្បធម៌​ជប៉ុន ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​។ ពួកគេ ក៏​នឹង​ត្រូវធ្វើ​បទ​បង្ហាញ​ជា​ក្រុម​ពី​ប្រទេស​កម្ពុជា​ផងដែរ​។​

អត្ថបទទាក់ទង


​កម្មវិធី JENESYS មាន​គោលបំណង​បង្កើន​ការយល់ដឹង និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុងចំណោម ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ដែល​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង ចំណងមិត្តភាព​នាពេល​អនាគត​។ គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក មាន​យុវជន​កម្ពុ​ជាជាង​២​ពាន់​ហើយ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួងការបរទេស​ជប៉ុន ដើម្បី​ចូលរួម​កម្មវិធី​នេះ​។

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រំពឹងថា ក្រុមយុវជន នឹង​អាច​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​ពី​ប្រទេស​ជប៉ុន ហើយ​ពួកគេ​នឹង​ចែករំលែក​បទពិសោធន៍​របស់ខ្លួន ដល់​ពលរដ្ឋ​កម្ពុជា​ដទៃទៀត បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​៕


Tag:
 យុវជន​
  Jenesys
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com