ពីនេះ ពីនោះ
អ្វីទៅជា «អាល់បេដូ» និង «អាអេរ៉ូសូល»?
× ភ្នំពេញ៖ ពាក្យ «អាល់បេដូ» និង«អាអេរ៉ូសូល» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «អាល់បេដូ» (Albedo) ជាចំណែកនៃរំភាយរស្មីព្រះអាទិត្យ ដែលចាំងផ្លាតពីផ្ទៃផែនដីឬពីវត្ថុអ្វីមួយ ហើយដែលជាទូទៅ គិតជាភាគរយធៀបទៅនឹងរំភាយរស្មីព្រះអាទិត្យដែលបានទទួល។ ផ្ទៃដែលគ្របដណ្តប់ដោយព្រឹលមានកម្រិតអាល់បេដូខ្ពស់។ អាល់បេដូរបស់ដីមានកម្រិតពីខ្ពស់មកទាប។ គម្របព្រៃនិងផ្ទៃសមុទ្រមានកម្រិតអាល់បេដូទាប។ អាល់បេដូផ្ទៃផែនដីមានភាពខុសគ្នា ជាពិសេស ដោយសារការប្រែប្រួលពពក ព្រឹល ផ្ទៃស្លឹករុក្ខជាតិ និងគម្របដី។
ចំណែកឯពាក្យ «អាអេរ៉ូសូល» (Aerosol) ក្រុមចុណ្ណភាគរឹងឬរាវនៅក្នុងខ្យល់ មានទំហំពី0,០១ទៅ១០មីក្រូម៉ែត្រ ដែលអណ្តែតវិលវល់ក្នុងបរិយាកាសជាច្រើនម៉ោង។ អាអេរ៉ូសូល អាចកើតមានឡើងដោយធម្មជាតិឬដោយសារសកម្មភាពមនុស្ស។ អាអេរ៉ូសូលអាចមានឥទ្ធិពលមកលើអាកាសធាតុតាមទម្រង់ច្រើនយ៉ាងដូចជា តាមរយៈការពង្រាយ និងការស្រូបយករំភាយរស្មីដោយផ្ទាល់និង ដោយប្រយោល តាមរយៈការដើរតួជាស្នូលកំណកពពក ឬការផ្លាស់ប្តូរលក្ខណៈអុបទិកនិងអាយុកាលរបស់ពពក។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com