អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​ភី​ស៊ីត ចង់ឃើញ​លោក ប្រា​យុទ្ធ​ស្នើ​អង់គ្លេស​ឲ្យ​បញ្ជូន​លោកស្រី​យី​ង​ឡា​ក់មក​ថៃ​វិញ
14, Jan 2018 , 2:39 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក អា​ភី​ស៊ីត វី​ចា​ជីវ៉ា (Abhisit Vejjajiva) ចង់​ឲ្យ​របប​សឹក​ថៃ​មាន​ចំណាត់ការ​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ។ លោក ចង់​ឲ្យ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើសំណើ​ទៅកាន់​អង់គ្លេស ដើម្បី​បញ្ជូន​ខ្លួន​លោកស្រី​យី​ង​ឡាក់ មក​ទទួលទោស​នៅ​ថៃ​វិញ ។



​លោក អា​ភី​ស៊ីត អតីត​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ ១១ មករា បាន​ថ្លែងថា រដ្ឋាភិបាល​ថៃ គួរតែ​បញ្ជាក់​ពី​ជំហាន​នីមួយៗ​ដែល​ត្រូវធ្វើ​ពាក់ព័ន្ធ​ជើងហោះហើរ​រប​ស់លោក​ស្រី យី​ង​ឡាក់ ទៅកាន់​អង់គ្លេស និង​ចាប់ផ្តើម​ធ្វើសំណើ​ទៅកាន់​រដ្ឋាភិបាល​អង់គ្លេស​ដើម្បី​បញ្ជូន​លោកស្រី យី​ង​ឡាក់​មក​ប្រទេស​ដើម​វិញ ។

​តាម​ប្រភពព័ត៌មាន​ថៃ The Nation លោក អា​ភី​ស៊ីត ដែលជា​ប្រមុខ​បក្ស​ប្រជាធិបតេយ្យ​ថៃ​ផង​ដែរនោះ បាន​លើកឡើងថា លោកស្រី យី​ង​ឡាក់ ទំនងជា​មិនចាំបាច់​ស្នើ​សិទ្ធិ​ជ្រកកោន​នោះទេ ប្រសិនបើ​លោកស្រី មាន​លិខិតឆ្លងដែន​របស់​ប្រទេស​ដទៃ​នៅ​នឹង​ដៃ​ហើយ​នោះ ។

​ជាមួយគ្នា​ផងដែរ លោក អា​ភី​ស៊ីត ដែល​ធា្ល​ប់​ជា​គូប្រជែង​នយោបាយ​របស់លោក​ស្រី​យី​ង​ឡាក់​នោះ បាន​បន្តទៀតថា រដ្ឋាភិបាល​ថៃ មិន​អាចធ្វើ​អន្តរាគមន៍​អ្វី​បានឡើយ ប្រសិនបើ​ករណី​នៃ​ការសុំ​សិទ្ធិ​ជ្រកកោន ពិតជា​កើតឡើង​មែន​នោះ ។ មិនអាច​អន្តរាគមន៍​បាន ដោយ​លោក​សម្អាងថា ប្រទេស​ដែល​លោកស្រី យី​ង​ឡាក់ អាចធ្វើ​សំណើ បាន​មាន​ទំនាក់ទំនង​ពិសេស​ជាមួយនឹង​លោកស្រី​យី​ង​ឡាក់​រួចទៅហើយ ។

​យ៉ាងណាក៏ដោយ លោក​សង្កត់ធ្ងន់ថា​៖« រដ្ឋាភិបាល​ថៃ នៅមាន​ផ្លូវ​មួយ ។ នោះ​គឺ ចាប់ផ្តើម​ធ្វើសំណើ​ផ្លូវការ​ដើម្បី​ស្នើ​ទៅ​អង់គ្លេស ដើម្បី​បញ្ជូន​លោកស្រី​យី​ង​ឡា​ក់មក​ថៃ​វិញ ។ ប្រសិនបើ​រដ្ឋាភិបាល​ថៃ មិន​ធ្វើសំណើ​ផ្លូវការ​នោះទេ អង់គ្លេស ក៏​មិនអាច​ចាត់វិធានការ​អ្វី​ឡើយ ដ្បិត​លោកស្រី យី​ង​ឡាក់ អាច​ចេញចូល​ទីនោះ​បាន​យ៉ាង​ស្របច្បាប់​ហើយ​នោះ​»​។

​សូមជម្រាបថា សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ តុលាការ​កំពូល​ថៃ បាន​កាត់ទោស​កំបាំងមុខ​លើ​សំណុំរឿង​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដោយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ប្រាំ​ឆ្នាំ​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ដោយសារ​កម្មវិធី​ស្រូវ​អង្ករ​រដ្ឋ​។​

​ក្រោយមកទៀត រដ្ឋាភិបាល​ថៃ  ក៏បាន​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​សញ្ជាតិ​ថៃ​គ្រប់​ប្រភេទ​របស់លោក​ស្រី យី​ង​ឡាក់ ។ គួរកត់សម្គាល់​ដែរនោះ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​វត្តមាន​លោកស្រី​យី​ង​ឡាក់ នៅ​ប្រទេស​អង់គ្លេស ប៉ូលិស​ថៃ​ថ្មីៗ​នេះ ក៏​អះអាង​ដែរ​ថា ភាគី​ថៃ កំពុងតែ​សុំ​ការអនុញ្ញាត​ពី​ប៉ូលិស​អន្តរជាតិ​ដើម្បី​ផ្តល់ដំណឹង​បច្ចុប្បន្នភាព​របស់លោក​ស្រី និង​អាចឈាន​ទៅដល់​ការចេញ​ដីកាចាប់ខ្លួន​អន្តរជាតិ​ទៀតផង ៕


© រក្សាសិទ្ធិដោយ thmeythmey.com