ជាតិ
សម្ដេច ហ៊ុន សែន ប្រកាសឈប់ឈរឈ្មោះនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៨
× ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងបន្តកាន់តំណែងនាយករដ្ឋមន្ត្រី មិនតិចជាង១០ឆ្នាំនោះទេ។ មូលហេតុដែលសម្ដេច ហ៊ុន សែន លើកឡើងបែបនេះ ដោយសំអាងទៅលើអាយុ (ជាង៦០) និងសុខភាពរឹងមាំរបស់ខ្លួន។ ប៉ុន្តែមិនមានន័យថា ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ នឹងកាន់តំណែងនាយករដ្ឋមន្ត្រី រហូតដល់ជរាទ្រោមខ្លួននោះដែរ។ ត្រង់ន័យនេះប្រមុខរដ្ឋាភិបាល បានប្រកាសបន្ថែមថា សម្ដេច នឹងដកខ្លួនពីបេក្ខជននាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២៨ ខាងមុខ ដើម្បីទុកឱកាសឲ្យយុវជនជំនាន់ក្រោយ ក្លាយជានាយករដ្ឋមន្ត្រីវិញម្ដង។
សម្រាប់រយៈពេលពីរអាណត្តិខាងមុខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឃើញប្រជាពលរដ្ឋអាចទទួលបានជីវភាពធូធារ តាមរយៈគោលដៅរបស់រដ្ឋាភិបាល ដែលបានកំណត់ឲ្យពលរដ្ឋទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
សូមស្ដាប់សំឡេង៖
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពថ្មីនៅក្នុងបរិវេណមន្ទីរពេទ្យកាលម៉ែត្រ នៅព្រឹកថ្ងៃទី១៥ មករានេះ ប្រមុខរដ្ឋាភិបាល បានប្រកាសដូច្នេះថា៖ «ពិតមែនហើយឯកឧត្តម ម៉ម ប៊ុនហេង បានជូនពរថាឲ្យខ្ញុំជោគជ័យ ដឹកនាំនៅអាណត្តិទី៦ អាណត្តិទី៧ និងបន្តបន្ទាប់ទៀត ។ (កាន់តំណែង) បន្តបន្ទាប់នោះពិបាកណាស់ ត្រឹមអាណត្តិទី៦ អាណត្តិទី៧ បានហើយ ព្រោះនេះជាការប្ដេជ្ញាចិត្ត ដែលខ្ញុំបានប្រកាសរួចហើយថា នឹងបន្តកាន់តំណែងមិនតិចជាង១០ឆ្នាំ។ កម្ពុជាគ្មានរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ។ ប្រទេសនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ…។ ខ្ញុំចង់អមដំណើរជាមួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រោះបើយោងតាមការគិតអាណត្តិនៃរដ្ឋសភា គឺឆ្នាំ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ»៕
© រក្សាសិទ្ធិដោយ thmeythmey.com