ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាំរស្មី​យូ​វី​ពន្លឺព្រះអាទិត្យ​អាច​បំផ្លាញ​ស្បែក​បាន​ទោះបីជា​ក្រោយ​មេឃងងឹត​ក៏ដោយ​
16, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ការដែល​មេឃ​ចុះ​ងងឹត​ភ្លាមៗ​មិនមែន​មានន័យថា វា​អាច​បញ្ឈប់​ការបំផ្លាញ​របស់​ពន្លឺព្រះអាទិត្យ​នោះទេ ព្រោះថា​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​នៅតែ​អាច​បន្ត​បំផ្លាញ​កោសិកា​ស្បែក​ច្រើន​ម៉ោង​ទៀត​ក្រោយពី​ប៉ះពាល់​វា​រួច​។



​កាំរស្មី​យូ​វី ត្រូវបាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​បំផ្លាញ​ដល់ DNA របស់​កោសិកា​ស្បែក ដែល​រឿងនេះ​អាច​បង្កើន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ធ្ងន់ធ្ងរ​មួយ​ឈ្មោះថា Melanoma​។ ការសិក្សា​នេះ​មាន​គោលដៅ​ចង់​ពិនិត្យ​ទៅលើ​យន្តការ​ជីវសាស្ត្រ​ថា​មានការ​ចូលរួម​លើ​ដំណើរ​ការណ៍​ខាងលើ​ឬ​អត់​។ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​កោសិកា​បំពាក់​ពណ៌​ឲ្យ​ស្បែក​ដែល​យកចេញ​ពីស​ត្វ​កណ្តុរ (Melanocytes) ហើយ​បាន​រកឃើញថា វា​គឺជា​សារធាតុ​បំពាក់​ពណ៌​មួយ​ដែល​ដើរតួនាទី​លើ​ដំណើរការ​បំផ្លាញ​។ ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ធ្វើ​ឲ្យ​សារធាតុ​បំពាក់​ពណ៌​របស់​ស្បែក​ផលិត​មូ​លេ​គុល​តូច​ជាច្រើន ឬ​ហៅថា Cyclobutane Pyrimidine Dimers (CPDs) ដែល​វា​អាច​បង្កើតជា​ចំណង​មិនធម្មតា​មួយ​រវាង Building Blocks ក្នុង DNA​។ CPDs ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ក្នុងពេលដែល​ប៉ះពាល់​ជាមួយ​កាំរស្មី​យូ​វី ប៉ុន្តែ​ការស្រាវជ្រាវ​បាន​បង្ហាញថា ការបង្កើត​របស់​វា ក៏​នៅតែ​បន្ត​រហូតដល់​បី​ម៉ោង​ឡើងទៅ​ដែ​ឬ​ក្រោយពី​ឈប់​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ទៀត ឬ​ពេល​មេឃងងឹត​។ ក្រោយមក យន្តការ​ជួសជុល DNA នឹង​ចូលខ្លួន​ម្តង​។

​តេស្ត​ខ្លះ​ដែល​កំពុងតែ​ប្រើ​លើ​កោសិកា​បំពាក់​ពណ៌​របស់​មនុស្ស​ក៏ត្រូវ​បាន​គេ​ធ្វើ​ដែរ​។ គេ​បាន​និយាយថា រឿងនេះ​បាន​បង្កើត​នូវ​លទ្ធផល​មួយ​ស្រដៀង​គ្នា ដែល​វា​មាន​ការបន្ត​កើតជា CPDs​ទៀត​ក្រោយពី​មេឃងងឹត​រួច ប៉ុន្តែ​ឥទ្ធិពល​របស់​វា​មានការ​ប្រែប្រួល​ច្រើនណាស់​។ វា​នៅតែ​មិនទាន់​ច្បាស់​ថា តើ​ស្ថានភាព​ចំពោះ​មនុស្ស​មានការ​សម្គាល់​ដឹង​ទាំងស្រុង​ឬ​អត់​។ សរុបមក ការរកឃើញ​នេះ​បាន​គាំទ្រ​ទៅលើ​ការប្រឈមមុខ​នៃ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com