ជាតិ
មិនទាន់មាន​ករណី​ក្មេងរងគ្រោះ ដោយសារ​ទឹកដោះគោ​មាន​មេរោគ​នៅ​កម្ពុជា​ឡើយ​
15, Jan 2018 , 5:02 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ កម្ពុជា​មិនទាន់មាន​ក្មេងរងគ្រោះ ដោយសារ​ករណី​ទឹកដោះគោ​មាន​ផ្ទុកមេរោគ​ឡើយ​។ ក្រសួងសុខាភិបាល ធ្លាប់​ប្រាប់​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការទិញ​ទឹកដោះគោ​ចំនួន​៣​ប្រភេទ ដែលជា​ផលិតផល​របស់​ប្រទេស​បារាំង យកទៅ​ឲ្យ​កូន​ឫ​ទារក​ញាំ ដោយសារ​តែមាន​សារធាតុ​មេរោគ​ម្យ៉ាង​ឈ្មោះ​«​សាល​ម៉ូ​ណែ​ល​ឡា​» នៅក្នុង​ទឹកដោះគោ​នោះ​។​



​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក លី សុ​វ៉ាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​មិនទាន់​រកឃើញ​ករណី​ក្មេងរងគ្រោះ ដោយសារ​ទឹកដោះគោ​ទាំង​៣​ប្រភេទ ម៉ាក​សេ​លី​យ៉ា អាដេ ( CELIA AD) , សេ​លី​យ៉ា ម៉ា​ម៉ា (CELIA MAMA និង​ទឹកដោះគោ​ពិ​កូត​អេស​អិ​ល (PICOT SL) នោះទេ ក្រោយពី​មានការ​ផ្សព្វផ្សាយ និង​ការទប់ស្កាត់​ពី​សំណាក់​កម្លាំង​ជំនាញ ។ តែ​យ៉ាងណា​ក្រសួងសុខាភិបាល ក៏​កំពុង​តាមដាន​លើ​ករណី​ទឹកដោះគោ​នេះ ។​

​ទឹកដោះគោ​ម៉ាក​សេ​លី​យ៉ា អាដេ ( CELIA AD, ៣៥០​ក្រាម​) សេ​លី​យ៉ា ម៉ា​ម៉ា (CELIA MAMA, ៤០០​ក្រាម​) ដែលជា​ផលិតផល​របស់​បារាំង នាំចូល​ដោយ​ក្រុមហ៊ុន ANGKOR ADVANN (CAMBODIA) Import & Export និង​ទឹកដោះគោ​ពិ​កូត​អេស​អិ​ល (PICOT SL, ៣៥០​ក្រាម​) ជា​ផលិតផល​បារាំង ដែល​នាំចូល​ដោយ​ក្រុមហ៊ុន MEDEX CO.LTD​។ ទឹកដោះគោ​ទាំង​៣​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​មេរោគ​ម្យ៉ាង​ឈ្មោះថា សាល​ម៉ូ​ណែ​ល​ឡា (Salmonella) ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ទារក កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។​

​កន្លងមក​ក្រសួងសុខាភិបាល បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រមូលយក​ទឹកដោះគោ​ទាំងនោះ​ពី​ទីផ្សារ​វិញ​។ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​មន្ត្រី​នាយកដ្ឋាន​កុងត្រូល ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​ការប្រមូល​ទឹកដោះគោ​ទាំង​៣​ប្រភេទ​នេះឡើយ​៕


Tag:
 ​ទឹកដោះគោ​
  CELIA
© រក្សាសិទ្ធិដោយ thmeythmey.com