ជាតិ
គម្រោងជួសជុលប្រាសាទភិមានអាកាសកាន់តែច្បាស់លាស់ រូបភាព៖ អាជ្ញាធរជាតិអប្សរា
× សៀមរាប៖ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៧ គម្រោងជួសជុលប្រាសាទភិមានអាកាសត្រូវបានបង្ហើបដោយក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA (Chinese government team for safeguarding Angkor) នៃសាធារណរដ្ឋប្រជាមានិតចិន។ វាកាន់តែច្បាស់ទៅទៀត បន្ទាប់ពីមានអនុស្សរណៈជាផ្លូវការកាលពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០១៨ ដែលធ្វើឡើងរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អំឡុងពេលទស្សនៈកិច្ចផ្លូវការនៅរាជធានីភ្នំពេញ។
គម្រោងជួសជុលប្រាសាទភិមានអាកាស គឺជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន CSA។ យ៉ាងណា ពេលវេលាពិតប្រាកដនៃដំណើរគម្រោងនេះ នៅមិនទាន់បញ្ជាក់នៅឡើយ តែក្នុងជំនួបពិភាក្សារវាងតំណាងស្ថាប័ន CSA ជាមួយអគ្គនាយកអាជ្ញាធរជាតិអប្សរានាពេលកន្លងមក គឺអាចនឹងជួសជុល ក្រោយបញ្ចប់គម្រោងជួសជុលប្រាសាទតាកែវ។
កន្លងមក ស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិន បានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨ ហើយចាប់ជួសជុលប្រាសាតាកែវចាប់ពីឆ្នាំ២០០៧ បញ្ចប់នៅចុងឆ្នាំ២០១៧។ ហើយបច្ចុប្បន្ននេះ CSA កំពុងរៀបចំគម្រោងដើម្បីធ្វើការជួសជុលអតីតរាជវាំងក្រុងអង្គរធំជាបន្តទៀត។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីទំហំសាច់ប្រាក់ និងពេលវេលាសម្រាប់គម្រោងជួសជុលនេះបាននៅឡើយទេ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា អនុស្សរនៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងភាគីចិន ដើម្បីជួសជុលប្រាសាទភិមានអាកាស គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សប្រាសាទ ក៏ដូចជារួមចំណែកសម្រាប់សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
ប្រាសាទភិមានអាកាស ឬ ប្រាសាទវិមានអាកាស សង់ ឡើង ក្នុង រាជ្យ ព្រះបាទ ជ័យវរ្ម័ន នៅ ដើម សតវត្ស ទី ១១ ។ ប្រាសាទ នេះ សង់ អំពី ថ្មភក់ នៅ ផ្នែក ខាងលើ ដោយ ជើង គ្រឹះ ធ្វើ ពី ថ្មបាយក្រៀម មាន បី ជាន់ ស្រដៀង នឹង ប្រាសាទ ពីរ៉ាមីដ នៅ អេ ហ្សី ប ដូច្នោះ ដែរ ។ កម្ពស់ នៃ ជើង គ្រឹះ ប្រាសាទវិមានអាកាស ទាំង បី ជាន់ មាន ប្រវែង ប្រហែលជា ១២ ម៉ែត្រ មាន សណ្ឋាន បួន ជ្រុង ទ្រវែង មាន ជណ្តើរ ចោត ទាំង បួន ផ្នែក ៕
© រក្សាសិទ្ធិដោយ thmeythmey.com