កីឡាអន្តរជាតិ
អន្តរជាតិ
ការផ្ទេរ Sanchez៖ ក្រោយ Man City សាញ​នឹង​តម្លៃ​ខ្លួន ឱកាស​កាន់តែ​ហុច​ដល់ Man Utd
16, Jan 2018 , 11:38 am        
រូបភាព
​ក្លិប Manchester City បានសម្រេច​បោះបង់​ចំណាប់អារម្មណ៍​របស់ខ្លួន​ដើម្បី​ប្រជែង​យក​ខ្សែប្រយុទ្ធ Alexis Sanchez ពី Arsenal ដ្បិត​ពួកគេ​គិតថា អតីត​សមាជិក Barcelona រូបនេះ មានតម្លៃ​ថ្លៃ​ពេក​។​



​ទាំង​លោក Pep Guardiola និង ម្ចាស់​ក្លិប​លោក Khaldoon al-Mubarak រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំងអស់​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ សុទ្ធតែ​សាញ​នឹង​តម្លៃ​របស់ Sanchez ទាំង​ថ្លៃ​ផ្ទេរ​ដែល​ក្រុម​កាំភ្លើង​ធំ Arsenal ទាមទារ  និង​ថ្លៃ​ពលកម្ម​ប្រចាំ​សប្តាហ៍​របស់​សាមីខ្លួន​ផ្ទាល់​។​

​បើតាម​ការផ្សាយ​របស់ BBC ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ី​លី វ័យ​២៩​ឆ្នាំ​រូបនេះ ចង់បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​ក្នុងចំណោម​កីឡាករ​ទាំងអស់​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ ជាមួយនឹង​តម្លៃ​ផ្ទេរ ៣៥​លាន​ផោន ប្រមាណ ៤៨​លាន​ដុល្លារ​អាមេរិក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្លិប​ទាំងមូល​ពិបាក​ទទួលយក ហើយ​បោះបង់​ការចង់បាន​តែម្តង​។​

​ក្លិប​បិសាច​ក្រហម Manchester United ដែលជា​គូប្រជែង​ជាមួយ Manchester City ដើម្បី​ដណ្តើមយក Sanchez កន្លងមក ត្រូវបាន​គេ​ជឿជាក់់ថា​ជា​ក្លិប​តែមួយគត់​ដែល​ហ៊ាន​នឹង​សំណើរ​ខាងលើនេះ​។ ខ្សែបម្រើ Henrikh Mkhitaryan ក៏​ស្ថិតក្នុង​ការដោះដូរ​ជាមួយ​ជាមួយ Arsenal ផងដែរ​យ៉ាងណាក៏ដោយ ប្រភព​ដែលមាន​ទំនាក់ទំនង​នឹង​ការចរចា​នេះ​ក៏បាន​លើកឡើង​ដែរ​ថា Chelsea ក៏​កំពុង​ចាប់អារម្មណ៍​អតីត​សមាជិក Udinese ទៅ​រួម​ក្រុម​នាទី​ផ្សាយ​ដោយ​ដូរ​កីឡាករ​ក្នុង​ខែមករា​នេះដែរ​៕


Tag:
 បាល់ទាត់​
  Alexis Sanchez
  Manchester United
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com