ជាតិ
គិត​ត្រឹម​ថ្ងៃទី​១៦ មករា រដ្ឋាភិបាល ចំណាយ​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ ឧបត្ថម្ភដល់​កម្មការិនី​សម្រាលកូន​
17, Jan 2018 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី ១៦ មករា​នេះ កម្មការិនី​រោងចក្រ​ចំនួន​១,៨៩៥​នាក់​ហើយ ដែល​បាន​សម្រាលកូន​ចំនួន​១,៩១១​នាក់​។ កម្មការិនី​ទាំងនេះ បានទទួល​ប្រាក់ឧបត្ថម្ភ​តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល ដែល​សន្យា​ផ្ដល់​ថវិកា​៤០​ម៉ឺន​រៀល សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​បាន​១​នាក់ , ថវិកា​៨០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ និង​ទឹកប្រាក់​១២០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ​បីនាក់​។ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់មាន​កម្មការិនី បង្កើតបាន​កូនភ្លោះ​បីនាក់​ទេ​។


 
​ដោយ​អនុវត្តតាម​ការសន្យា​នេះ រដ្ឋាភិបាល បាន​ចំណាយ​ទឹកប្រាក់​អស់​៧៤៦​លាន ៤​សែន​រៀល​ហើយ សម្រាប់​ស្ត្រី​សម្រាលកូន​ទាំងនោះ​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមដាន​យកចិត្តទុកដាក់​លើ​កម្ម​ការិនី កំពុងមាន​ផ្ទៃពោះ​បន្ថែមទៀត ដោយ​ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ តាម​គោលនយោបាយ​រដ្ឋាភិបាល​។​

​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ក៏បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមន្នីរ័ត្ន រៀបចំ​ថវិកា​ឧបត្ថម្ភ​សម្រាប់​កម្មការិនី​សម្រាលកូន​ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ ពោលគឺ​មិន​ឲ្យ​ពួកគេ​ក្នក់ចិត្ត​ឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​១៦,៩០៩​នាក់ នៅ​តំបន់​ព្រៃទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​១៧ មករា​នេះ នាយករដ្ឋមន្ត្រី បាន​រំ​ឮ​ក​ជាថ្មី​ថា រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​កម្មការិនី​សម្រាលកូន​ទូទាំងប្រទេស​៕


Tag:
 ហ៊ុន សែន​
 ​ កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com