ជាតិ
សេដ្ឋកិច្ច
តើ​ប្រាក់បៀវត្ស​ប៉ុន្មាន ត្រូវ​ជាប់ពន្ធ​ប៉ុន្មាន​ភាគរយ យោងតាម​ច្បាប់​ថ្មី​?
17, Jan 2018 , 11:42 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  បុគ្គលិក​ឯកជន និង​រដ្ឋ រួមទាំង​បុគ្គលិក​អង្គការ​នានា ដែលមាន​ប្រាក់បៀវត្ស​ប្រចាំខែ​ចាប់ពី ១​លាន​២​សែន​និង​១​រៀល​ឡើងទៅ ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស ដែល​ត្រូវអនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ នេះ​តទៅ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៥​ខែមករា​។​



​អ្នកមាន​ប្រាក់បៀវត្ស​ប្រចាំខែ​មិន​លើសពី ១,២ លាន​រៀល មិនត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស​ឡើយ​។ ចំពោះ​អ្នកមាន​ប្រាក់បៀវត្ស​ចាប់ពី ១,២​លាន​និង​១​រៀល ដល់ ២ លាន​រៀល ត្រូវ​ជាប់ពន្ធ ៥​ភាគរយ ខណៈ​អ្នកមាន​បៀវត្ស​លើសពី ២​លាន​រៀល ដល់ ៨,៥​លាន​រៀល ត្រូវ​ជាប់ពន្ធ ១០​ភាគរយ​។ ចំណែក​បៀវត្ស​លើសពី ៨,៥​លាន​រៀល ដល់ ១២,៥​លាន​រៀល ត្រូវ​ជាប់ពន្ធ ១៥​ភាគរយ ហើយ​បើ​លើសពី ១២,៥​លាន​រៀល ជាប់ពន្ធ ២០​ភាគរយ​។​

​ប៉ុន្តែ​ការយក​ពន្ធលើប្រាក់បៀវត្ស​នេះ ត្រូវបាន​បន្ធូរបន្ថយ​ចំពោះ​បុគ្គល​ដែលមាន​បន្ទុកគ្រួសារ​។ សេចក្ដីណែនាំ​ខាងលើ សរសេរថា «​ផ្អែកលើ​ការបង្ហាញ​ភ័ស្តុតាង​នៃ​ស្ថានភាព​គ្រួសារ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្មករនិយោជិត ដែលមាន​បន្ទុក​ចិញ្ចឹម​កូន ប្ដី​ឬ​ប្រពន្ធ ត្រូវបាន​អនុញ្ញាត​ឲ្យ​កាត់បន្ថយ​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស​ចំពោះ​កូន​ក្នុងបន្ទុក និង​សហព័ន្ធ​ជា​មេផ្ទះ ក្នុង​ម្នាក់ៗ ១៥​ម៉ឺន​រៀល​ក្នុង​មួយខែ​»​។ ដូចនេះ  បុគ្គលិក​ឯកជន និង​មន្ត្រីរាជការ ដែលមាន​បៀវត្ស​លើសពី ១,២​លាន​រៀល​ដល់​ចំនួន​ណាមួយ អាស្រ័យ​លើ​ចំនួន​បន្ទុកគ្រួសារ នឹងត្រូវ​រួចផុត​ពី​ការបង់​ពន្ធលើប្រាក់បៀវត្ស​។​

​គ្រប់​សហគ្រាស​ដែល​ប្រកប​អាជីវកម្ម ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែលមាន​កាតព្វកិច្ច​កា​ត់​ទុក​និង​បង់​ពន្ធលើប្រាក់បៀវត្ស ត្រូវ​ចាប់​អនុវត្ត​ការគិត​ពន្ធលើប្រាក់បៀវត្ស​ថ្មី​នេះ សម្រាប់​ការបើកប្រាក់​បៀវត្ស​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ តរៀង​ទៅ ហើយ​ត្រូវដាក់​លិខិត​ប្រកាស​បង់ពន្ធ​ប្រចាំខែ​នីមួយៗ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​២០​នៃ​ខែ​បន្ទាប់​។​

​គួរ​បញ្ជាក់ថា សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខាងលើ ត្រូវ​បានចេញ​ផ្សព្វផ្សាយ​ឲ្យ​អនុវត្ត ដោយ​អនុលោម​តាម​មាត្រា ៤៧​ថ្មី (​ពីរ​) នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ដែល​ត្រូវបានធ្វើ​វិសោធនកម្ម​ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ៕


Tag:
 ពន្ធ​
  បៀវត្ស​
© រក្សាសិទ្ធិដោយ thmeythmey.com