ជាតិ
Cambodia Headlines មកដល់​ទីផ្សារ​សារព័ត៌មាន​កម្ពុជា
17, Jan 2018 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុ​ជាមាន​ក្រុមហ៊ុន​សារព័ត៌មាន​មួយ​ថ្មី​ទៀត​ឈ្មោះ Cambodia Headlines​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ស្វាគមន៍​វត្តមាន​នៃ​ក្រុម​ព័ត៌មាន​នេះ ដែល​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ទំនាក់ទំនង​នៃ​ប្រជាជន​ចិន​និង​កម្ពុជា​។



​ក្រុមហ៊ុន ខេ​ម​បូ​ឌា ហ៊ែ​ត​ឡាញ (Cambodia Headlines) ដែលមាន​គោលដៅ​ប្រមូលផ្តុំ​ព័ត៌មាន​សំខាន់ៗ​ពី​បណ្តាសារ​ព័ត៌មាន​ល្បីៗ​នៅ​កម្ពុជា ត្រូវបាន​សម្ពោធ​នា​ល្ងាច​ថ្ងៃទី​១៦​ខែមករា​នៅ​សណ្ឋាគារ Sofitel​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ​, តំណាង​ស្ថានទូត​ចិន​, ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​ចិន និង​ក្រុមហ៊ុន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន​ប្រមាណ​២០០​នាក់​បាន​ចូលរួម​ក្នុង​ពិធី​នេះ​។​

​ក្រុមហ៊ុន Cambodia Headlines ត្រូវបាន​បង្កើត​រួមគ្នា​ដោយ​ក្រុមហ៊ុន​ចិន Guangxi Chinanews Culture and innovation media និង​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ  BP media technology​។

​លោក សោម រតនា តំណាង​ក្រុមហ៊ុន Cambodia Headlines បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វត្តមាន​នៃ​ខេ​ម​បូ​ឌា​ហ៊ែ​ត​ឡាញ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​ព័ត៌មាន (information silk road) ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​វិថី​មួយ ខ្សែក្រវ៉ាត់​មួយ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​។ លោក​ជឿជាក់ថា ខេ​ម​បូ​ឌា​ហ៊ែ​ត​ឡាញ នឹង​ក្លាយជា​ច្រក​នៃ​លំហូរ​ព័ត៌មាន​បាន​យ៉ាង​ទូលំទូលាយ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​ផង និង​នៅក្នុង​ប្រទេស​ចិន​ផង​។​



​កម្មវិធី​ល្ងាច​ថ្ងៃទី​១៦​ខែមករា​នោះ គ្រាន់តែ​ជា​ពិធី​សម្ពោធ​បើក​ក្រុមហ៊ុន​ជា​ផ្លូវការ​ប៉ុណ្ណោះ​។ ចាប់ពីពេលនេះ ក្រុមការងារ​នឹង​ចាប់ផ្តើម​រៀបចំ​ផែនការ និង​អនុវត្ត​ការងារ​។​
​លោក សោម រតនា បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នឹង​សហការ​ជា​ដៃគូ​ជាមួយ​អង្គភាព​ព័ត៌មាន​នៅ​កម្ពុជា​ដើម្បី​ប្រមូលយក​ព័ត៌មាន​របស់​ពួកគេ​មក​ដាក់​នៅលើ​កម្មវិធី​ព័ត៌មាន​របស់​ពួកយើង (Cambodia headlines)​។ ដៃគូ​របស់​យើង​ទាំងនោះ ពួកគេ​នឹង​ទទួលបាន​អតិថិជន​កាន់តែ​ធំ​ជាង​មុន​»​។​

​អ្នកប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ខេ​ម​បូ​ឌា​ហ៊ែ​ត​ឡាញ នឹងមាន​ចំនួន​ធំធេង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផង និង​នៅក្នុង​ប្រទេស​ចិន​ផង ពីព្រោះ​បើតាម​ការអះអាង​របស់​លោក សោម រតនា ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​កម្មវិធី​ព័ត៌មាន​នេះ​នៅតាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​។​

​ក្នុងនាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មានតែ​សាទរ​ក្រុមហ៊ុន Cambodia Headlines​។ លោក​រដ្ឋមន្ត្រី​ក៏បាន​យល់ស្រប​ផងដែរ​ថា ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ​របស់​ចិន អាច​ទទួលជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​សារព័ត៌មាន​។ បើសិនជា​កម្មវិធី​ព័ត៌មាន​ខេ​ម​បូ​ឌា ហ៊ែ​ត​ឡាញ មានកម្ម​វិធី​អនុវត្ត​ច្រើន​នោះ លោក ខៀវ កាញារីទ្ធ ទទួលស្គាល់ថា ខេ​ម​បូ​ឌា ហ៊ែ​ត​ឡាញ នឹង​បង្ខិត​ប្រជាជន​កម្ពុជា​និង​ចិន​ឲ្យ​នៅក្បែរ​គ្នា និង​អាចទាក់ទង​គ្នា​បាន​គ្រប់ពេលវេលា​៕


© រក្សាសិទ្ធិដោយ thmeythmey.com