ជាតិ
អតីតតំណាងរាស្ត្របក្សប្រឆាំង ចង់ជួបលោក កឹម សុខា ក្រោយមានការបង្កើតចលនាសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រៅបរិវេណតុលាការកំពូល ពេលដែលតុលាការកំពូល កំពុងបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា កាលពីកន្លងមកងមក
× ភ្នំពេញ៖ អតីតតំណាងរាស្ត្រប្រាំរូប នៃគណបក្សសង្គ្រោះជាតិ រួមទាំងសហការីមួយចំនួនទៀត បានដាក់សំណើទៅកាន់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំចូលជួបលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នាខេត្តត្បូងឃ្មុំ។ បំណងរបស់ក្រុមតំណាងរាស្ត្រ ដែលចង់ជួបលោក កឹម សុខា គឺបង្ហាញឡើង ក្រោយពីលោក សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន បានបង្កើត «ចលនាសង្គ្រោះជាតិ» នៅក្រៅប្រទេស នាពេលថ្មីៗនេះ។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា មិនទាន់ឆ្លើយតបនឹងសំណើរបស់ក្រុមតំណាងរាស្ត្រខាងលើនោះទេ។ ប៉ុន្តែ លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា សំណើរបស់ក្រុមតំណាងរាស្ត្រ បានទៅដល់ដៃលោក គី ឫទ្ធី ហើយ ដើម្បីពិនិត្យតាមនីតិវិធី។
លោក ម៉ៅ មុនីវណ្ណ ដែលធ្វើជាតំណាង និងនាំមុខគេ ក្នុងការធ្វើសំណើនេះ ពុំទាន់អាចបង្ហើបបានទេថា លោក មានបំណងអ្វី ចង់ជម្រាបដល់លោក កឹម សុខា។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅរសៀលថ្ងៃពុធនេះថា អ្វីដែលសំខាន់នាពេលនេះ គឺការទទួលបានអនុញ្ញាតពីចៅក្រមស៊ើបសួរ ដើម្បីចូលជួបលោក កឹម សុខា។ លោក និយាយដូច្នេះថា៖«ចាំបានជួបគាត់សិន។ ប៉ុន្តែ យើង ដូចជាគ្មានអ្វីទេ..គឺគ្រាន់តែចង់ទៅសួរសុខទុក្ខគាត់ប៉ុណ្ណឹង»។
យោងតាមសំណើខាងលើ អតីតតំណាងរាស្ត្រ ដែលចង់ចូលជួបលោក កឹម សុខា ក្នុងពន្ធនាគារ រួមមាន លោក ម៉ៅ មុនីវណ្ណ លោក អ៊ូ ច័ន្ទរ័ត្ន លោក ជាម ចន្នី លោក កង គឹមហាក់ និងលោកស្រី តែ ច័ន្ទមុនី។
កន្លងមក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្លាប់ដាក់សំណើសុំជួបលោក កឹម សុខា ម្តងជាពីរដងរួចមកហើយ ក្រោយពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន យកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងភ្លាមៗ។ ប៉ុន្តែ សំណើទាំងនោះ សុទ្ធតែត្រូវបានច្រានចោល។ មកដល់ពេលនេះ អ្នកដែលបានចូលជួបលោក កឹម សុខា គឺមានតែភរិយារបស់គាត់ និងក្រុមមេធាវីប៉ុណ្ណោះ។
បើគិតទៅ លោក កឹម សុខា បានជាប់ពន្ធនាគារ ជាងបួនខែហើយ ក្រោមការសង្ស័យរបស់តុលាការថា បានឃុបឃិតជាសម្ងាត់ជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលទង្វើនេះ អាចចាត់ទុកជាអំពើក្បត់ជាតិ។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ព្រោះតែតុលាការ យល់ថា មានចេតនាធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com