ជាតិ
Freedom House៖ ប្រជាធិបតេយ្យ​លើ​ពិភពលោក ធ្លាក់ចុះ​ខ្លាំង រួមទាំង​កម្ពុជា​ផងដែរ​
17, Jan 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ Freedom House បាន​បញ្ចូល​កម្ពុជា ទៅក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភពលោក ដែល​កំពុងមាន​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ឆ្លើយតប​ថា ការធ្វើ​ដូច្នេះ គឺ​ផ្ទុយ​ពី​ការពិត​។



​កម្ពុជា គឺជា​ប្រទេសមួយ ដែល​ត្រូវបាន​អង្គការ​លំដាប់​ពិភពលោក​ឈ្មោះ Freedom House ចាត់​ចូល​ជា​ប្រទេស ដែលមាន​វិបត្តិ​ក្នុងការ​អនុវត្ត​ប្រជាធិបតេយ្យ​។ អង្គការ​អន្តរជាតិ​នេះ បាន​ប្រមូល​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតឡើង​នៅ​កម្ពុជា ក្នុងអំឡុង​ឆ្នាំ​២0១៧ ដើម្បី​ទាញ​ចេញ​ជា​លទ្ធផល​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​។ 

​ព្រឹត្តិការណ៍​ទាំងនោះ ដែល Freedom House បានលើកឡើង រួមមាន ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ការបិទ​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន ជាដើម​។ អង្គការ​នេះ បាន​សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​៖«​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់វិធានការ​យ៉ាង​ម៉ឺង​មាត់ ក្នុងការ​បង្ក្រាប​លើ​គណបក្សប្រឆាំង និង​ក្រុម​សារព័ត៌មាន ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក កំពុង​ត្រៀមលក្ខណ សម្រាប់​ការបោះឆ្នោត នា​ឆ្នាំ​២0១៨»​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ហាក់​ទើស​ចិត្តនឹង Freedom House ដែល​ដាក់បញ្ចូល​ប្រទេស​កម្ពុជា ទៅក្នុង​ចំណោម​ប្រទេស​នានា ដែល​ជួប​វិបត្តិ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។ លោក ឆ្លើយតប​ថា កន្លងមក Freedom House មិន​ដែលមាន​សុទិដ្ឋិនិយម ឬ​សាទរ​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​នានា​លើ​ពិភពលោក​នោះទេ ហេតុ​ដូច្នេះហើយ បានជា ហ៊ាន​វាយតម្លៃ ដោយ​បញ្ច្រាស់​ពី​ការពិត​បែបនេះ​។ 

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«Freedom House គ្រាន់តែ​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែន​ប្រយោជន៍​សម្រាប់​ពិភពលោក​ទេ​»​។

​បន្ទាប់មក លោក ផៃ ស៊ី​ផាន ក៏​ថ្លែង​ការពារ​ប្រទេស​កម្ពុជា ថា​មាន​សុខសន្តិភាព​រាប់​ទសវត្ស​មកហើយ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងកា​រ​រីកចម្រើន​។ លោក បញ្ជាក់​ចុងក្រោយ​បែបនេះ​ថា​៖«​យើង​រស់នៅក្នុង​ភាពសុខសាន្ត​។ យើង ប្រឹង​ពង្រឹង​ស្ថាប័ន​ជាតិ និង​សេវា​ជូន​ប្រជាពលរដ្ឋ​។ ប្រទេស​យើង មានការ​ចូលរួម​ពី​មហាជន​។ ដូ​ច្នះ មាន​ប្រជាធិបតេយ្យ ឬ​មិនមាន យើង​មើលទៅ ដឹង​ហើយ​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ពុំទាន់​ឆ្លើយតប​នឹង​ការវាយតម្លៃ​របស់ Freedom House នោះទេ ប៉ុន្តែ​លោក បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា រដ្ឋាភិបាល ខិតខំ​បំពេញ​កាតព្វកិច្ច និង​អនុវត្ត​កម្មវិធី​នយោបាយ ឲ្យ​ក្លាយទៅជា​លទ្ធផល​ជាក់ស្តែង ដើម្បី​ជា​​ផល​ប្រ​យោ​ជ​ន៏​របស់​ប្រជាជន​។ លោក នៅតែ​អះអាង​ដូច​មុន​ថា លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សាង​កំហុស​ដោយ​ខ្លួនឯង ទើប​រង​នូវ​ចំណាត់ការ​ពី​តុលាការ​បែបនេះ។

​លោក សុខ ឥសាន ថ្លែង​ការពារ​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច​យ៉ាង​ដូច្នេះ​ថា​៖«​ការចាប់ខ្លួន កឹម សុខា និង​ការរំលាយ​គណបក្សប្រឆាំង គឺ​កើតឡើង​ដោយសារតែ​បានធ្វើខុសច្បាប់ដោយ​ខ្លួនឯង មិនមែន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កទេ​។ អ្នកខ្លះ​និយាយ​មួលបង្កាច់​បង្ខូចឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល គឺ​ផ្ទុយ​ពី​ការពិត​និង​ផ្លូវច្បាប់​ទាំងស្រុង​»​។

​ការវាយតម្លៃ​ពី​លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​របស់ Freedom House គឺធ្វើឡើង​តាមរយៈ​អត្ថបទ​មួយ ក្រោម​ចំណងជើង​ថា «​ប្រជាធិបតេយ្យ ស្ថិតក្នុង​វិបត្តិ​» ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ របស់ខ្លួន​។ តាម​ការវាយតម្លៃ​រប​ស់ Freedom House ប្រជាធិបតេយ្យ នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក បាន​ជួយ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ក្នុង​ឆ្នាំ​២០១៧​។ 

​អត្ថបទ​នោះ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២0១៧ សិទ្ធិ​នយោបាយ និង​សេរីភាព​របស់​ពលរដ្ឋ នៅ​ជុំវិញ​ពិភពលោក បាន​ធ្លាក់ចុះ​ទៅដល់​ចំណុច​ទាប​បំផុត ដែល​មិន​ដែលមាន​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​កន្លងមក​។ Freedom House បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​លទ្ធិប្រជាធិបតេយ្យ​កំពុងស្ថិត​នៅក្នុង​វិបត្តិ​។ ពិសេស​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ សេរីភាព​សារព័ត៌មាន និង​នីតិរដ្ឋ គឺ​ស្ថិតក្រោម​ការរំលោភបំពាន និង​ការធ្លាក់ចុះ​នៅ​ទូទាំង​ពិភពលោក​»៕


Tag:
 Freedom House
  កម្ពុជា​
  ផៃ ស៊ី​ផាន​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com