អន្តរជាតិ
UN ប្រកាស​រក​ជំនួយ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ក្រោយ​អាមេរិក​បន្ថយ​លុយ​
17, Jan 2018 , 11:19 pm        
រូបភាព
នៅ​ថ្ងៃទី​១៧ ខែមករា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​ផ្ដល់ជំនួយ​ដល់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន បាន​ប្រកូក​ប្រកាស​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ បន្ទាប់ពី​អាមេរិក​បាន​កាត់​ជំនួយ​លើស​៥០​ភាគរយ​។ អាមេរិក​អះអាងថា ការកាត់បន្ថយ​ជំនួយ​នេះ មិន​ជាប់​ពាក់ព័ន្ធ​រឿង​ប្ដូរ​ទីតាំង​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ តែ​អង្គការសហប្រជាជាតិ​លើកឡើងថា ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​រាប់លាន​នាក់​នឹងរង​ផង​ប៉ះពាល់​។



​នៅ​ថ្ងៃទី​១៦ ខែមករា អាមេរិក​បានប្រកាស​កា​ត់​បន្ថយ​ទឹកប្រាក់​ចំនួន​៦៥​លាន​ដុល្លារ​ពី​កញ្ចប់​ថវិកា​ចំនួន​១២៥​លាន​ដុល្លារ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​ការផ្ដល់​ជំនួយ​ដល់​ប៉ា​ឡេ​ស្ទី​ន (UNRWA) ។ អាមេរិក​រង​ការរិះគន់​ខ្លាំង​ពី​អន្តរជាតិ​ដោយសារ​រឿងនេះ​។ មួយថ្ងៃ​ក្រោយមក ទីភ្នាក់ងារ​នេះ ក៏​ប្រកាស​ចាប់ផ្ដើម​យុទ្ធនាការ​ស្វែងរក​មូល​និ​ធិ ដើម្បី​ផ្គត់ផ្គង់​ដំណើការ​ផ្ដល់ជំនួយ​រប​ស់​ខ្លួន​បន្តទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Sami Mshasha អ្នកនាំពាក្យ UNRWA និយាយថា ការសម្រេចចិត្ត​កាត់បន្ថយ​ជំនួយ​របស់​អាមេរិក គឺជា​រឿង​ដ៏​ភ្ញាក់ផ្អើល និង​ប៉ះពាល់​សិស្ស​ប៉ា​ឡេ​ស្ទី​ន​ច្រើនជាង​៥​សែន​នាក់ ព្រមទាំង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់លាន​នាក់​ផ្សេងទៀត​ដែល​រស់នៅ​រាយប៉ាយ​ទូទាំង​តំបន់​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ការផ្អាក​ជំនួយ​ច្រើនជាង​ពាក់កណ្ដាល​នេះ​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​។​

​ទោះជា​អាមេរិក​កាត់​ជំនួយ​ទឹកប្រាក់​លើស​ពាក់កណ្ដាល​ក្ដី ទីភ្នាក់ងារ UNWRA ប្ដេជ្ញាចិត្ត​បន្តការងារ​របស់ខ្លួន​ឲ្យ​អស់ពី​លទ្ធភាព​របស់ខ្លួន​។ លោក Mshasha បញ្ជាក់ថា UNWRA កំពុង​ជួប​បញ្ហា​ឱនភាព​ហិរញ្ញវត្ថុ តែ​កំពុង​ទាក់ទង​អ្នកផ្ដល់ជំនួយ​អន្តរជាតិ​ទាំងអស់​ដើម្បី​បន្ត​ដំណើការ និង​ការការពារ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​។

​សូមបញ្ជាក់ថា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ UNRWA នេះ ទទួលបន្ទុក​ផ្តល់​សេវា​សំខាន់ៗ​មាន​ទាំង​ជំនួយ​មនុស្សធម៌ ការអប់រំ សេវា​សង្គម និង សុខាភិបាល​ដល់​បណ្តាជ​ន​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ជាង​៥​លាន​នាក់​ដែល​រសនៅ​នៅ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដែល​អ៊ីស្រាអែល​កាន់កាប់​ដូចជា Gaza និង West Bank ក៏ដូចជា​នៅតាម​ជំរំ​ជនភៀសខ្លួន​នៅ​ហ្ស៊​កដា​នី ស៊ី​រី និង​លី​បង់​។ ទីភ្នាក់ងារ​មនុស្សធម៌​នេះ​ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ​១៩៤៩ មកម្ល៉េះ​។​

​ការ​កាត់​ជំនួយ​គាំទ្រ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​នេះ កើតឡើង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ គំរាម​ផ្តាច់ជំនួយ​ប៉ា​ឡេ​ស្ទី​ន ដែល​មិន​ព្រម​ចូល​តុ​ចរចា​ជាមួយ​អ៊ីស្រាអែល​។ ម្យ៉ាង​វា​ក៏​កើតឡើង​ក្រោយ​ពេលដែល​ប៉ា​ឡេ​ស្ទី​ន​សុំ​ជំនួយ​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថ្កោលទោស​អាមេរិក ដែល​ហ៊ាន​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​កន្លងមក​នោះ​។ អ៊ីស្រាអែល​គាំទ្រ​ជំហរ​អាមេរិក ហើយ​ថែមទាំង​ស្នើ​ឲ្យ​លុបចោល​ទីភ្នាក់ងារ​មួយ​នេះ​ទៅទៀត​៕


Tag:
 UN
  អាមេរិក​
  ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com