ជាតិ
សង្គមជាតិ
ក្រសួងព័ត៌មាន ប្រាប់ឲ្យវិទ្យុស្ត្រី FM ១០២ អនុវត្តតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវ
× ភ្នំពេញ៖ ក្រសួងព័ត៌មាន ព្រមានវិទ្យុស្ត្រី FM ១០២ MHz ឲ្យអនុវត្តតាមលក្ខខណ្ឌរបស់ក្រសួងឲ្យបានត្រឹមត្រូវ ។ ការព្រមានរបស់ក្រសួងព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីត្រួតពិនិត្យឃើញថា វិទ្យុស្ត្រី FM១០២ MHz បានជួលហ្វ្រេកង់ស៍ផ្សាយបន្តឲ្យទៅអ្នកដទៃ ដោយមិនសុំការអនុញ្ញាតពីក្រសួង។
ក្រសួងព័ត៌មាន បានរំឭកប្រាប់លោកស្រី ជា ស៊ុនដាណែត នាយិកាស្ថានីយ៍វិទ្យុស្ត្រី FM ១០២ MHz ថា ក្រសួងបានផ្ដល់ហ្វ្រេកង់ស៍វិទ្យុ FM ១០២ សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនតម្រូវឲ្យមានការជួលម៉ោងឲ្យអ្នកដទៃផ្សាយបន្តឡើយ។ ប៉ុន្តែចំណុចនេះក្រសួងព័ត៌មាន ពិនិត្យឃើញថា វិទ្យុ FM ១០២ បានអនុវត្តផ្ទុយពីលក្ខខណ្ឌរបស់ក្រសួង ។ ក្រសួងព័ត៌មាន ប្រាប់លោកស្រី ជា ស៊ុនដាណែត ឲ្យបញ្ឈប់ការជួលហ្វ្រេកង់ FM102 MHz របស់ខ្លួន នៅរាជធានីភ្នំពេញ និងហ្វ្រេកង់ស៍វិទ្យុផ្សាយបន្តនៅតាមខេត្តនានា ឲ្យទៅអ្នកដទៃដោយគ្មានការអនុញ្ញាតពីក្រសួង។
លិខិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានផ្ញើទៅនាយិកាស្ថានីយ៍វិទ្យុស្ត្រី FM ១០២ MHz បានសរសេរដូច្នេះថា៖«ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ប្រសិនបើលោកស្រីចង់ជួលអាជ្ញាប័ណ្ណហ្វ្រេកង់ស៍វិទ្យុ FM ១០២ MHz ជាបន្តទៀត សូមលោកស្រីបំពេញសំណុំបែបបទស្នើសុំការអនុញ្ញាតជួលហ្វ្រេកង់ស៍ពីក្រសួងព័ត៌មានជាមុនសិន។ ក្រសួងទុកពេលឲ្យពីរសប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឲ្យលោកស្រីបំពេញបែបបទស្នើសុំការអនុញ្ញាតជួលហ្វ្រេកង់ស៍វិទ្យុ FM ១០២ MHz»។
ប៉ុន្តែក្នុងករណីវិទ្យុ FM ១០២ MHz នៅតែអនុវត្តតាមក្រសួងព័ត៌មានទេនោះ ក្រសួងនឹងដកហូតប្រកាស ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវិទ្យុស្ត្រី FM102 MHz នេះវិញជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់តែម្តង៕
Tag:
ខៀវ កាញារីទ្ធ
ក្រសួងព័ត៌មាន
វិទ្យុស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com