ពីនេះ ពីនោះ
«​អ​»​នៅ​ខាងដើម តែង​បង្ហាញ​នូវ «​ការបដិសេធ​»
24, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​អ​»​ជា​ព្យញ្ជនៈ​ទី​៣៣ ចុងក្រោយ​គេ​បង្អស់ តែ​ពាក្យ​ដែល​ផ្តើម​ដោយ «​អ​»​តែង​មានន័យថា ជា​ពាក្យ​បដិសេធ​។ «​អ​»​ជា​និបាតសព្ទ សម្រាប់​ភ្ជាប់​ពី​ខាងដើម​នៃ​ពាក្យ​ដទៃ ដែលជា​ភាសា​សំ​ស្ត្រឹ​ត និង​បាលី​ដែលមាន​សេចក្តី​ថា មិនមែន​,​ពុំ​, ឥត​។​



​ពាក្យ​ដែលមាន «​អ​» នៅ​ខាងដើម​មានដូចជា​៖ អកតញ្ញូ​(​អ្នក​មិនដឹង​ឧបការគុណ​ដែល​គេ​បានធ្វើ​ហើយ​), អសុភ​(​ដែល​មិនល្អ​), អវិជ្ជា​(​សេចក្តី​ល្ងង់​), អគតិ​(​ពុំគួរ​ប្រព្រឹត្ត​), អយុត្តិធម៌​(​ការប្រព្រឹត្តទៅ​មិន​តាម​គន្លង​ធម៌ ឬ​ច្បាប់​), អសិរី​(​អ្នក​ឥត​បុណ្យ​), អកាល​(​ដែល​មិនគួរ​), អកុសល​(​សេចក្តី​អាក្រក់​), អកប្បិយ​(​មិនត្រូវ​ទំនង​), អកតវេទិតា​(​អ្នក​មិន​តបគុណ​), អគារវៈ​(​ការមិន​គោរព​), អគារវទោស​(​ការមិន​គោរព​), អគាធ​(​ដែល​ពុំ​អាច​ស្ទង់​បាន​), អគោចរ​(​ទី​ដែល​មិនគួរ​ទៅ​),​អឃោស​(​សូរសព្ទ​មិន​កងរំពង​),​អចលនៈ​(​ការមិន​កក្រើក​), អចិត្ត​(​ល្ងង់ខ្លៅ​), អចិន្តា​(​ការ​នឹក​មិនឃើញ​), អចេស្តា​(​ដំណើរ​ទន់ខ្សោយ​), អភ័ព្វ​(​ដែល​មិនគួរ​),  អមិត្ត​(​សត្រូវ​), អនិច្ច ឬ​អនិច្ចា​(​មិន​ទៀង​), អនិយម​(​មិន​ប្រាកដ​)​។​ល​។​
 
​បើ​និបាតសព្ទ «​អ​» ភ្ជាប់​ជាមួយ​ស្រៈ​នៅ​ខាងដើម ត្រូវ​ផ្លាស់​ពី ន ឬ​អ ជា​អន ឬ​អនន្ត​(​ទីបំផុត​), អនាគត​(​ដែល​មិនទាន់​មកដល់​), អនេក​(​ដែល​មិនមែន​តែមួយ​)​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com