ជាតិ
គុយបា គាំទ្រជំហកម្ពុជា ដែលទប់ស្កាត់ការផ្លាស់ប្ដូររបបថ្មី ពីសំណាក់បរទេស
× ភ្នំពេញ៖ គុយបា គាំទ្រជំហរដ្ឋាភិបាលកម្ពុជា ដែលទប់ស្កាត់រាល់សកម្មភាពនានា របស់បរទេសក្នុងគោលបំណងលូកដៃចូលកិច្ចការផ្ទៃក្នុង ។ គុយបា ចាត់ទុកការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជារឿងត្រឹមត្រូវ ក្នុងការការពារអធិបតេយ្យភាព និងឯករាជ្យភាពខ្លួន។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួបជាមួយលោក Juan Carlos Marsán Aguilera អនុប្រធានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសគុយបា នៅទីស្តីការក្រសួង នៅថ្ងៃទី១៧ មករានេះ។
ក្នុងជំនួបទ្វេភាគីលោក Juan Carlos Marsán Aguilera បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងចំណងការទូត និងទំនាក់ទំនងលើឆាកអន្តរជាតិ។ បន្ថែមពីនេះលោក Marsán Aguilera ក៏គាំទ្រចំពោះសកម្មភាពរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ភាពអសកម្មក្នុងប្រទេស ដែលសង្ស័យជាអំពើបដិវត្តកន្លងមកផងដែរ។ «គុយបាតែងតែគោរនូវសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា នៅក្នុងការទប់ស្កាត់ ការផ្លាស់ប្តូររបបតាមរយៈការលូកដៃពីប្រទេសដទៃ»។ នេះជាការសម្ដីរបស់អនុប្រធានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសគុយបា ដែលអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ជុំ សន្ទរី ស្រង់មកប្រាប់អ្នកសារព័ត៌មាន។
ក្រៅពីនេះ គុយបា ក៏បានរំឮកពីគុណសម្បត្តិកម្ពុជា ដែលបានបោះឆ្នោតគាំទ្រដល់មហាសន្និបាតអង្គការសហប្រជាជាតិ(UN) ស្ដីអំពី«ភាពចាំបាច់ក្នុងការបញ្ចប់នូវការហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើគុយបា»ផងដែរ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាលើគម្រោងបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិកម្ពុជា-គុយបា ដើម្បីចែករំលែកបទពិសោធការទូតគ្នាទៅវិញទៅមកផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ចង់ឃើញដំណើរការប្រក្រតីឡើងវិញ នៃទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមរិក ។ នេះបើតាមលោក ជុំ សន្ទរី។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងគុយបា បានចាប់ផ្ដើមឡើងនៅថ្ងៃ ១៥ ខែមេសា ឆ្នាំ១៩៦០៕
Tag:
ប្រាក់ សុខុន
គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com