កីឡាអន្តរជាតិ
អន្តរជាតិ
Walcott ផ្លាស់​ទៅ Everton ក្រោយ​រួមរស់​ជាមួយ Arsenal ១២​ឆ្នាំ​
18, Jan 2018 , 11:07 am        
រូបភាព
Theo Walcott បានបញ្ចប់​ការផ្ទេរ​រួចរាល់​ហើយ​ដើម្បី​ចាក​ចេញពី Arsenal ទៅ​ចួ​ល​រួមជាមួយ Everton ក្នុងតម្លៃ​ខ្លួន ២០​លាន​ផោន ប្រមាណ ២៧​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំកន្លះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់ Everton​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡា​ករទី ២ របស់លោក Sam Allardyce សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​២​ក្នុង​ខែមករា​នេះ បន្ទាប់ពី​នាំយក​ខ្សែប្រយុទ្ធ Cenk Tosun ពី Besiktas ក្នុងតម្លៃ ២៧​លាន​ផោន ប្រហែល ៣៨​លាន​ដុល្លារ​កាលពី​ដើមខែ​។​



Walcott បាន​ចាក​ចេញពី Southampton ទៅ​រួមរស់​ជាមួយ​ក្រុម​កាំភ្លើង​ធំ​អស់​រយៈពេល ១២​រដូវ​កាល​មកហើយ ដោយ​បង្ហាញខ្លួន​បាន ៣៩៧​ប្រកួត និង​ស៊ុត​បញ្ចូល​ទី ១០៨​គ្រាប់​។​
«​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ដល់ពេល​ហើយ​សម្រាប់​ខ្ញុំ​ដើម្បី​ផ្លាស់​ចេញពី Arsenal»​។ Walcott លើកឡើង​ដូច្នេះ ហើយ​បន្ថែមទៀតថា​៖«​វា​ជាការ​សោកស្តាយ​មួយ​ដែរ ប៉ុន្តែ​វា​គួរ​ឲ្យ​រំភើប​ដែរ​នៅពេលនេះ ហើយ​ខ្ញុំ​ចង់​បន្ត​អាជីព​របស់ខ្ញុំ និង​ជំរុញ Everton ឈ្នះ​ពានរង្វាន់​ដូចដែល​ពួកគេ​ធ្លាប់​ធ្វើបាន​ពីមុនមក​»​។​



​យ៉ាងណា​ជុំវិញ​ការចាកចេញ​នេះ អ្នកចាត់ការ Arsenal លោក Arsene Wenger ក៏មាន​ការសោកស្តាយ​ដែរ​ប៉ុន្តែ​លោក​មិនដឹង​ត្រូវធ្វើ​អ្វី​បាន​នោះទេ ខណៈ Walcott ចង់បាន​កៅអី​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ ដោយ​សម្រេច​ទៅ​ចូលរួម​ជាមួយ Everton តែម្តង​៕


Tag:
 បាល់ទាត់​
  Everton
  Theo Walcott
  Arsenal
  ទិញដូរ​កីឡាករ​
© រក្សាសិទ្ធិដោយ thmeythmey.com