អន្តរជាតិ
ត្រាំ ពិចារណា​ដាក់ពិន័យ​ចិន​រឿង​លួច​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អាមេរិក​
18, Jan 2018 , 11:21 am        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែមករា បាន​និយាយថា អាមេរិក​កំពុង​ពិចារណា​ដាក់ពិន័យ​ដ៏​ធំ​មួយ​លើ​ចិន​ជុំវិញ​ការចោទប្រកាន់ថា ចិន​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​ពី​ក្រុមហ៊ុន​អាមេរិក​។ យ៉ាងណាមិញ លោក ត្រាំ មិនបាន​បញ្ជាក់ថា ពិន័យ​នោះ​ធំ​ប៉ុណ្ណា​ឡើយ​។ ច្បាស់​ណាស់​ថា វា​ជា​វិធានការ​សងសឹក​ប្រឆាំង​ចិន​ដែល​លោក ត្រាំ ផ្ទាល់​តែង​រិះគន់​រឿង​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ដែល​ងាក​ខ្លាំងពេក​ទៅរក​ចិន​នោះ​។​



​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន ក្រៅតែពី​ឱនភាព​តុល្យភាព​ពាណិជ្ជកម្ម​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ទីប្រឹក្សា​សេដ្ឋកិច្ច Gary Cohn ចោទ​ចិន​ចំៗ​ថា បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​របស់ខ្លួន ជា​ថ្នូរ​នឹង​ការរកស៊ី​នៅលើ​ទឹកដី​ចិន​។ ចិន​ក៏​ប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក​ក្នុងការ​អភិវឌ្ឍ​ផលិតផល​របស់ខ្លួន​វិញ​។​

​តាមពិតទៅ អាមេរិក​ក៏បាន​បើក​ស៊ើបអង្កេត​លើ​ករណីនេះ​យូរ​មកហើយ​ដែរ ហើយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នឹង​រាយការណ៍​ពី​លទ្ធផល​ក្នុងពេល​ឆាប់ៗ​នេះដែរ​។ ជុំវិញ​ការឆ្លើយតប លោក ត្រាំ និយាយថា អាមេរិក​នឹងដាក់​ពិន័យ​ដ៏​ធំ​លើ​ចិន ហើយ​អាច​នឹង​លេចចេញ​រូបរាង​ក្នង​ពេល​ខ្លី​ខាងមុខ​។ បើតាម​សម្ដី​ប្រធានាធិបតី​អាមេរិក​រូបនេះ ចិន​នឹង​ទទួលបាន​ការឆ្លើយតប​ដ៏​ធំ​មួយ ហើយ​ធំ​ដែល​គេ​មិនអាច​គិតស្មាន​ដល់​។​

​យ៉ាងណាក្ដី លោក ត្រាំ មិន​បញ្ជាក់​ពី​ទំហំ​នៃ​ការដាក់ពិន័យ​នេះឡើយ​។ បើតាម​ច្បាប់ពាណិជ្ជកម្ម​អាមេរិក​ឆ្នាំ​១៩៧៤ លោក ត្រាំ អាច​ចាត់វិធានការ​ផ្សេងៗ​ឆ្លើយតប​វិញ​ដូចជា​ការដាក់​ពន្ធ​លើ​ទំនិញ​ចិន ឬក៏​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម រហូតដល់​ចិន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន​វិញ​។ ក្រៅពីនេះ លោក​ប្រធានាធិបតី​អាមេរិក​ក៏​នឹង​ប្រកាស​ពី​វិធានការ​ប្រឆាំង​ចិន និង​ពិភាក្សា​ពី​បញ្ហា​នេះ​ថែមទៀត ពេល​លោក​ចូល​ថ្លែង​នៅ​សភា​នៅ​ថ្ងៃទី​៣០ ខែមករា​ខាងមុខ​។​

​ក្រុមហ៊ុន​អាមេរិក​បាន​ត្អូញត្អែរ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​កេងចំណេញ​របស់​ចិន​។ ក្រុមហ៊ុន​អាមេរិក​ដែល​រកស៊ី​នៅ​ចិន​បាន​អះអាងថា ពួកគេ​បាន​ខាតបង់​ទឹកប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​លើ​ផ្នែក​បច្ចេកវិទ្យា និង​ការងារ​ជាច្រើន​លាន​កន្លែង​ធ្លាក់​ទៅក្នុង​ដៃ​ក្រុមហ៊ុន​ចិន ដែល​លួច​បច្ចេកវិទ្យា និង​សូ​ហ្វ​វែ​រ​ពី​ពួកគេ ឬក៏​បង្ខំ​ឲ្យ​ពួកគេ​ផ្ទេរកម្មសិទ្ធិ​បញ្ញា​ជាដើម​។

​ការ​គំរាម​ចាត់វិធានការ​របស់រ​ដ្ឋ​បាល​លោក ត្រាំ បង្ក​ជាការ​បារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង នឹង​ផ្ទុះឡើង​ដោយ​ចៀស​មិន​ផុត​។ ប៉ុន្តែ​លោក ត្រាំ បញ្ជាក់ដែរថា លោក​មិន​ចង់ឃើញ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ឡើយ តែបើ​កើត​មែន ក៏​កើ​តទៅ​ចុះ​។ ឯ​ក្រុង​ប៉េកាំង​វិញ​ក៏​តែង​ប្រាប់​ឲ្យ​អាមេរិក​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​ដែរ ព្រោះ​អាមេរិក​បាន​រឹតត្បិត​ការរកស៊ី​របស់​ក្រុមហ៊ុន​ចិន​នៅ​អាមេរិក​ដែរ​៕


Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com