កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez ទទួលបាន​៦២​ម៉ឺន​ដុល្លារ​មួយអាទិត្យ បើ​ចូលរួម​ជាមួយ Man Utd
18, Jan 2018 , 9:19 pm        
រូបភាព
Manchester United នឹងធ្វើ​ឲ្យ Alexis Sanchez ក្លាយជា​អ្នករក​ចំណូល​ខ្ពស់​ជាងគេ​បំផុត​សម្រាប់​ក្លិប និង​ច្រើនជាង​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ក្របខណ្ឌ Premier League ជាមួយ​ថ្លៃ​ពលកម្ម ៤៥​ម៉ឺន​ផោន ប្រមាណ​៦២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ប្រសិនបើ​រូបគេ​យល់ព្រម​ចេញពី Arsenal មកកាន់​ទឹកដី Old Trafford​។​



Arsenal និង Manchester United កំពុងតែ​ចរចា​លើ​តម្លៃ​ផ្ទេរ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី វ័យ​២៩​ឆ្នាំ​ក្នុងតម្លៃ​ខ្លួន ២០​លាន​ផោន ប្រហែល​ជាង ២៧​លាន​ដុល្លារ​។ ប្រសិនបើ​ការផ្ទេរ​ជោគជ័យ ក្លិប​រហស្សនាម​បិសាច​ក្រហម​នឹងត្រូវ​ចំណាយ ១៥​លាន​ផោន ប្រមាណ​២០​លាន​ដុល្លារ​ថែមទៀត​ទៅ​ឲ្យ​ភ្នាក់ងារ​របស់ Sanchez គឺ​លោក Fernando Felicevich​។​

​សម្រាប់​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​របស់​អតីត​សមាជិក Barcelona ជាមួយ Manchester United បាន​ធ្វើឡើង​រួចរាល់​ហើយដោយ​យល់ព្រម​ផ្តល់ប្រាក់​បៀវត្ស​ប្រចាំ​សប្តាហ៍​៦២​ម៉ឺន​ដុល្លារ និង​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំកន្លះ​។ ថ្លៃ​ពលកម្ម​ដ៏​ច្រើនសន្ធឹក​នេះ នឹងធ្វើ​ឲ្យ Sanchez ក្លាយជា​កីឡាករ​មាន​ប្រាក់​អាទិត្យ​លើសគេ​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស និង​ច្រើនជាង​ថ្លៃឈ្នួល​របស់ Harry Kane ខ្សែប្រយុទ្ធ Tottenham Hotspur ដល់​ទៅ​៤​ដង​។​

​សរុបទៅ​ប្រាក់​ឈ្នួល​ដែល Sanchez ទទួលបាន​ពី​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស ២០​សម័យ បើ​គិត​ក្រោយពី​បង់ពន្ធ​រួច​គឺ​នៅសល់​១​លាន​ផោន ប្រហែល ១.៣៨​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​៕



Tag:
 បាល់ទាត់​
  Manchester United
  Alexis Sanchez
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com