ជាតិ
អាជ្ញាធរ​រឹបអូស​ស្ករត្នោត​មាន​សារធាតុ​គីមី​ជិត ៤០​តោន នៅ​ច្បារអំពៅ​
18, Jan 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ករត្នោត​ជិត​៤០​តោន ត្រូវបាន​សមត្ថកិច្ច​រឹប​អូស ពី​សិប្បកម្ម​កែច្នៃ​ស្ករត្នោត​មួយកន្លែង នៅក្នុង​ភូមិ​ម៉ាក់​គ្លឿ សង្កាត់​ច្បារអំពៅ​១ ភ្នំពេញ កាលពី​ថ្ងៃទី ១៧ មករា ។ សិប្បកម្ម​កែច្នៃ​ស្ករត្នោត ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​នេះ គ្មាន​ការអនុញ្ញាត​តាម​បទដ្ឋាន​គតិយុត្តិ​ឡើយ​។​



​អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ក្រុងភ្នំពេញ​លោក គង់ វុទ្ធី បាន​និយាយថា ស្ករត្នោត​ជិត​៤០​តោន​នេះ មាន​លាយ​ជាមួយ​សា​ធាតុគីមី​ម្យ៉ាង ដែលមាន​ឈ្មោះថា​«​ហ្វូ​និ​ច​» ដែល​អាច​រក្សាទុក​ស្ក​ត្នោត​ឲ្យ​បានយូរ និង​មាន​ពណ៌​«​ស​»​ជាប្រចាំ​។ ក្រោយពី​រឹបអូស​ស្ករត្នោត​ទាំងនេះ សមត្ថកិច្ច​ក៏​បញ្ជា​ឲ្យ​បិទ​ទីតាំង​សិប្បកម្ម​នេះដែរ បន្ទាប់ពី​ពិនិត្យឃើញថា សិប្បកម្ម​កែច្នៃ​ស្ករ​មួយ​នេះ គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ស្រង់​សម្តី​លោក គង់ វុទ្ធី យ៉ាង​ដូច្នេះ​ថា​៖« សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ឆែកឆេរ សិប្បកម្ម​កែច្នៃ​ស្ករត្នោត​នោះ ហើយ​បានសម្រេច​ឃាត់ទុក និង​មិន​ឲ្យ​បើក​អាជីវកម្ម​បន្ត​នូវ​ស្ករត្នោត​ជិត​៤០​តោន ទាំង​កែច្នៃ​រួច និង​មិនទាន់​កែច្នៃ​។ ក្រោយ​ពិនិត្យ​បឋម​ឃើញថា មាន​លាយ​នូវ​សារធាតុ​ហ្វូ​និ​ច​ជា​គីមី​។ ចំពោះ​ម្ចាស់ សិប្បកម្ម​កែច្នៃ​ស្ករត្នោត ត្រូវបាន​នាំទៅ​នាយកដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​»​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បានរួម​មាន សំបកបាវ​១៤៥ ថង់​ស្ករ​រាវ​៣០ ស្ករ​៣៥​បាវ ស្មើនឹង​២៦៥០​គីឡូក្រាម ហើយ​និង​ស្ករត្នោត​កែច្នៃ​រួច និង​មិ​ទាន់​រួច ៣៨​តោន​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕


Tag:
 ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com