ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហេង សំរិន ប្រាប់​ឲ្យ​សមាជិក​បក្ស​ពង្រឹង​ការងារ​ជួយ​ពលរដ្ឋ ដើម្បី​សន្សំ​ពិន្ទុ​សម្រាប់​អាណត្តិ​ថ្មី​
19, Jan 2018 , 12:17 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស​ប្រជាជន​កម្ពុជា
សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស​ប្រជាជន​កម្ពុជា
​ភ្នំពេញ​៖ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហេង សំរិន បាន​ប្រាប់​ឲ្យ​សមាជិក​បក្ស ពង្រឹង​ការងារ​ចុះជួយ​ពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាមុន ដើម្បី​សន្សំ​ពិន្ទុ​ពី​ម្ចាស់ឆ្នោត សម្រាប់​ដំណើរការ​ឆ្ពោះទៅរក​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត អាណត្តិ​ទី​៦ ខាងមុខនេះ​។ គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​មហាសន្និបាត​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ ហើយនឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ។​


 
​ថ្លែង​ចំពោះមុខ​សមាជិក​បក្ស​ជាង​២​ពាន់​នាក់ ដែល​ចូលរួម​ក្នុង​មហាសន្និបាត​វិសាមញ្ញ​នេះ សម្ដេច ហេង សំរិន បាន​រំ​ឮ​ក​ឲ្យ​សមាជិក​បក្ស យកចិត្តទុកដាក់​លើ​គុណភាព​ការងារ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បន្ថែមទៀត សម្រាប់​ភារកិច្ច​ចំពោះមុខ នៃ​ឆ្នាំ​ចុងក្រោយ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​រដ្ឋសភា និង​រដ្ឋាភិបាល នៃ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣-២០១៨​នេះ​។ ក្នុងន័យនេះ​សម្ដេច ហេង សំរិន ជំរុញ​ឲ្យ​សមា​ជិប​ក្ស​ទាំងអស់ រួមគ្នា​បំពេញ​រាល់​កិច្ចការងារ​ឲ្យ​បានល្អ សម្រាប់​ដំណើរ​ទៅរក​ភាពជោគជ័យ​ជាថ្មី​ម្ដងទៀត ទាំង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ថ្ងៃទី​២៥ កុម្ភៈ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​នេះ​។​


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជាថ្លែងទៅកាន់សមាជិកសន្និបាត
​ក្នុង​សន្ទរកថា​បើក​មហាសន្និបាត​វិសាមញ្ញ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​បទពិសោធន៍​បង្ហាញថា ដើម្បី​ឈានទៅ​ឈ្នះឆ្នោត​បាន ត្រូវ​មានការ​សន្សំ​ពិន្ទុ​ពី​ម្ចាស់ឆ្នោត​គ្រប់ពេលវេលា​តាមរយៈ​គុណភាព​ការងារ និង​អំពើ​ល្អ​របស់​មន្ត្រី​យើង ។ ព្រម​ជាមួយគ្នានេះ​គណបក្ស​យើង​ក៏ត្រូវ​តែមាន​កម្មវិធី​នយោបាយ​មួយ​ដែល​សុ​ក្រឹត្យ​បំផុត ដើម្បី​បង្ហាញ​ម្ចាស់ឆ្នោត​ឲ្យ​មានសង្ឃឹម​សម្រាប់​អនាគត ហើយ​សម្រេចចិត្ត​គាំទ្រ​គណបក្ស​យើង​»​។​




​ក្នុង​មហាសន្និបាត​វិសាមញ្ញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ចេញ​សេចក្តីព្រាង​កម្មវិធី​នយោបាយ​សម្រាប់​ទិសដៅ​កសាង​ប្រទេស និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨ -២០២៣ ផងដែរ​។



មហាសន្និបាត បាន​លើកយក​របៀបវារៈ​សំខាន់​ចំនួន​៣ ដែល​តម្រូវ​ឲ្យ​សមាជិក​បក្ស​សម្រេច​ឲ្យ​បាន តាម​សំណូមពរ​ភារកិច្ច​នយោបាយ​របស់​គណបក្ស​ក្នុងដំណាក់កាល​ថ្មី​នេះ ដោយ​ក្នុងនោះ​រួមមាន​៖ ទី​១ ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​។​ ​ទី​២ ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៨-២០២៣ និង​ទី​៣ បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​មួយចំនួន​។​
 


អង្គការ​មហាជន​រប​ស់​គណបក្ស​ប្រជាជន ដែល​ចូលរួម​មហាសន្និបាត​វិសាមញ្ញ​នៅ​ព្រឹក​នេះ មាន​ចំនួន​សរុប ២៤០៨​នាក់ ដោយ​ក្នុងនោះ​មាន​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្ដាល​បក្ស​៤៩៧​នាក់ លើ​រចនាសម្ព័ន្ធ​រួម ៥៤៩​នាក់ ចូលរួម​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​មហាសន្និបាត​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ ហើយនឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ៕
 

Tag:
 សម្តេច ហេង សំរិន​
  សម្តេច ហ៊ុន សែន​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com